Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ ពាក្យសម្តីពីរោះៗ ៧ប្រយោគ ដែលឪពុកម្តាយគួរប្រាប់កូនសម្លាញ់រាល់ថ្ងៃ

បើលោកឪពុក-អ្នកម្តាយគិតថា ត្រឹមតែទង្វើដែលបង្ហាញថា ស្រឡាញ់កូនដោយមិនចាំបាច់ប្រាប់ ឬមិនចាំបាច់និយាយអ្វីច្រើនរាល់ថ្ងៃ គឺជារឿងល្អ និងគ្រប់គ្រាន់ហើយនោះ សូមប្រាប់ទៅចុះថា លោកអ្នកកំពុងតែគិតខុសហើយ ព្រោះជួនកាលទង្វើ ដែលបង្ហាញពីសេចក្តីស្រឡាញ់ បើគ្មានពាក្យសម្តីអមជាមួយទេនោះ កូនរបស់អ្នកអាចគ្មានផ្លូវដឹងបានពិតប្រាកដឡើយថា ប៉ាម៉ាក់កំពុងស្រឡាញ់គេប៉ុនណា។ ដូច្នេះ ថ្ងៃនេះយើងសូមណែនាំថា លោកឪពុក-អ្នកម្តាយ គួរតែចាប់ផ្តើមប្រើពាក្យសម្តីពិរោះៗ ៧ប្រយោគតទៅនេះ ប្រាប់ទៅកូនសម្លាញ់របស់អ្នកឱ្យបានរៀងរាល់ថ្ងៃ ធានាថា វានឹងជួយភ្ជាប់សម្ព័ន្ធភាពឪពុក ម្តាយ និងកូនបានកាន់តែល្អឡើងយ៉ាងពិតប្រាកដ និងថែមទាំងជាការបង្ហាត់បង្រៀនកូនសម្រាប់ពេលអនាគតទៀតផង។

១-ប៉ាម៉ាក់ស្រឡាញ់កូនណា៎
ក្មេងគ្រប់រូបត្រូវការសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងមានអារម្មណ៍ថា គេមានសុវត្ថិភាពពេលនៅជាមួយឪពុកម្តាយរបស់ពួកគេ។ ការនិយាយពាក្យថា ស្រឡាញ់កូន ឱ្យកូនបានឮរៀងរាល់ថ្ងៃនេះហើយ ជាវិធីដែលងាយបំផុត ក្នុងការធ្វើឱ្យកូនមានអារម្មណ៍ថា បានទទួលសេចក្តីស្រឡាញ់ ព្រោះទោះជាអ្នកធ្វើអ្វីគ្រប់យ៉ាងដល់គេដោយក្តីស្រឡាញ់ក្ដី តែបើគ្មានពាក្យនេះចេញពីមាត់ទេនោះ ជឿចុះថា ការទទួលដឹងចំពោះរឿងនេះ វានឹងមានន័យខុសគ្នាយ៉ាងពិតប្រាកដ។

២-កូនធ្វើឱ្យប៉ា និងម៉ាក់មានសេចក្តីសុខណាស់
សម្រាប់មនុស្សដែលជាឪពុកម្តាយ កូនគឺសេចក្តីសុខ និងសេចក្តីស្រឡាញ់ដែលគ្មាននរណាមកប្រៀបផ្ទឹមបាន ដូច្នេះបើមានអារម្មណ៍បែបហ្នឹងហើយ ចូរកុំរវល់តែអៀនប្រៀន ឬរង់ចាំពេលវេលាក្នុងការប្រាប់នោះ ព្រោះមិនប្រាកដដែរថា ជួនកាលវាអាចនឹងជ្រុល ឬហួសពេលទៅហើយ ក៏អាចថាបានដែរ។ ដូច្នេះគួរនិយាយប្រាប់ពីអារម្មណ៍ល្អៗ ឱ្យកូនបានដឹងនៅថ្ងៃនេះ និងរាល់ៗថ្ងៃ ប្រសើរជាង។

៣-ប៉ា និងម៉ាក់ដឹងថា កូនច្បាស់ជាធ្វើបាន
ជាធម្មតា ពេលដែលកូនធំធាត់ឡើង និងបានរៀនយល់ដឹងពីរឿងថ្មីៗរៀងរាល់ថ្ងៃ ញឹកញាប់ណាស់ដែលពួកគេមានអារម្មណ៍ស្ទាក់ស្ទើរ ឬខ្លាចក្នុងការសាកល្បងធ្វើអ្វីថ្មីៗ ដូច្នេះលោកឪពុក-អ្នកម្តាយគួរនិយាយជារៀងរាល់ថ្ងៃថា ប៉ុនៗហ្នឹង កូនច្បាស់ជាអាចធ្វើបាន! ដើម្បីជាការសាងភាពជឿជាក់ និងផ្តល់នូវអារម្មណ៍សប្បាយចិត្ត ពេលដឹងថា លោកអ្នកជឿជាក់លើរូបគេ។

