ភ្នំពេញ ៖ កីឡាករវ័យក្មេង ១គូ បានឡើងប្រកួតនាសង្វៀនប៉ុស្តិ៍លេខ៥ ក្រោមការទស្សនាពីទស្សនិកជនច្រើនកុះករ ហើយគ្រាន់តែបើកឆាកភ្លាម អ្នកមកមើលផ្ទាល់ម្នាក់ៗលាន់មាត់សរសើរ ដោយគូនេះប្រើក្បាច់គុនមើលទៅប្លែក ធ្វើឱ្យគេនឹកគិតថា វិជ្ជាគុនក្បាច់ប្រដាល់កម្ពុជា មានការរីកចម្រើនទៅមុខជាលំដាប់។
នេះជាកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ពានរង្វាន់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រៀបចំឡើងកាលពីព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅសង្វៀនប្រដាល់ប៉ុស្តិ៍លេខ៥ សង្កាត់ព្រែកកំពិស រាជធានីភ្នំពេញ។
កីឡាករបង្គោលក្រហម ឃន មហិទ្ឋិរិទ្ឋ មកពីក្លិប មហទ្ឋិរិទ្ឋ ខេត្តស្វាយរៀង ប្រកួតជាមួយ បង្គោលខៀវ ស៊ាង ឆៃ មកពីក្លិបរាហ៊ូកីឡាខេត្តស្វាយរៀង, ការប្រកួតមកដល់ ទឹកទី១ ជាទឹកចាប់ផ្តើម ម្នាក់ៗ បានធ្វើការស្ទាបស្ទង់ដាក់គ្នា ដើម្បីចង់ដឹងថា កម្លាំងក្នុងការលេងតិចនិចប្រដាល់ខាងណាខ្លាំង និងមានជំនាញជាង។
ចូលដល់ទឹកទី២ បង្គោលក្រហម មហិទ្ឋិរិទ្ឋ ហាក់វា.យតបតគូប្រកួតបានខ្លះៗ, រីឯបង្គោលខៀវ ហាក់នៅមិនទាន់បានឆក់ឱកាស វា.យបកវិញឡើយ។ ចាប់ពីទឹកទី៣ រហូតដល់ទឹកទី៥ ជាទឹកបញ្ចប់ បង្គោលក្រហម ដែលគេមើលឃើញថា ខ្លាំងខាងម៉ាត់ ជង្គង់ និងជើងរហ័ស បានវាយចូលដៃគូចំចំណុចល្អៗ និងទាញបានពិន្ទុជាបន្តបន្ទាប់។ នៅទីបំផុតកីឡាករពេញកម្លាំងបង្គោលក្រហម យកឈ្នះដោយជោគជ័យលើកីឡាករបង្គោលខៀវ ស៊ាង ឆៃ។
បង្គោលក្រហម ឃន មហិទ្ឋិរិទ្ឋ បាននិយាយថា ខ្លួនចូលចិត្តវិស័យកីឡាប្រដាល់នេះណាស់ ទើប បានជាហ្វឹកហាត់រៀនសូត្រ ដកបទពិសោធន៍បានប៉ុណេះ។ ឆ្លងកាត់ការប្រកួតនេះ ឃើញថា មិនអាចមើលស្រាលគូប្រកួតបានទេ ហើយរឹតតែមិនប្រហែស ពោលគឺ ត្រូវចេះការពារទុកជាប្រចាំទើបជាការល្អ៕











