ភ្នំពេញ៖នៅព្រឹកថ្ងៃទី៩វិច្ឆិកានេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃអង្គព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី ថ្នាក់ដឹកនាំមន្ត្រីរាជការតាមបណ្តាក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី៦៤(៩វិច្ឆិកា ១៩៥៣.៩វិច្ឆិកា ២០១៧) នៅវិមានឯករាជ្យ ដើម្បីគោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី វីរបុរសអ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនដែលបានទាមទារឯករាជ្យពីនឹមអាណានិគមនិយមបារាំង។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា តែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ដែលមានពិធីប្រទានភ្លើងទៀនជ័យ រំឭកគុណអ្នក ស្នេហាជាតិ ដែលបានពលីជីវិតដើម្បីឯករាជ្យពីពួកអាណានិគមបារាំង ហើយពិធីបុណ្យត្រូវបានធ្វើ ឡើងជារៀង រាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ វិច្ឆិកា ជាកំណត់។ ថ្ងៃ៩ វិច្ឆិកានេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យ សិស្សានុសិស្ស និស្សិត កម្មករ និយោជិត និងមន្ត្រីរាជការ បានឈប់សម្រាកផងដែរ ដើម្បីចូលរួមអបអរសាទរ។
គួរបញ្ជាក់ថា៖ទិវាបុណ្យឯករាជ្យ៩វិច្ឆិកាឆ្នាំ២០១៧នេះត្រូវបានប្រារព្វឡើងស្របគ្នាទៅនឹងថ្ងៃកំណើតលើកទី៦៤នៃកងយោពលខេមរៈភូមិន្ទផងដែរ ។ នេះជាការចងចាំជានិច្ចនូវឧបការគុណយុទ្ធជន យុទ្ធនារី បុព្វបុរសដែលបានបូជាជីវិតដើម្បីជាតិ និងប្រជារាស្ត្រ។ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ក៏បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ចដើម្បីទាមទាឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជាឲ្យរួចចាកផុតពីអាណានិគមនិយមបារាំង។
ឆ្នាំ១៩៥៣ គឺជាឆ្នាំដែលប្រជាជាតិខ្មែរ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម ព្រះមហាវីរក្សត្រព្រះបរមរតនៈកោដ្ឋ ទទួលបានជោគជ័យផ្តាច់ព្រ័ត្រធ្វើឲ្យប្រទេសបារាំងផ្ទេរអំណាច និងសមត្ថកិច្ចទាំងស្រុងមកជូនព្រះរាជាណាចក្រកម្ពុជាទាំងរដ្ឋបាលស៊ីវិល តុលាការ នគរបាល ទាហ៊ាន ការទូត នយោបាយក្នុងប្រទេស និងក្រៅប្រទេសមកអោយខ្មែរវិញ។នៅថ្ងៃទី៩វិច្ឆិកា ឆ្នាំ១៩៥៣ គឺនៅទីនេះឯង ដែលបារាំងបានប្រគល់ឯករាជ្យទាំងស្រុងមកឲ្យខ្មែរ រួចលា ឈប់មកទៀតដោយមិនបានធ្វើឲ្យឈាមខ្មែរ និងឈាមបារាំងហូរនោះទេ៕ ដោយ៖កូឡាប