៤-ប៉ា និងម៉ាក់ អត់ទោសឱ្យកូន
វាត្រូវតែមានថ្ងៃណាមួយមិនខាន ដែលកូនរបស់អ្នកបានធ្វើអ្វីមួយខុស ដោយសារតែភាពមិនដឹងក្ដីរបស់គេ តែជំនួសឱ្យការស្តីបន្ទោស ឬដាក់ទោសពួកគេ ព្រោះក្តីខឹងសម្បាដោយមិនបានតាំងចិត្តនោះ សូមសាកល្បងប្តូរមកជាការបង្រៀនគេតាមសម្រួល ដោយពាក្យថា អត់ទោសឱ្យ វានឹងប្រសើរជាង។ វិធីនេះ ក៏ជាការបង្រៀនឱ្យក្មេងស្គាល់ពីការអត់ទោសផងដែរ និងថែមទាំងជាការបង្ហាញឱ្យឃើញថា លោកអ្នកស្រឡាញ់គេខ្លាំងប៉ុនណាទៀតផង។

៥-ប៉ា និងម៉ាក់សុំទោស ណា៎កូនណា៎
សូមជឿចុះថា មានលោកឪពុក-អ្នកម្តាយជាច្រើន អៀនខ្មាស់ក្នុងការនិយាយពាក្យនេះចេញមក តែសូមប្រាប់ទៅចុះថា នៅពេលណាដែលលោកឪពុកអ្នកម្តាយធ្វើខុសទៅលើកូន មិនថាតិច ឬច្រើនក៏ដោយ គួរតែពោលពាក្យថា “សុំទោស” ឱ្យកូនបានឮ ហើយពាក្យនេះអាចរាប់បានថា ជាការបង្ហាត់កូន ឱ្យស្គាល់ពីការសុំទោសអ្នកដទៃ ពេលដែលខ្លួនឯងធ្វើខុសផងដែរ។

៦-ប៉ា និងម៉ាក់នៅចាំស្តាប់កូនជានិច្ច
គ្មានអ្នកណាម្នាក់ ដែលកូនចង់និយាយ ចង់ប្រាប់គ្រប់រឿងរ៉ាវខ្លាំងជាងឪពុក និងម្តាយរបស់គេឡើយ ដូច្នេះបើលោកអ្នកមិនដែលទទួលស្តាប់កូនម្ដងណាសោះនោះ តទៅថ្ងៃមុខ ពេលមានរឿងអ្វី គេប្រហែលជាមិនហ៊ានប្រាប់លោកអ្នកឡើយ។ ដូច្នេះគួរតែប្រាប់ឱ្យកូនបានដឹងរាល់ថ្ងៃថា លោកអ្នកត្រៀមខ្លួនជាស្រេច ក្នុងការនៅចាំទទួលស្តាប់ពីគេជានិច្ច និងចាំស្តាប់គ្រប់ៗរឿងទៀតផង។ ត្រឹមតែប៉ុណ្ណឹង គេក៏សប្បាយចិត្តក្នុងការនិយាយប្រាប់គ្រប់រឿងរ៉ាវ ឱ្យអ្នកបានដឹងបាត់ទៅហើយ។

៧-ប៉ា និងម៉ាក់ មានមោទនភាពលើរូបកូនណាស់
ពេលដែលកូនធ្វើអ្វីល្អៗ ដែលធ្វើឱ្យអ្នកមានអារម្មណ៍រំភើបចិត្តនោះ ចូរកុំធ្វើព្រងើយ តែគួរប្រាប់គេផងថា តើលោកអ្នកមានមោទនភាពលើរូបគេខ្លាំងប៉ុនណា។ ជឿចុះថា ត្រឹមតែពាក្យសម្តីងាយៗ ១ម៉ាត់នេះ នឹងសាងកម្លាំងចិត្តដល់កូន ឱ្យធ្វើតែរឿងល្អៗយ៉ាងមិននឹកស្មានដល់ទៀតមិនខាន។

ឃើញទេថា ត្រឹមតែនិយាយពាក្យ ៧ប្រយោគងាយៗទាំងនេះ វានឹងជួយសាងកម្លាំងរុញច្រានឱ្យកើតរឿងល្អៗឡើងបានច្រើនមិនខាន ដូច្នេះចូរកុំខ្មាស់អៀនក្នុងការនិយាយប្រាប់កូនឱ្យបានរៀងរាល់ថ្ងៃណា៎៕

An African-American man in his 30s with a serious expression on his face, talking to his 7 year old son on a playground. They are face to face, and he is holding his hands. The boy may have been naughty and is being disciplined.
side view of african american mother talking with her daughter indoors
Indian parents helping children with their homework at home. Middle eastern father and african mother helping daughters studying at home. Little girls completing their exercises with the help of dad and mom, homeschooling concept.
×