ការរស់នៅជាជីវិតគូជាមួយគ្នា មិនមែនជារឿងងាយឡើយ…មានគូស្នេហ៍ជាច្រើនគូ ធ្លាប់ស្រឡាញ់គ្នាខ្លាំងណាស់ តែពេលមករស់នៅជាមួយគ្នា ក៏ត្រូវបិទឆាកស្នេហា លែងលះគ្នាយ៉ាងគួរឱ្យសោកស្ដាយ។ យើងជឿថា ការរស់នៅជាជីវិតគូជាមួយគ្នា គឺជាសិល្បៈម្យ៉ាងដែលត្រូវកែសម្រួល និងកែកុនយ៉ាងសន្សឹមៗ ដើម្បីឱ្យចូលគ្នាយ៉ាងល្អប្រសើរ។ ថ្ងៃនេះ យើងមានផ្នត់គំនិត ៥យ៉ាងក្នុងការទប់ប្រគងសេចក្ដីស្នេហា មកជម្រាបជូន…
១-យើងគឺ “ក្រុមតែ១” មិនមែនជា “គូប្រជែង” ទេ
នៅពេលមនុស្ស ២នាក់សម្រេចចិត្តរស់នៅជាគូនឹងគ្នា នោះគឺមានន័យថា អ្នកទាំង២ សម្រេចចិត្តធ្វើជា “ក្រុមតែ១” ដឹកដៃគ្នាឆ្លងបញ្ហា ឧបសគ្គផ្សេងៗ ទៅជាមួយគ្នា តែពេលខ្លះ អ្នកអាចនឹងភ្លេចខ្លួន មើលឃើញគ្នាឯងដូចជា “គូប្រជែង” ដែលចង់តែយកឈ្នះឱ្យបាន ចង់ប្រកែកឱ្យឈ្នះ ចង់ឱ្យម្ខាងទៀតព្រមធ្វើតាមអ្វីដែលយើងគិត តែលទ្ធផលចុងក្រោយ ប្រែក្លាយជា “ចាញ់ទាំង២នាក់” ព្រោះសេចក្ដីស្នេហាបាក់បែកដួលរលំ ដោយសារតែការព្យាយាមចង់ឈ្នះគ្នាឯង។ ដូច្នេះ មិនថាអ្នកចង់ឈ្លោះគ្នាដោយសាររឿងអ្វីក៏ដោយ សូមកុំឱ្យភ្លេចថា កតិការបស់រឿងនេះ គឺអ្នកទាំង២ ជាក្រុមតែ១ ដូច្នេះ ចុះចាញ់គ្នាខ្លះទៅ ដើម្បីឱ្យជីវិតគូ ឈានដើរទៅមុខទៀតយ៉ាងរលូន។
២-ទាំងអស់គ្នា គ្មាននរណាឥតខ្ចោះទេ និងសុទ្ធតែអាចខុសឆ្គង
តើធ្លាប់ទេ ដែលស្វាមី ឬភរិយារបស់ខ្លួន ទៅដើរលេងជាមួយស្វាមី ឬភរិយារបស់អ្នកដទៃ ហើយមានអារម្មណ៍ថា គូស្នេហ៍យើងមិនល្អដូចគេអ៊ីចឹងសោះ? អូខេ ទោះវាជារឿងធម្មតាដែលយើងច្រើនតែភ្លេចខ្លួន យកមនុស្សដែលយើងស្រឡាញ់ ទៅប្រៀបធៀបជាមួយអ្នកផ្សេងក្ដី តែយើងត្រូវតែតាំងសតិស្មារតី ហើយប្រាប់ខ្លួនឯងជាប់ជានិច្ចថា “គ្មាននរណាម្នាក់ល្អឥតខ្ចោះ” ដូចដែលយើងនឹកសង្ឃឹមនោះទេ។ ចូរសម្លឹងមើលគូស្នេហ៍របស់យើង ឱ្យដូចជាមនុស្សធម្មតា មានចំណុចអាក្រក់ដូចតែខ្លួនយើងដែរហ្នឹង ហើយទទួលស្គាល់រឿងទាំងអស់នោះ ព្រោះខ្លួនគាត់ក៏មានចំណុចល្អឡើងម៉ាគំនរដែរ មិនដូច្នោះទេ យើងប្រហែលមិនមែនសម្រេចចិត្តរៀបការជាមួយគាត់ទេ មិនថាចឹង?
