ភ្នំពេញ ៖ រដ្ឋសភា បានអនុម័តទាំងស្រុងទៀត លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីស្តង់ដារកម្ពុជា ក្រោមសំឡេងគាំទ្រ១០៧ លើសមាជិករដ្ឋសភា១០៩រូប ដែលបានចូលរួមសម័យប្រជុំលើកទី១០ នីតិកាលទី៥ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកិច្ចប្រជុំ មានការចូលរួមពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមានសមាជិកសភាចូលរួមប្រមាណ១០៩រូប ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣ ក្នុងនោះរួមមាន៖ ១៖ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ២៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីការងារ និង៣៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីស្តង់ដារកម្ពុជា។
ច្បាប់ស្តីពីស្តង់ដារកម្ពុជា ដែលត្រូវធ្វើវិសោធនកម្មនាពេលនេះ រួមមាន៖ មាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណង់ជើងនៃជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ ផងដែរ។
គោលបំណង នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីស្ដង់ដាកម្ពុជា ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០០៧ តមកនេះ ត្រូវបាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន អះអាងថា គឺដើម្បីបំពេញបន្ថែមបទប្បញ្ញត្តិ និងចំណុចសំខាន់មួយចំនួន សំដៅធ្វើការពង្រឹងនូវការអនុវត្តច្បាប់ស្តីពីស្ដង់ដាកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផល សេវាកម្ម និងការគ្រប់គ្រង បង្កើនប្រសិទ្ធភាពផលិតកម្មឱ្យកាន់តែប្រសើរឡើង ធានាឱ្យធ្វើពាណិជ្ជកម្មមានលក្ខណៈត្រឹមត្រូវ និងងាយស្រួល, បង្កើនការការពារអ្នកប្រើប្រាស់ លើកកម្ពស់សុខមាលភាពសាធារណៈ ប្រឆាំងរាល់ផលិតផលក្លែងបន្លំ និងគ្មានគុណភាព ដែលបណ្ដាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាព មនុស្ស សត្វ និងបរិស្ថាន និងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ ដោយអនុលោមតាមកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក ស្តីពីរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (World Trade Organization Agreement on Technical Barriers to Trae- WTO/TBT)។
ខ្លឹមសារសង្ខេប នៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនេះ មានដូចខាងក្រោម៖
មាត្រា៣ថ្មី កែសម្រួលនិយមន័យនៃពាក្យ ស្ដង់ដា ឱ្យស្របតាមនិយមន័យ នៃកិច្ចព្រមព្រៀង របស់អង្គការពាណិជ្ជកម្មពិភពលោក ស្តីពីរបាំងបច្ចេកទេស ចំពោះពាណិជ្ជកម្ម (WTO/TBT)។
មាត្រា៣ថ្មី មាត្រា៨ថ្មី មាត្រា១២ថ្មី មាត្រា១៦ថ្មី មាត្រា១៩ថ្មី មាត្រា២៦ថ្មី និងមាត្រា៥៩ថ្មី ប្ដូរពាក្យ ស្ដងដារបញ្ជា ជំនួសដោយពាក្យ បទប្បញ្ញត្តិបច្ចេកទេស ដើម្បីឱ្យស្របតាមកិច្ចព្រមព្រៀង WTO/TBT។
មាត្រា១៦ថ្មី បង្កើតឱ្យមាននីតិវិធីនៃការកំណត់ បទប្បញ្ញត្តិបច្ចេកទេស ស្របតាមកិច្ចព្រមព្រៀង WTO/TBT។
មាត្រា៣ថ្មី មាត្រា៧ថ្មី មាត្រា៨ថ្មី មាត្រា៥០.២ថ្មី មាត្រា៥០.៣ថ្មី មាត្រា៦៥ថ្មី មាត្រា៦៦ថ្មី មាត្រា៦៧ថ្មី និងមាត្រា៦៨ថ្មី ប្ដូរពាក្យ អធិការ ជំនួសដោយពាក្យមន្ត្រីអធិការកិច្ច។
មាត្រា៧ថ្មី មាត្រា៨ថ្មី និងមាត្រា៩ថ្មី ផ្តល់នីតិសម្បទា ដល់មន្ត្រីអធិការកិច្ច របស់វិទ្យាស្ថានស្ដង់ដារកម្ពុជា ឱ្យទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌ និងរៀបចំនីតិវិធី នៃការធ្វើអធិការកិច្ច ដើម្បីពិនិត្យបទល្មើសដែលមានចែងនៅក្នុងច្បាប់នេះ ស្របតាមបទប្បញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងពង្រឹងការអនុវត្តច្បាប់ស្តីពីស្ដង់ដាកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់។
មាត្រា៥០ថ្មី ដល់មាត្រា៥៨ថ្មី បង្កើតឱ្យមាន យន្តការនៃការពិន័យអន្តរការណ៍ ចំពោះការប្រព្រឹត្តល្មើសទៅនឹងច្បាប់នេះ ដោយក្នុងនោះកែសម្រួល ឱ្យមានការបែងចែក កម្រិតដាក់ទោសទណ្ឌ ដែលជាប្រភេទបទល្មើសតូចតាច ឱ្យទទួលទោសពិន័យជាទឹកប្រាក់ ដិយមិនកំណត់ជាទោសជាប់ពន្ធនាគារ លើរាប់ប្រភេទបទល្មើសនោះទេ។
មាត្រា៣ថ្មី មាត្រា៦ថ្មី មាត្រា៨ថ្មី មាត្រា១១ថ្មី និងមាត្រា៦៨ថ្មី ប្ដូរឋានៈ ប្រធានវិទ្យាស្ថាន ទៅជា អគ្គនាយក តែម្តង ដោយមិនចាំបាច់បញ្ជាក់ថា មានឋានៈស្មើអគ្គនាយកនោះទេ ដើម្បីងាយស្រួលក្នុងការអនុវត្តការងារ ចៀសវាងសាធារណជន មានការយល់ច្រឡំថា វិទ្យាស្ថានស្ដង់ដាកម្ពុជា ជាគ្រឹះស្ថានសិក្សាឯកជន មិនមែនជាស្ថាប័នរបស់រាជរដ្ឋាភិបាល និងក៏ដើម្បីឱ្យស្របទៅតាមអង្គភាពស្ដង់ដារជាតិ នៃប្រទេសសមាជិកអាស៊ាន៕ ដោយ៖បញ្ញាស័ក្តិ