បុរសម្នាក់នៅភាគខាងជើងប្រទេសវៀតណាម ត្រូវបានឃាត់ខ្លួន និងផាកពិន័យ ២០ លានដុង (ស្មើនឹង ៨១៩.២៥ ដុល្លារ) ពីបទបើករថយន្តដឹកទំនិញ រារាំងរថយន្តសង្គ្រោះដែលកំពុងធ្វើដំណើរទៅមន្ទីរពេទ្យ រហូតដល់ចម្ងាយជាង ៤ គីឡូម៉ែត្រ។
ប៉ូលិសវៀតណាម បាននិយាយថា នៅវេលាម៉ោង ៥ និង៣០នាទី ល្ងាចនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យទូទៅខេត្ត Tuyen Quang ភាគខាងជើងប្រទេសវៀតណាម បានដឹកអ្នកជំងឺម្នាក់ដែលមានជំងឺថ្លើមប្រេះស្រាំ និងហូរឈាមពេញសួត បន្ទាប់ពីត្រូវបានគោមួយក្បាលជល់ ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យមួយផ្សេងទៀត ក្នុងទីក្រុងហាណូយ។
ប៉ុន្តែ នៅពេលធ្វើដំណើរ គ្រូពេទ្យម្នាក់បាននិយាយថា អ្នកបើកបររថយន្តដឹកទំនិញ១គ្រឿង បានរារាំងរថយន្តសង្គ្រោះមិនព្រមឱ្យវ៉ាឆ្លងកាត់ ចម្ងាយជាង៤គីឡូម៉ែត្រ នៅលើផ្លូវជាតិលេខ២C ក្នុងស្រុក Son Duong។
ជាមួយនឹងទង្វើនេះ គ្រូពេទ្យបានសម្រេចថតពីហេតុការណ៍ជាក់ស្តែង ហើយរាយការណ៍ទៅប៉ូលិសតែម្តង។ បន្ទាប់មក ប៉ូលីសបានចាប់ខ្លួនអ្នកបើកបររថយន្តដឹកទំនិញរូបនោះ ដែលមានឈ្មោះ Vu The Phuong អាយុ ៤៤ ឆ្នាំ នៅក្នុងតំបន់។ រូបគេក៏បានបានសារភាពថា ពិតជាបានរារាំងរថយន្តសង្គ្រោះបន្ទាន់ប្រាកដមែន។
ទោះជាយ៉ាងណា ប៉ូលិសបានធ្វើការផាកពិន័យ Phuong ចំនួន ២០ លានដុង និងថែមទាំងរឹបអូសរថយន្តរក្សាទុកបណ្តោះអាសន្ន ក្នុងករណីចោទប្រកាន់មិនអែបខាងចេញពីផ្លូវនៃរថយន្តអាទិភាព និងគ្មានប័ណ្ណបើកបរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




