ខេត្តព្រះសីហនុ ៖ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដប៊ូតកម្ពុជា (G.T.V.C,Speed Boad Cambodia) លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្នុងនាមពលរដ្ឋខ្មែរមួយរូប លោកមានមោទនៈភាព និងរំភើបរីករាយបំផុត នៅគ្រារូបលោកមានឱកាសជួយសង្គ្រោះជីវិតមនុស្ស ឲ្យរួចផុតពីសេចក្តីស្លាប់។ លោកថា សកម្មភាពធ្វើការងារមនុស្សធ៌ម របស់លោកចំពោះអ្នកជំងឺផ្សេងៗ ដែលខ្វះលទ្ធភាពចំណាយទៅលើការព្យាបាល ហើយដង្ហោយរកការជួយសង្គ្រោះបន្ទាន់ បើទោះបីរូបលោក ត្រូវចំណាយថវិកាផ្ទាល់ខ្លួនក្នុងការជួយសង្រោះនេះ អស់ច្រើនបែបណាក្តី។
លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងដូច្នេះកើតឡើងក្រោយពេលរូបលោក បានធ្វើសកម្មភាពមនុស្សធ៌មមួយករណីទៀត តាមរយៈការបញ្ជូនអូប័រមានល្បឿនលឿនចេញទៅសង្គ្រោះភរិយាកងទ័ពជើងទឹក ប្រចាំការនៅលើកោះតាង កាលពីថ្ងៃត្រង់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨បានទាន់ពេល។
ស្ត្រីជាភរិយាគ្រួសារកងទ័ពជើងទឹក ដែលត្រូវការសង្គ្រោះបន្ទាន់នោះ គឺមានអាការៈធ្លាក់ឈាមធ្ងន់ធ្ងរ ដោយសាររលូតកូន(កូនដំបូងក្នុងផ្ទៃ៨ខែ) ហើយត្រូវការមធ្យោបាយដឹកជញ្ជូនចេញពីលម្ហសមុទ្រ ដែលមានចំងាយឆ្ងាយ នាំមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីទទួលការព្យាបាលបន្ទាន់។
ភ្លាមៗក្រោយទទួលបានដំណឹងមកថា មានភរិយាកងទ័ពជើងទឹកប្រចាំការនៅលើកោះតាងមានជំងឺធ្ងន់ ប៉ុន្តែខ្វះមធ្យោបាយដឹកយកមកសង្គោះនៅមន្ទីរពេទ្យ លើដីគោកនាខេត្តព្រះសីហនុរួចមក។ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានប្រញាប់ចុះផ្ទាល់មកដល់ក្រុមហ៊ុនដឹកជញ្ជូន របស់លោក ហើយបានចាត់ចែងឲ្យក្រុមការងារនាំយកអូរប័រល្បឿនលឿន ចេញទៅកោះតាងជាបន្ទាន់ទោះបីអាកាសធាតុតំបន់សមុទ្រកំពុងពេលនោះ កំពុងមានភ្លៀង ខ្យល់បោកបក់ខ្លាំង និងមានរលកធំៗ មិនអំណោយផលដល់ការធ្វើដំណើរតាមសមុទ្យបែបណាក្តី។
បច្ចុប្បន្នស្ត្រីអ្នកជម្ងឺ ដែលត្រូវជាភរិយាកងទ័ពជើងទឹកប្រចាំការនៅលើកោះតាង ត្រូវបានក្រុមការងារ របស់លោកឧកញ៉ា ទៀ វិចិត្រ បានដឹកមកដល់មន្ទីរពេទ្យបង្អែខេត្តព្រះសីហនុ និងទទួលបាលពីក្រុមគ្រូពេទ្យដោយយកចិត្តទុកដាក់ កាលពីវេលាម៉ោងជិត ២រសៀលថ្ងៃ៧ ខែមិថុនា ឆ្នាំ២០១៨។
ស្ត្រីរងគ្រោះរូបនេះឈ្មោះ ជិន ទួន អាយុ ៣៣ឆ្នាំ និងប្តីឈ្មោះ វណ្ណៈ ច័ន្ទបូរ៉ា អាយុ ៣០ឆ្នាំ ជាកងទព័ជើងទឹកប្រចាំនៅលើកោះតាង។
ពិសេសជាងនេះ លោកឧកញ៉ា ទៀ វិចិត្រមានប្រសាសន៍ថា រូបលោកជាទទួលខុសត្រូវ ក្នុងការចំណាយទាំងស្រុងលើការព្យាបាលស្ត្រីភរិយាកងទ័ពជើងទឹកខាងលើនេះ រហូតបានជាសះស្បើយពីជំងឺ៕ ដែន សីមា