Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ តើឪពុកម្តាយត្រូវធ្វើដូចម្តេច ទើបកូនមានទឹកចិត្តក្លាហាន ?

                ឪពុកម្តាយគ្រប់រូប តែងតែចង់ឱ្យកូនជាទីស្រឡាញ់ ក្លាយជាមនុស្សក្លាហានអង់អាច តែមានចិត្តស្លូតបូត កាន់ធម៌សុចរិតនៅក្នុងខ្លួន។  អ្វីដែលធ្វើឱ្យយើងកាន់តែសប្បាយចិត្តទៅទៀតនោះ គឺពេលបានឃើញកូនរបស់យើងហ៊ាន ប្រឈមមុខ និងដោះស្រាយនូវរាល់បញ្ហា និងឈានទៅរកភាពជោគជ័យបានទៀតផង។  ដូច្នេះលោកឪពុក-អ្នកម្តាយទាំងអស់ គួរតែអប់រំបុត្រធីតារបស់ខ្លួនឱ្យមានភាពក្លាហាន  ហើយចំណុចដែលគួរអប់រំ និងបង្ហាត់ដល់កូននោះ មានដូចជា...

      ១-បណ្តុះផ្នត់គំនិត ឱ្យកូនមានភាពក្លាហាន

យើងអាចបង្កើតមោទនភាពក្នុងគ្រួសារបាន ដោយបង្ហាញពីជាតិសាសន៍របស់ខ្លួនថា មានភាពក្លាហានជាងគេ នោះគឺយើងបានបង្រៀនឱ្យកូនមានភាពក្លាហាន ក្នុងការធ្វើអ្វីមួយ ឬដោះស្រាយ បញ្ហាអ្វីមួយរួចស្រេចទៅហើយ។ ការបង្រៀនកូនឱ្យយល់ដឹងពីប្រវត្ដិសាស្ដ្រនៃពូជសាសន៍បែបនេះ វាអាចជាការជំរុញឱ្យកូនកាន់តែមានទឹកចិត្ដអង់អាចក្លាហានឡើងទៀតដែរ។

   ២-ត្រូវសរសើរកូន នៅពេលណាដែលគេក្លាហាន ហ៊ានប្រឈមមុខ និងហ៊ានដោះស្រាយ 

លោកឪពុក-អ្នកម្ដាយ អាចបង្ហាត់បង្រៀនឱ្យកូនក្លាហាន ហ៊ានប្រឈមមុខនឹងបញ្ហានានាជាប្រចាំដូចជា ការឡើងនិយាយនៅចំពោះមុខសិស្សដូចគ្នា នៅក្នុងថ្នាក់រៀន ចេះហ៊ានសម្រេចចិត្តក្នុងការជួយសង្រ្គោះមិត្តភក្តិ ឬក៏លេងកីឡា ជាដើម ។ នៅពេលកូនរបស់លោកអ្នកក្លាហាន ហ៊ានធ្វើការងារទាំងអស់នោះបាន លោកឪពុក-អ្នកម្តាយ ត្រូវតែចេះសរសើរលើកទឹកចិត្ដ និងផ្ដល់កម្លាំងចិត្ដដល់កូន។ ទាំងអស់នេះ គឺជាការបង្រៀនឱ្យកូនលោកអ្នក កាន់តែមានទឹកចិត្តល្អ និងមានភាពក្លាហានឡើងផងដែរ។

    ៣-ត្រូវលើកពីបុគ្គលដែលមានភាពក្លាហានពិតៗក្នុងសង្គមប្រាប់ទៅកូន

នៅពេលនឹកដល់អ្នកដែលមានសេចក្ដីក្លាហាន គឺយើងតែងនឹកទៅដល់កងទ័ព ក្រុមអ្នកស្ម័គ្រចិត្ត ក្រុមអ្នកជួយ
សង្រ្គោះ អ្នកពន្លត់អគ្គិភ័យជាដើម ពួកគេទាំងនោះ អាចផ្ដល់គំរូនៃភាពក្លាហានដល់កូនរបស់លោកអ្នកបាន។ ក្រៅពីនេះ អ្នកក៏អាចសរសេរជាសុភាសិត បិទជាប់នឹងជញ្ជាំង ឬសរសេរពាក្យស្លោកលើក្ដារខៀន ដែលបណ្តុះទឹកចិត្ដកូនរបស់លោកអ្នកឱ្យមានភាពក្លាហាន ដូចជាពាក្យថា “ភាពក្លាហាននឹងធ្វើឱ្យមនុស្សទទួលជោគជ័យ” ជាដើម ។

       ៤-ត្រូវបង្កើតទំនាក់ទំនងស្និទ្ធស្នាលជាមួយកូនជាប្រចាំ

ជជែកលេងជាមួយកូនរបស់អ្នកជាប្រចាំ និងដោយចំហ។ រៀបរាប់ប្រាប់គេនូវអ្វីដែលបានកើតឡើងចំពោះអ្នក ពេលដែលអ្នកនៅមានវ័យប៉ុនគេ និងប្រាប់ពីវិធី និងរបៀបដោះស្រាយរាល់បញ្ហានានា ដែលអ្នកធ្លាប់ជួបនៅពេលនោះ។ ប្រសិនបើកូនអ្នក មានភាពក្លាហានហ៊ាននិយាយប្រាប់អ្នកវិញ ពីបញ្ហារបស់គេដោយចំហនោះ អ្នកអាចនឹងជួយពន្យល់គេ ឱ្យចេះដោះស្រាយបញ្ហាដោយភាពក្លាហាន និងសន្តិភាពបាន។

    ៥-ត្រូវធ្វើជាគំរូល្អដល់កូន

គំរូនៃភាពក្លាហាន ត្រូវចាប់ផ្ដើមពីខ្លួនអ្នកជាមុន ។ ចំពោះរឿងអ្វីមួយដែលអ្នកគិតថា កូនរបស់អ្នក អាចនឹងពិបាកធ្វើបាន ឧទាហរណ៍ដូចជា ការរាំរែក ជាដើម លោកឪពុក-អ្នកម្តាយអាចនឹងត្រូវឡើងរាំ ដើម្បីឱ្យកូនឃើញពីភាពក្លាហានរបស់អ្នក។ ក្រៅពីនេះ លោកអ្នកអាចបង្ហាញឱ្យកូនបានឃើញ តាមរយៈ ទង្វើ និងសកម្មភាពល្អៗប្រចាំថ្ងៃទាំងឡាយណា ដែលអ្នកគិតថា ល្អ និងជាគំរូល្អចំពោះកូន៕

smart little girl smiling in front of a blackboard
Boy using digital tablet on floor with mother reading magazine in background
Little son having confidence conversation with father at home, younger and older brothers sit on couch in living room talking share secrets, understanding, warm relationships, trust and love concept
×