ទង្វើរបស់ប៉ូលិសចរាចរណ៍សព្វថ្ងៃនេះ ដែលគេហៅថា ក្រុមប្រកបមុខរបររកលុយចូលហោប៉ៅនៅលើដងផ្លូវ បែបលក្ខណៈចែកគ្នា ដើម្បីជំរិតយកលុយពីប្រជាពលរដ្ឋ ពីការផាកពិន័យ ដែលបើកបរខុសបន្តិចបន្តួច និងសូម្បីពេលខ្លះមិនខុស បើមិនប្រកែកខ្លាំងដាក់ទេ គឺដឹងតែអស់លុយហើយ គឺនៅតែបង្កឲ្យប្រជាពលរដ្ឋរិះគន់មិនចេះចប់មិនចេះហើយ។
ជាក់ស្តែង ដូចករណីដ៏ចម្លែកខុសពីសព្វដងនេះ បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម ស្ទើរតែរកពាក្យថ្លែងពុំចេញ នៅពេលបានឃើញក្រុមប៉ូលិស «និនចា» ដាក់តុ ឆ័ត្រ នៅលើស្ពានខាងត្បូងស្តុបផ្សារអង្គតាសោម ដើម្បីចាំស្ទាក់ហៅ «ម៉ូយ» ដោយមិនខ្វល់ធ្វើឲ្យប៉ះពាល់ការចរាចរណ៍នៅលើស្ពានសោះឡើយ។
តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចយ៉ាងខ្លាំងនោះ គឺថានៅកន្លែងតុអង្គុយចាំផាកពិន័យ ក៏ត្រូវបានគេរកឃើញប៉ូលិសបានអុជធូប និងដាក់ទឹកផ្លែឈើសែនទៀតផង ដើម្បីបន់ឲ្យមានម៉ូយច្រើនៗ។
ក្រោយពីបានឃើញហួសចិត្តខ្លាំងពេក មហាជនបាននាំគ្នារិះគន់ដាក់ឲ្យកប់ថា៖ «សូមខ្លាចពួកហ្នឹងហើយ, ខ្វះកន្លែងមែន នៅលើស្ពានកន្លែងប្រជាពលរដ្ឋដើរឆ្លងកាត់ ក៏អស់លោកឯងធ្វើអាចបានមិនចេះខ្មាសដែរ, នេះជាលទ្ធផលប៉ូលីសចូលតាមខ្សែរអញ្ចឹងហើយ,…»។ រីឯអ្នកខ្លះទៀត ក៏បានចំអកឲ្យថា៖ «ចាប់លើស្ពាន ចង្អៀតស្រួលចាប់ អត់ផ្លូវគេច, សំខាន់មានសែនទឹកផ្លែឈើ អុជធូបទៀត លោកព្រះ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




