Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ រឿង ៧យ៉ាង ដែលយើងគួរដឹង ពាក់ព័ន្ធនឹងសុខភាព

បច្ចុប្បន្ននេះរោគាទាំងឡាយ បានក្លាយជារឿងនៅក្បែរៗខ្លួន ដែលចាំតែសួររកមុខយើងជានិច្ច ដូច្នេះហើយទើបយើងត្រូវតែមើលថែទាំសុខភាពឱ្យបានល្អជាពិសេស ដោយអ្នកខ្លះ អាចនឹងស្វែងរកអាហារបន្ថែម ឬអាហារបំប៉នផ្សេងៗ ដើម្បីថែបំប៉នរាងកាយ ឱ្យមានសុខភាពល្អ ដែលការពិតវិញ ការមានសុខភាពល្អ អាចជារឿងងាយជាងលោកអ្នកគិតទៅទៀត…ថ្ងៃនេះ យើងសូមនាំយករឿង ដែលយើងទាំងអស់គ្នាគួរឱ្យយល់ដឹង ពាក់ព័ន្ធនឹងសុខភាពដ៏ល្អ មកជម្រាបមិត្តអ្នកស្ដាប់ដូចតទៅ…ចង់មានសុខភាពល្អ ត្រូវតែស្ដាប់…

-ផ្លែចេក ជួយកាត់បន្ថយអាការឆ្អល់ពោះបាន
មុននឹងទៅមើលថា តើយ៉ាងម៉េចបានជាផ្លែចេក ជួយកាត់បន្ថយអាការឆ្អល់ពោះបាន? ដូច្នេះយើងមកស្គាល់ពីអាការឆ្អល់ពោះជាមុនសិន…ឆ្អល់ពោះ គឺជាអាការដែលកើតមានហ្គាសច្រើននៅក្នុងក្រពះ ជួនកាលកើតឡើងដោយសារការទទួលទានសូដ្យូមច្រើនជ្រុលពេក ហើយផ្លែចេកនេះឯង ដែលជួយធ្វើឱ្យអាការឆ្អល់ពោះធូរស្រាលឡើងបាន ព្រោះចេកមានបរិមាណប៉ូតាស្យូមខ្ពស់ ដែលវានឹងទៅចាត់ការផលប៉ះពាល់ ដែលកើតឡើងដោយសារសូដ្យូមដែលលើសនោះ ធ្វើឱ្យអាការឆ្អល់ពោះថយចុះបាន។

-ទឹកនៅក្នុងរាងកាយ នឹងធ្វើឱ្យទម្ងន់ខ្លួនរបស់មនុស្សយើង ឡើងចុះយ៉ាងតិចក្នុង ១ថ្ងៃ ១-២គីឡូក្រាម
តើលោកអ្នកធ្លាប់នឹកឆ្ងល់ខ្លះទេថា ហេតុអីបានថ្លឹងទម្ងន់នៅពេលព្រឹក និងនៅពេលល្ងាច លទ្ធផលចេញមកខុសគ្នា ទាំងមិនបានញ៉ាំអីច្រើនផងនោះ? នេះគឺដោយសារតែទម្ងន់របស់ទឹកនៅក្នុងរាងកាយ ដែលចេញមកពីអាហារមានរសជាតិប្រៃ ឡើង ឬចុះគ្រប់ពេលវេលាហ្នឹងឯង។

-ការអង្គុយនៅមួយកន្លែងក្នុង ១ថ្ងៃៗយូរជាង ១១ម៉ោង នឹងធ្វើឱ្យអាយុខ្លី
ការអង្គុយធ្វើការនៅនឹងតុរហូត ដោយមិនក្រោកទៅណាពេញ ១ថ្ងៃ អាចនឹងធ្វើឱ្យខ្លួនអ្នកអាយុខ្លីដោយមិនដឹងខ្លួន។ នោះក៏ដោយសារតែ នៅពេលដែលរាងកាយរបស់យើងមិនបានកម្រើក ឬធ្វើចលនាទៅណា ទើបអាចបង្កឱ្យកើតបញ្ហាសុខភាពបាន មិនថាតែបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធដុតបំផ្លាញ ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធបន្ទោបង់ ឬសូម្បីតែប្រព័ន្ធឈាមរត់ក៏ដោយ ដូច្នេះបើចង់មានអាយុវែង គួរឧស្សាហ៍ក្រោកចេញពីតុធ្វើការខ្លះផង គ្រាន់តែក្រោកទៅចូលបន្ទប់ទឹក ក៏ជួយបានច្រើនដែរ។

