Qian Hongyan ដែលត្រូវបានហៅថា «ក្មេងស្រីបាល់បោះ Basketball Girl» រស់នៅក្នុងសង្កាត់ Luliang ទីក្រុង Qujing ខេត្ត Yunnan ប្រទេសចិន បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបភាពនៃស្នាមញញឹមដ៏ភ្លឺស្វាងរបស់នាងនាពេលនេះ។ ព្រោះថា នាងជាក្មេងស្រីម្នាក់ មានជីវិតដ៏អភព្វមិនដូចក្មេងដទៃឡើយ ដោយកាលពីនាងអាយុទើបតែ ៤ឆ្នាំ ជាអកុសល នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ដើរឆ្លងផ្លូវទៅរើសស្បែកជើង ត្រូវរថយន្តបុកកិនរងរបួសធ្ងន់ធ្ងរដ៏ធ្ងន់ធ្ងរ ដែលគ្រូពេទ្យត្រូវតែធ្វើការកាត់ផ្តាច់ដងខ្លួនផ្នែកខាងក្រោមរបស់នាង ដើម្បីរក្សាអាយុជីវិត។
ដោយសារតែគ្រួសារលំបាកពេក និងមិនអាចមានលទ្ធភាពទិញជើងសិប្បនិម្មិតសម្រាប់នាង ជីតារបស់នាងក៏បានច្នៃយកបាល់បោះមួយ កាត់ស៊កភ្ជាប់ទៅនឹងដងខ្លួនរបស់ចៅស្រី ដើម្បីអោយនាងអាចផ្លាស់ទីបានកាន់តែងាយស្រួល ដោយមានជំនួយពីដៃទាំងពីរ។
តាមរយៈរូបរាងដ៏ចម្លែកនេះ នាងក៏ត្រូវបានគេដាក់រហស្សនាមថា “ក្មេងស្រីកីឡាបាល់បោះ”។ ក្នុងរយៈពេល ៥ ឆ្នាំ នៃការកាត់ជើងរបស់នាង Qian Hongyan ក៏ត្រូវជំនួសបាល់បោះចំនួន ៨ ផងដែរ។ ជាក្មេងស្រីស្លូតបូត និងមិនសូវនិយាយស្តីច្រើន Qian Hongyan ក៏មិនខ្វល់ខ្វាយពីគ្រោះថ្នាក់នេះទេ។
ក្នុងឆ្នាំ ២០០៥ រដ្ឋាភិបាលបានឧបត្ថម្ភដល់នាងនូវទឹកប្រាក់ចំនយន ១០ ម៉ឺនយន់ (ស្មើនឹងជាង ១៣០០០ ដុល្លារ) ដើម្បីទៅកាន់មន្ទីរពេទ្យដ៏ល្បីមួយនៅក្នុងទីក្រុងប៉េកាំង។ ហើយឱកាសនោះ ក៏ធ្វើឱ្យនាងមានចំណង់ចំណូលចិត្តការងារល្អ ដើម្បីកែប្រែជោគវាសនារបស់នាងផងដែរ ។ នៅទីក្រុង Qian Hongyan បានព្យាយាមរៀនហែលទឹក ហើយនៅឆ្នាំ ២០០៧ នាងក៏ត្រូវបានគេទទួលយកជាផ្លូវការ នៅក្នុងក្លឹបហែលទឹកជាតិ។
លើកទីមួយទៅអាងហែលទឹក Hongyan ពិតជាតូចចិត្តខ្លួនឯងយ៉ាងខ្លាំង នៅពេលដែលនាងបានឃើញរាងកាយពេញលេញរបស់មនុស្សនៅជុំវិញនាង គឺនៅពេលដែលរាងកាយរបស់នាង ត្រូវដកបាល់បោះចេញ បង្ហាញនូវស្លាកស្នាមដ៏ធំនៅលើគូទរបស់នាង ដែលធ្វើឲ្យនាងគិតចង់បោះបង់ការហែលទឹកជាច្រើនដង។
តែបើទោះបីជានាងមានគុណវិបត្តិ បើធៀបនឹងអ្នកខាងក្រៅក៏ដោយ ប៉ុន្តែ ឆន្ទៈ និងកម្លាំងខាងក្នុងរបស់នាង គឺខ្លាំងជាងអ្នកដទៃ។ Hongyan បានហាត់ប្រាណយ៉ាងខ្លាំងរាល់ថ្ងៃ ដោយត្រូវឆ្លងកាត់ការហាត់ប្រាណជាបន្តបន្ទាប់។ មនុស្សនៅជុំវិញនាងក៏ផ្តល់ឱ្យនាងនូវថាមពលវិជ្ជមានសុទិដ្ឋិនិយមជាច្រើន និងការប្រឈមមុខនឹងការលំបាក។
ដោយសារឆន្ទៈ និងស្មារតីដ៏មុតមាំ នាងបានឈ្នះមេដាយមាស ១, មេដាយប្រាក់ ២ ក្នុងការប្រកួតកីឡាហែលទឹកថ្នាក់ជាតិ, មេដាយមាសចំនួន ៣ នៅមហោស្រពកីឡាខេត្តយូណាន និងមេដាយប្រាក់៣គ្រឿងនៅប៉ារ៉ាឡាំពិក។
ក្នុងឆ្នាំ ២០១៣ ភាពរីករាយដ៏អស្ចារ្យមួយទៀតបានកើតឡើងចំពោះនាង គឺនៅពេលដែលនាងត្រូវបានបំពាក់ជើងសិប្បនិម្មិតថ្មី ដោយវេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពចិន ដែលបានបង្កើនកម្ពស់របស់នាងដល់ ១.៦៤ ម៉ែត្រ។ យ៉ាងណាមិញ សម្រាប់របស់នាងដែលធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន Hongyan ឃើញថាពិតជាស្រស់ស្អាតខ្លាំងណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង























