ពិតណាស់ រង្វាន់គឺតែងតែមានទម្រង់ជាសាច់ប្រាក់ ប៉ុន្តែសម្រាប់សាលារៀនមួយនេះក្នុងប្រទេសចិន សិស្ស និងគ្រូដែលទទួលបានជោគជ័យខ្ពស់ នឹងទទួលបានរង្វាន់លើកទឹកចិត្តសាច់ជ្រូកឆៅ ក្នុងម្នាក់ៗមួយបន្ទះធំ ដែលពិតជាប្លែកគួរចាប់អារម្មណ៍តែម្តង។
នៅក្នុងវីដេអូដែលត្រូវបានបង្ហោះនៅលើ Douyin សិស្សានុសិស្សបានឈរតម្រង់ជួរ ដើម្បីត្រៀមទទួលសាច់ជ្រូកឆៅមួយបន្ទះធំ ដែលត្រូវបានផ្តល់ឲ្យដោយនាយកសាលា។ បន្ទាប់មក ពួកគេបានឡើងទៅលើឆាក ហើយត្រូវបានស្រែកនូវពាក្យស្លោកថា៖ «យុវជនគឺជាសសរទ្រូងដ៏រឹងមាំ នៃប្រទេសជាតិ»។
សាលារៀននេះមានទីតាំងនៅ Luzhou ខេត្ត Sichuan ប្រទេសចិន ហើយបុគ្គលិកនៅទីនោះបានបង្ហើបថា កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមធ្វើឡើងមានរយៈពេល ៣ ឆ្នាំហើយ។ សាច់នេះត្រូវបានឧបត្ថម្ភដោយអតីតសិស្សរបស់សាលា ហើយសម្រាប់ឆមាសនេះ ពួកគេបានចែកសាច់ជ្រូកឆៅសរុបចំនួន ៩១ បន្ទះដល់សិស្សខំប្រឹងប្រៀងរៀនសូត្រជាប់ចំណាត់ថ្នាក់ខ្ពស់ និងគ្រូៗដែលមានស្នាដៃក្នុងការបង្រៀន។
គ្រូបង្រៀនម្នាក់បាននិយាយថា «យើងទទួលស្គាល់សម្រាប់ការងាររបស់យើង។ ហើយសម្រាប់ខ្ញុំ គឺជាកិត្តិយសណាស់ ដែលទទួលបានការលើកទឹកចិត្តមួយនេះ»។
ក្រោយពីបានឃើញបែបនេះ អ្នកនិយមលេងអ៊ីនធើរណែតជាច្រើន ក៏បាននិយាយថា «ការឲ្យសាច់ជ្រូក គឺជាគំនិតល្អ, នេះគឺប្រសើរជាងវិញ្ញាបនបត្រ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










