អ្នកតាមដានព័ត៌មានសង្គមសិល្បៈ បានដឹងរួចហើយថា លោក ងួន ចាន់ដេវីត ហៅG-Dvith និងកញ្ញាទេព បូព្រឹក្ស បើទោះជាពុំទាន់ដឹកដៃគ្នាចូលរោងការតាមប្រពៃណី តែពួកគេត្រូវបានមហាជនចាត់ទុកថា ជាប្តីប្រពន្ធនឹងគ្នា ព្រោះថា ពួកគេបានរក្សាក្តីស្រឡាញ់ដ៏រឹងមាំជាមួយគ្នា ដែលគិតមកដល់បច្ចុប្បន្ននេះ មានរយៈពេលប្រហែល ៦-៧ ឆ្នាំ មកហើយ។
ជាការពិតណាស់ បើទោះពួកគេទាំងពីរជាតារាចម្រៀងឯករាជ្យក៏ដោយ ក៏ពួកគេទទួលបានការគាំទ្រយ៉ាងច្រើន ជាពិសេសពីសំណាក់យុវវ័យតែម្តង តាមរយៈការចេញបទចម្រៀងខ្លួនឯង លេចមុខតាមកម្មវិធីប្រគំតន្ត្រីធំៗ និងជាពិសេសការធ្វើវីដេអូ Vlog ដែលអាចរកចំណូលបានក្នុងមួយខែៗមិនស្ទើរនោះទេ។ លើសពីនេះ ពួកគេក៏ជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនទូរសព្ទដ៏ល្បីមួយ និងមានការងារបន្ថែម ទទួលថតផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនមួយចំនួនទៀតផងដែរ។
មែនហើយ តាមរយៈភាពជោគជ័យក្នុងការងារសិល្បៈទាំងអស់នេះ ដែលមានអ្វីៗស្ទើរគ្រប់បែបយ៉ាង បានធ្វើឲ្យគេនិយាយថា អ្នកទាំងពីរសមល្មមដល់ពេលវេលានឹងត្រូវបង្កើតគ្រួសារមួយហើយ។ ជាក់ស្តែង ក្នុងរយៈចុងក្រោយនេះ គេសង្កេតឃើញថា ទេព បូព្រឹក្ស លេងស្ទីលសម្លៀកបំពាក់រលុងៗ ដែលធ្វើឲ្យមានការសង្ស័យថា តារាចម្រៀងស្រីរូបនេះ អាចនឹងពពោះទាំងមិនទាន់រៀបការហើយ។
ដូចសង្ស័យមែន ថ្មីៗនេះ តារាចម្រៀង ទេព បូព្រឹក្ស ស្រាប់តែបានបង្ហាញរូបថតមួយសន្លឹកកំពុងពរពោះកូនដំបូងជាសាធារណៈ ដោយបានភ្ជាប់សាររៀបរាប់ពីអារម្មណ៍រំភើបយ៉ាងខ្លាំងថា៖ «អំណោយដែលមិនអាចកាត់ថ្លៃ អំណោយដោយក្តីអំណរ ជាក្តីប្រាថ្នាដែលកើតមាននៅក្នុងចិត្តស្រ្តី និងមនុស្សគ្រប់រូបដែលប្រាថ្មាក្លាយជាមាតាបិតាដែលពោរពេញទៅដោយក្តីមេត្តាករុណា និងព្រហ្មវិហារធម៌ នោះទើបបានបង្កើតជាឈ្មោះថា មាតាជាព្រះ ( Goddess ) ដោយកិត្តយស ក៏សូមប្រកាសពីកាដូរពិសេសដែលពួកយើងខ្ញុំទទួលបានពរពីព្រះ ថា G-DEVITH បានក្លាយជា Handsome Daddy ជាផ្លូវការហើយ,
ដោយហេតុនេះក៏សូមចែករំលែកដំណឹងល្អនេះ ទៅកាន់អ្ននគាំទ្រ អ៊ុំពូមីង លោកតាលោកយាយ ដែលតែងតែស្រលាញ់គាំទ្រដល់នាងខ្ញុំ ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ នាងខ្ញុំក៏រីករាយនឹងចែករំលែកដំណឹងល្អ ក៏ដូចជាភាពសប្បាយរីករាយនៃយើងខ្ញុំជាមួយបងប្អូន ។ នាងខ្ញុំនឹងមាន special M/V ដោយមានចំណងជើងថា { GODDESS } នៅក្នុងខែ វិច្ឆិកា ខាងមុខនេះជាមួយនឹងទស្សនីយភាពថ្មីពីនាងខ្ញុំ ។ អរគុណសម្រាប់ការស្រលាញ់ពីបងប្អូនទាំងអស់គ្នា ដោយក្តីគោរព ពីយើងខ្ញុំ : ទេព បូព្រឹក្ស និង ងួន ចាន់ ដាវីត»។
ជាមួយគ្នានេះ គេក៏បានឃើញ លោក ជី ដេវីត បានបង្ហោះសារភ្ជាប់ជាមួយសាររបស់តារាចម្រៀង ទេព បូព្រឹក្ស យ៉ាងរំភើបផងដែរថា «ខ្ញុំក្លាយជាឪពុកដ៏ស្រស់សង្ហាហើយ PAPA VITH IS REAL»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














