Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម័យប្រជុំ​លើក​ទី​៧៣ របស់​មហាសន្និបាត UN ជ្រើសតាំង​កម្ពុជា​ធ្វើជា​អនុប្រធាន សម្រាប់​អាណត្តិ ខែ​កញ្ញា ២០១៨ ដល់​ខែ​កញ្ញា ២០១៩

​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​៧​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​បាន​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ចំនួន​១៥​ផ្សេងទៀត មក​ពី​ក្រុម​ប្រទេស​តំបន់​ផ្សេងៗ ត្រូវបាន​ជ្រើសតាំង​ឱ្យធ្វើ​ជា​អនុប្រធាន រួម​ជាមួយ​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ នៃ​សម័យប្រជុំ​លើក​ទី​៧៣ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ​ពី​ខែ​កញ្ញា ឆ្នាំ​២០១៨ ដល់​ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​សាល​មហាសន្និបាត នៃ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នា​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨​។​

​លោក​ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុ​កថា “​កម្ពុជា ក្រោម​ការដឹកនាំ របស់​សម្តេច​តេជោ បាន​ដើរតួ​សំខាន់ នៅក្នុង​ការងារ​អង្គការសហប្រជាជាតិ ដែលជា​អង្គការ​កំពូល​ពិភពលោក​។ មុខមាត់​ថ្មី ជា​ប្រត្តិសាស្ត្រ របស់​កម្ពុជា គឺជា​សមិទ្ធផល នៃ​ការប្រឹងប្រែង​ដ៏​មាន​ប្រសិទ្ធភាព របស់​សម្ដេច​តេជោ ដែល​នាំ​កម្ពុជា ចេញពី​ប្រជាជាតិ ដែល​ទទួល​ទណ្ឌកម្ម ពី​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ទសវត្សរ៍​៨០ មក​កាន់​ជា​ប្រជាជាតិ​មួយ ដែល​ទទួលស្គាល់​ពេញលេញ និង​គោរព​សមត្ថភាព​របស់​កម្ពុជា អង្គុយ​នៅក្នុង ជួរ​ថ្នាក់ដឹកនាំ របស់​អង្គការ​កំពូល​ពិភពលោក​នេះ​។ កម្ពុជា​សូម​គោរព និង​ត្រូវការ​សម្ដេច​តេជោ ជា​ថ្នាក់ដឹកនាំ​កំពូល បន្ដ​គ្រប់​អាណត្តិ​ទៅ​មុខ​ទៀត​”​។​

​ក្រសួងការបរទេស បាន​លើកឡើង​ថា យោង​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុង​ស្មារតី​លើកតម្កើង​កិត្យានុភាព និង​កិត្តិយស​ជាតិ នៅលើ​ឆាក​អន្តរជាតិ បាន​ដាក់​បេក្ខភាព​កម្ពុជា ជា​អនុប្រធាន នៃ​មហាសន្និបាត អង្គការសហប្រជាជាតិ​លើក​ទី​៧៣ នៅ​ខែ​មករា ឆ្នាំ​២០១៧​។​

នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨ បេក្ខភាព​របស់​ព្រះរាជា​ណា​ក្រ​កម្ពុជា និង​ប្រទេស​ចំនួន​បួន​ផ្សេងទៀត ទទួលបាន​ការគាំទ្រ​ជា​ផ្លូវការ ដោយ​ប្រទេស​នៃ​ក្រុម​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ធ្វើ​ជា​អនុប្រធាន​នៃ​មហា សន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣​។​

ក្នុងឋានៈ​ជា​អនុប្រធាន​នៃ​មហាសន្និបាត អង្គការសហប្រជាជាតិ កម្ពុជា​អាច​មាន​ឱកាស​ដឹកនាំ កិច្ចប្រជុំ​របស់​មហាសន្និបាត ជំនួស​មុខ​ប្រធាន និង​តាម​សំណើ​របស់​ប្រធាន​។ លើសពីនេះ​ទៀត កម្ពុជា​ក៏​នឹង​ក្លាយ​ជា​សមាជិក នៃ​គណៈកម្មាធិការ​ទូទៅ ដែល​មាន​មុខងារ ដូចជា ពិនិត្យ​របៀបវារៈ​បណ្តោះ​អាសន្ន និង​បញ្ជី​បន្ថែម​ចំណុច​ពិភាក្សា ផ្តល់​អនុសាសន៍​ដល់​ម​ហា​សន្និបាត និង​ជួយ​ដល់​ប្រធាន និង​មហាសន្និបាត ក្នុង​ការរៀបចំ​របៀប​វា​រៈ សម្រាប់​កិច្ចប្រជុំ​ពេញអង្គ​នី​មួយៗ ហើយ និង​ក្នុង​ការងារ​ទូទៅ របស់​មហាសន្និបាត​។​

​គួរ​កត់សម្គាល់​ដែរ​ថា ព្រះរាជាណាចក្រ​កម្ពុជា ក៏​ត្រូវបាន​ជ្រើសតាំង​លើកដំបូង ជា​អនុប្រធាន នៃ​សម័យប្រជុំ​មហាសន្និបាត អង្គការសហប្រជាជាតិ លើក​ទី​៥៦ អាណត្តិ​ឆ្នាំ ២០០១-២០០២៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×