ក្នុងពេលបច្ចុប្បន្ននេះ ស្ថិតិការលែងលះ បានកើនឡើងយ៉ាងខ្លាំង ដោយសារតែការរស់នៅ និងដំណើរជីវិតរបស់មនុស្សម្នាក់ៗ ខុសប្លែកពីគ្នា និងមិនដែលនឹកគិតក្នុងការសម្របសម្រួលខ្លួន ដើម្បីឱ្យចុះសម្រុងនឹងគ្នាបានហ្នឹងឯង។ ដូច្នេះថ្ងៃនេះ យើងសាកល្បងនាំគ្នាមកដឹង ពីគោលការណ៍សំខាន់ៗ ដែលអ្នកគួរតែប្រតិបត្តិជាមួយមនុស្សក្នុងក្រុមគ្រួសារ ដើម្បីក្រុមគ្រួសារមានសេចក្តីសុខសុភមង្គល ស្ថិតស្ថេរ និងរឹងមាំយ៉ាងពិតប្រាកដ។
-មើលថែទាំគ្នាទៅវិញទៅមក
គឺជារឿងដែលយើងមិនអាចព្រងើយកន្តើយបានឡើយ ព្រោះដោយសារតែការមើលថែទាំ យកចិត្តទុកដាក់មនុស្សដែលយើងស្រឡាញ់ និងគ្រប់គ្នាក្នុងក្រុមគ្រួសារ ជាកត្តាមូលដ្ឋាន ដែលធ្វើក្រុមគ្រួសាររបស់យើងមានអារម្មណ៍កក់ក្តៅខ្លាំងឡើង ហើយលទ្ធផលពីការមើលថែទាំមនុស្សក្នុងក្រុមគ្រួសារយ៉ាងល្អល្អះនេះ នឹងធ្វើឱ្យជីវិតស្នេហារបស់អ្នក ល្អរលូន និងគ្មានបញ្ហាយ៉ាងពិតប្រាកដ។
-ជួយគ្នាធ្វើការរកស៊ី
ក្នុងសភាវសេដ្ឋកិច្ចតឹងតែងបែបនេះ រឿងដែលអ្នកគួរធ្វើ គឺជួយគ្នាសន្សំសំចៃ និងរកប្រាក់ចំណូលបន្ថែម ដើម្បីសាងគ្រោងគ្រឹះខាងឋានៈហិរញ្ញវត្ថុដល់គ្រួសាររបស់យើង ព្រោះយ៉ាងណា ក៏ប្រាក់គឺជាបច្ច័យសំខាន់ក្នុងការរស់នៅ និងការដំណើរការជីវិតរបស់មនុស្សគ្រប់រូបដែរ។ បើអ្នកនៅតែចាយវាយបែបខ្ជះខ្ជាយ ប្រាកដណាស់ថា វានឹងមិនមានផលល្អចំពោះខ្លួនអ្នក និងក្រុមគ្រួសារយ៉ាងពិតប្រាកដ។
-យកចិត្តគេ មកដាក់ចិត្កយើង
បើកឱកាសឱ្យមនុស្សគ្រប់រូបក្នុងគ្រួសាររបស់អ្នកបានរិះគិត និងបញ្ចេញគំនិតយោបល់ ព្រមទាំងដោះដូរគំនិតគ្នាទៅវិញទៅមកជាប់ជានិច្ច។ អ្នកមិនគួរធ្វើខ្លួន ជាអ្នកបញ្ជាលើគ្រប់ជីវិតរបស់សមាជិកគ្រប់រូបក្នុងក្រុមគ្រួសារនោះទេ តែគួរប្តូរមកជាការបើកឱកាសដល់គ្នាទៅវិញទៅមកវិញ។ ត្រឹមតែប៉ុណ្ណឹង មនុស្សគ្រប់រូបនៅក្នុងផ្ទះ ក៏នឹងមានសេចក្តីសុខណាស់ទៅហើយ។
-ជនទី៣
បើអ្នកធ្វើបានតាមចំណុចទាំង ៣ខាងលើ ដូចដែលបានរៀបរាប់មកហើយនោះ បញ្ហារឿងជនទី៣ ច្បាស់ជាពិបាកនឹងកើតឡើងណាស់ តែ យើងក៏នៅតែមិនអាចជឿទុកចិត្តបានដដែល។ វិធីដែលល្អ អ្នកគួរធ្វើខ្លួនឱ្យគួរស្រឡាញ់ជាប់ជានិច្ច ព្យាយាមមើលថែទាំខ្លួន ឱ្យមើលមកស្អាតគ្រប់ពេលវេលា ដើម្បីកុំឱ្យស្វាមី ឬភរិយារបស់អ្នក មាននៅសល់បេះដូង ទៅសម្លឹងមើលនារី ឬបុរសណាផ្សេងទៀតបាន។
ដូច្នេះ មិនថាចង់គិត និងចង់ធ្វើអ្វីមួយក៏ដោយ ក៏សូមឱ្យនឹកដល់ដួងចិត្ត និងបេះដូងរបស់មនុស្សក្នុងក្រុមគ្រួសាររបស់អ្នក ជារឿងសំខាន់ជាប់ជានិច្ច និងនៅចាំមើលថែទាំគ្នា ព្រមទាំងរកកិច្ចការងារពេលទំនេរ ធ្វើរួមគ្នាឱ្យបានញឹកញាប់ ព្រោះវានឹងធ្វើឱ្យសម្ព័ន្ធភាពក្នុងក្រុមគ្រួសារស្ថិតស្ថេរ រឹងមាំខ្លាំងឡើង៕