នេះជារឿងដ៏មិនធម្មតានោះទេ ដែលបុរសជនជាតិម៉ុងហ្គោលី អាយុ ៨២ ឆ្នាំម្នាក់ បានឧទ្ទិសជីវិតរយៈពេលជិត ៣ ទសវត្សរ៍ មកហើយ ដើម្បីបង្កើត «អូអាស៊ីស» ពណ៌បៃតង (ទីមានដើមឈើដុះមានទឹកក្នុងវាលខ្សាច់) នៅកណ្តាលវាលខ្សាច់ Gobi ។
លោក Baraaduuz Demchig ត្រូវបានគេលើកឡើងជាញឹកញាប់ថា ជាភស្តុតាងកំពុងរស់រានមានជីវិត ដែលជាមនុស្សអាចប្រយុទ្ធប្រឆាំងនឹងវាលខ្សាច់។ អូអេស៊ីសទំហំ ១៦ ហិចតារបស់គាត់ បានងើបឡើងពីវាលខ្សាច់ Gobi ដ៏ក្រាស់ ដែលអាចមើលឃើញរាប់ម៉ាយល៍។
វាមិនមានជាអព្ភូតហេតុនោះទេ ប៉ុន្តែ វាជាគ្រោងទុក និងដាំដុះមើលថែទាំយ៉ាងប្រុងប្រយ័ត្នជាច្រើនឆ្នាំ ដោយលោក Baraaduuz និងគ្រួសាររបស់គាត់។ អ្វីៗទាំងអស់បានចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលកសិករជនជាតិម៉ុងហ្គោលីរូបនេះ បានសម្រេចចិត្តដាំបន្លែនៅលើដីស្ងួតហួតហែង។ នៅពេលស្នាដៃរបស់គាត់ត្រូវខ្យល់បក់បោកយ៉ាងខ្លាំង នោះហើយជាពេលដែលគាត់ដឹងថា គាត់ត្រូវការដើមឈើដ៏រឹងមាំដើម្បីការពារសួនច្បាររបស់គាត់ ហើយចាប់ផ្តើមដាំដើមឈើអេលម (elm)។
យោងតាមទិន្នន័យពីរដ្ឋាភិបាលម៉ុងហ្គោលី វាលខ្សាច់នេះបានប៉ះពាល់ដល់ជិត ៩៨% នៃខេត្តធំបំផុតរបស់ប្រទេសម៉ុងហ្គោលី គឺ Umnugovi និងដីរបស់ Baraaduuz Demchig ។ នៅឆ្នាំ ១៩៩២ នៅពេលដែលគាត់បានព្យាយាមដាំស្ពៃក្តោបនៅលើដីនេះ ព្យុះធូលីបានបក់បោករុក្ខជាតិដែលផុយស្រួយចេញពីដី។ នៅពេលនោះ គាត់បានដឹងថា គាត់ត្រូវការជញ្ជាំងមួយដើម្បីទប់ខ្យល់បក់ខ្លាំង ប៉ុន្តែមិនមែនជញ្ជាំងណាមួយអាចទប់ទល់ ក្រៅពីជញ្ជាំងដែលមានជីវិតនោះទេ…។
លោក Baraaduuz បានប្រាប់ Channel News Asia ថា៖ «ឆ្នាំដំបូង (១៩៩២) មានការលំបាកខ្លាំង ព្រោះជាឆ្នាំដែលមានខ្យល់បោកបក់ និងដីខ្សាច់។ ប៉ុន្តែនៅឆ្នាំទី២ ដើមឈើមានកំពស់គ្រប់គ្រាន់ដើម្បីការពារបន្លែរបស់ខ្ញុំ។ ខ្ញុំបានក្លាយជាអ្នកមានជំនឿលើដើមឈើ ហើយចាប់ផ្តើមស្រឡាញ់ដើមឈើ ហើយមនុស្សក៏ចាប់ផ្ដើមកត់សម្គាល់ និងបានសុំឱ្យខ្ញុំផ្ដល់ដើមឈើឱ្យពួកគេ ហើយខ្ញុំក៏ចាប់ផ្ដើមដាំបន្ថែមទៀត»។
ទោះបីជាទំហំអូអាស៊ីស ១៦ ហិកតារបស់គាត់ ហាក់បីដូចជាមិនសូវសំខាន់ បើប្រៀបធៀបទៅនឹងវាលខ្សាច់ Gobi ដែលគ្មានទីបញ្ចប់ក៏ដោយ តែលោក Baraduuz បានប៉ាន់ប្រមាណថា គាត់បានដាំដើមឈើជាង ៤០ ម៉ឺនដើម នៅលើដីរបស់គាត់ ដែលភាគច្រើនត្រូវបានលក់ទៅឱ្យកសិករចាប់អារម្មណ៍លើគំរូរបស់គាត់។
ក្រឡេកទៅមើលវាលខ្សាច់ដ៏ស្ងាត់ជ្រងំជុំវិញអូអេស៊ីសពណ៌បៃតងរបស់ Baraaduuz វិញ គឺច្បាស់ណាស់ថា មានរុក្ខជាតិតិចតួចអាចដុះលូតលាស់នៅក្នុងដើមឈើទាំងនោះ ដោយគ្មានការថែទាំ និងការការពារ។ តែទោះជាយ៉ាងណា កសិករម៉ុងហ្គោលីរូបនេះ គឺនៅតែអាចដាំដើម buckthorn, raspberry និងដើមឈើហូបផ្លែផ្សេងទៀត ជាច្រើនទសវត្សរ៍មកហើយ។
បុរសវ័យ ៨២ ឆ្នាំរូបនេះ ក៏បានឲ្យដឹងថា៖ «ជ្រោះដែលខ្ញុំនៅ ក្នុងរដូវរងាវាឡើងដល់ -៣០ អង្សាសេ ហើយនៅរដូវក្តៅ វាឡើងដល់ ៣០ អង្សាសេ (មួយត្រជាក់ខ្លាំង និងមួយទៀតក្តៅខ្លាំង)។ ដូច្នេះបើដើមឈើណាអាចដុះនៅទីនោះបាន គឺបញ្ជាក់បានថា ដើមឈើនោះអាចដុះនៅទីកន្លែងណាក៏បាន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