៣-សេចក្ដីស្នេហា គឺជារឿង “ឯកលក្ខណៈម្នាក់” គ្រប់ៗគូ សុទ្ធតែមានលក្ខណៈផ្ទាល់របស់ខ្លួនឯង
សេចក្ដីស្នេហា គឺជារឿងដែលមិនមានអ្នកណាដូចអ្នកណាឡើយ គ្រប់ៗគូ មានចង្វាក់ពេលវេលារបស់ខ្លួនឯង មានការធ្វើដំណើរតាមបែបរបស់ខ្លួនឯង កុំយកស្នេហារបស់យើងទៅប្រៀបធៀបជាមួយអ្នកណា និងក៏មិនចាំបាច់ត្រូវធ្វើឱ្យដូចអ្នកដទៃគ្រប់យ៉ាងដែរ។ មានគូស្នេហ៍ជាច្រើនគូ ចែកបន្ទប់គ្នាគេង ដើម្បីឱ្យជីវិតអ្នកម្ខាងទៀតបានសម្រាកយ៉ាងពេញទំហឹង តែពួកគេក៏នៅតែស្រឡាញ់គ្នា ខ្លាំងជាងគូស្នេហ៍ដែលគេងនៅក្បែរគ្នារាល់យប់ទៅទៀត។ មានគូស្នេហ៍ជាច្រើនគូ ដែលខាងស្រីចេញទៅធ្វើការ ខាងប្រុសនៅផ្ទះមើលកូន តែជីវិតក៏ដើរទៅជាមួយគ្នាបានយ៉ាងមានសេចក្ដីសុខ។ ចូរស្វែងរកចំណុចដែលត្រូវគ្នាបំផុតរបស់ទាំង ២នាក់ ហើយនាំគ្នាធ្វើរឿងនោះឱ្យល្អ បំផុត ប្រសើរជាង។
៤-គ្មានអ្នកណាបានដូចចិត្តប៉ងគ្រប់យ៉ាងឡើយ
អ្នកអាចនឹងនឹកសង្ឃឹមពីសេចក្ដីសុខដ៏ច្រើនពីការរស់នៅក្នុងជីវិតគូ តែនៅពេលជួបនឹងរឿងពិត ក៏ត្រូវត្រិះរិះគិតយ៉ាងខ្លាំង ព្រោះស្វាមី ឬភរិយារបស់អ្នក បែរជាមិនបានដូចចិត្តប្រាថ្នាសោះឡើយ។ បញ្ហា ក៏គឺ អ្នកព្យាយាមផ្លាស់ប្ដូរគេ ឱ្យបានដូចចិត្តអ្នក តែអ្នកមិនអាចផ្លាស់ប្ដូរអ្នកណាបានឡើយ ចុងក្រោយអ្នកក៏កើតទុក្ខខ្លួនឯង។ វិធីដែលល្អបំផុត គឺអ្នកត្រូវរៀនយល់ដឹងជាមុនថា គ្មានអ្នកណាបានដូចចិត្តគ្រប់យ៉ាងនោះទេ ដូច្នេះបែរមកកែសម្រួលចិត្តខ្លួនឯង ឱ្យមានសេចក្ដីសុខជាមួយនឹងអ្វីដែលអ្នកកំពុងមានវិញ ប្រសើរជាង។
៥-យើងគ្មានផ្លូវផ្លាស់ប្ដូរអ្នកណាបានរហូតឡើយ
ភាពខុសប្លែកពីគ្នា គឺជារឿងសែនមហាធម្មតា តែវាបែរជាក្លាយជាបញ្ហាធំរបស់សេចក្ដីស្នេហានៅក្នុងគ្រួសារជាច្រើន នោះក៏ព្រោះថា ម្នាក់ៗសុទ្ធតែប្រកាន់ខ្ជាប់នូវអ្វីដែលខ្លួនឯងជឿធ្វើជាគោល ហើយព្យាយាមកែសម្រួលមនុស្សម្នាក់ទៀតឱ្យដូចនឹងអ្វីដែលខ្លួនត្រូវការ។ អ្នកអាចនឹងព្យាយាមបង្ខំស្វាមីរបស់អ្នក ឱ្យឈប់លេងហ្គេម បង្ខំឱ្យភរិយារបស់អ្នកឱ្យឈប់ទិញអីវ៉ាន់អនឡាញ តែអ្នកបង្ខំគេឱ្យធ្វើបែបហ្នឹងមិនបានរហូតទេ។ គ្រប់គ្នាសុទ្ធតែត្រូវវិលមកជាខ្លួនរបស់ខ្លួនឯងវិញជានិច្ច។ កុំធ្វើឱ្យមនុស្សដែលរស់នៅជាមួយអ្នក ត្រូវកើតទុក្ខ ដោយសារតែគេខំប្រឹងក្លែងបន្លំធ្វើជាមនុស្សម្នាក់ផ្សេង ដើម្បីឱ្យអ្នកពេញចិត្ត ព្រោះបែបហ្នឹង វានឹងធ្វើឱ្យសេចក្ដីស្នេហា ទៅមិនដល់គោលដៅនៅពេលដល់ថ្ងៃដែលភាពអត់ធ្មត់ វាផ្ទុះចេញមក។
ទីបំផុតទៅ ក្នុងជីវិតគូ គ្មានអ្វីសំខាន់ខ្លាំងជាងការចេះផ្ដល់កិត្តិយសគ្នាទៅវិញទៅមក មិនក្បត់ចិត្តគ្នា មិនធ្វើបាបគ្នា និងសាងក្រុមគ្រួសារជាមួយគ្នាដូចមនុស្សដែលមានបំណងប្រាថ្នាល្អចំពោះគ្នា ទោះជាយើងត្រូវផ្លាស់ប្ដូរអ្វីៗច្រើនយ៉ាងខ្លះក៏ដោយ តែទាំងអស់នោះ គឺជាអ្វីដែលធ្វើឱ្យសេចក្ដីស្នេហាស្ថិតស្ថេរគង់វង្សយូរអង្វែងបាន…យើងសូមផ្ដល់កម្លាំងចិត្តជួយគូស្នេហ៍គ្រប់គូទាំងអស់ ឱ្យធ្វើដំណើរទៅជាមួយគ្នាយ៉ាងរលូន តទៅណាចា៎ស៕