-តែបៃតងជួយបង្កើនការធ្វើការរបស់ខួរក្បាលបាន
យើងដឹងច្បាស់ហើយថា តែបៃតងមានប្រយោជន៍ច្រើនណាស់ ជាពិសេសតែបៃតងនេះ មានសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរីខ្ពស់ ទើបវាជួយការពារការកើតជំងឺមហារីកបាន តែប្រយោជន៍ ១ទៀតដែលសំខាន់ដែរនោះគឺ តែបៃតងជួយបង្កើនការធ្វើការងាររបស់ខួរក្បាលបានទៀតផង។ មានការសិក្សាស្រាវជ្រាវមួយ បានរកឃើញថា អ្នកដែលញ៉ាំតែបៃតងជាប់ជាប្រចាំ នឹងធ្វើឱ្យមានការចងចាំ ល្អជាងអ្នកដែលមិនធ្លាប់ញ៉ាំសោះ។

-ស្ករ ធ្វើឱ្យអាការក្នុងអំឡុងពេលមានវដ្តរដូវកាន់តែអាក្រក់ឡើង
ស្រ្តីជាច្រើនៗគិតថា ការទទួលទានបង្អែមនៅក្នុងអំឡុងពេលមានរដូវប្រចាំខែ នឹងជួយឱ្យអាការផ្សេងៗដែលកើតឡើងក្នុងអំឡុងពេលនោះថយចុះ តែការពិតវិញ ជាតិស្ករហ្នឹងឯងដែលជាបច្ច័យអាក្រក់ ធ្វើឱ្យអាការទាំងនោះកាន់តែអាក្រក់ឡើង ព្រោះការទទួលទានស្ករច្រើនពេក នឹងធ្វើឱ្យ ម៉ាញ៉េស្យូមក្នុងរាងកាយថយចុះ ធ្វើឱ្យឆ្អល់ពោះ ហើយការឆ្អល់ពោះនេះ គឺជាអាការមួយ ដែលអ្នកមិនចង់ឱ្យកើតមានក្នុងអំឡុងពេលមានរដូវឡើយ ដូច្នេះបើពេលមានរដូវប្រចាំខែ គួរប្តូរពីបង្អែម មកទទួលទានផ្លែឈើវិញប្រសើរជាង។

-បាយអង្ករស្រូវសាឡីជួយឱ្យអារម្មណ៍ល្អ
ជឿថា អ្នកណាៗក៏ចង់មានពេលព្រឹក និងថ្ងៃធ្វើការដ៏ស្រស់ថ្លាដែរ ដូច្នេះយើងចង់ប្រាប់ថា បាយអង្ករស្រូវសាឡីអាចជួយបាន ព្រោះអង្ករស្រូវសាឡីនឹងទៅជួយបង្កើនកម្រិតរបស់សារធាតុ សេរ៉ូថូនីន(Serotonin)នៅក្នុងខួក្បាល ដោយសារធាតុមួយនេះ គឺជាសារធាតុដែលជួយធ្វើឱ្យមានអារម្មណ៍ល្អ។ ដូច្នេះពេលព្រឹកថ្ងៃស្អែកនេះ សាកល្បងរកបាយអង្ករស្រូវសាឡីមកញ៉ាំធ្វើជាអាហារពេលព្រឹកម្តងមើល៍។

-ការហាត់ប្រាណតាំងពីវ័យជំទង់ នឹងជួយធ្វើឱ្យមានការចងចាំល្អ ពេលខ្លួនចាស់ទៅ
ការចាប់ផ្តើមហាត់ប្រាណតាំងពីវ័យកំលោះ-ក្រមុំ ក្រៅពីនឹងធ្វើឱ្យសុខភាពរឹងមាំល្អជាបន្តរហូតទៅដល់អនាគតហើយនោះ នៅមានផលល្អដល់ខួរក្បាលទៀតផង ព្រោះមានការសិក្សាស្រាវជ្រាវមួយ បានរកឃើញថា ការហាត់ប្រាណជាប្រចាំក្នុងអំឡុងអាយុ ២០ឆ្នាំ នឹងជួយធ្វើឱ្យមានការចងចាំល្អ ទោះជាវ័យហួសទៅដល់៤០ ឬ ៥០ឆ្នាំហើយក៏ដោយ។

សុខភាពរាងកាយរបស់យើង គឺជារឿងសំខាន់ បើយើងចេះមើលថែទាំឱ្យបានល្អ វានឹងជួយឱ្យសុខភាពផ្លូវចិត្តរបស់យើងល្អទៅតាមនោះដែរ តែបើអ្នកព្រងើយកន្តើយ វាអាចនឹងធ្វើឱ្យទាំងរាងកាយ និងផ្លូវចិត្តរបស់អ្នកកាន់តែយ៉ាប់យ៉ឺនទៅ បន្ទាប់ពីនោះរោគាផ្សេងៗនឹងតាមមក ដូច្នេះគួរនាំគ្នាថែរក្សាសុខភាពឱ្យបានល្អ ទើបប្រសើរជាង៕

×