កោះកុង ៖ គណៈប្រតិភូវិនិយោគចិន បានជួបប្រជុំជាមួយក្រុមមន្ត្រីអាជ្ញាធរខេត្តកោះកុង ដឹកនាំដោយ លោកស្រី មិថុនា ភូថង ពិភាក្សាអំពីសក្តានុពលវិយោគលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម និងគោលបំណងរបស់ក្រុមហ៊ុនចិន ក្នុងការបង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនី ក្នុងខេត្តកោះកុង។
ជំនួបដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ជាមួយគណៈប្រតិភូវិនិយោគចិននេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងឱ្យដឹងថាគណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគចិន មាន លោក លីវ ឈាន់ហ្វូ (LIU CHUANFU) អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile បានចាប់អារម្មណ៍ និងមានគោលបំណងបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ដោយនឹងបង្កើតរោងចក្រ និងដំឡើងរថយន្តអគ្គិសនីក្នុងភូមិសាស្ត្រខេត្តកោះកុងកម្ពុជា។
នេះគឺជាឱកាសមួយសម្រាប់រដ្ឋបាលខេត្តកោះកុង ដើម្បីកសាងទំនាក់ទំនងល្អប្រសើរ និងដើម្បីធ្វើយ៉ាងណាអាចឱ្យក្រុមហ៊ុនវិនិយោគចិនបានឈ្វេងយល់ពីគោលនយោបាយ កិច្ចសហប្រតិបត្តិការដីធ្លី ធនធានមនុស្ស និងសក្តានុពលនានាពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម រថយន្តអគ្គិសនីក្នុងខេត្តកោះកុង។
និយាយពីសក្តានុពលវិនិយោគរបស់ខេត្តកោះកុង លោកស្រីអភិបាលខេត្តរូបនេះ បានថ្លែងថា កោះកុងជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ខាងលិចនិងខាងត្បូងជាប់នឹងឈូងសមុទ្រ និងព្រះរាជាណាចក្រថៃឡង់ដ៍ និងខាងជើងជាប់ខេត្តពោធិ៍សាត់ វាមានសក្ដានុពល លើវិស័យកសិកម្ម ទាំងការដាំដុះ និងជលផល វិស័យឧស្សាហកម្ម រ៉ែ និងថាមពល វារីអគ្គិសនី ទេសចរណ៍ ពាណិជ្ជកម្ម និងមានចង្វាក់សេដ្ឋកិច្ចយ៉ាងខ្លាំងក្លាផងដែរ។
ដូច្នេះ ប្រសិនបើក្រុមហ៊ុនចិន ដាក់ការវិនិយោគឧស្សាហកម្មធុនធំ បង្កើតរោងចក្រដំឡើងរថយន្តប្រើថាមពលអគ្គិសនី នៅក្នុងខេត្តមួយនេះ ប្រាកដណាស់ថា នឹងធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន ទាំងរដ្ឋបាលខេត្តកោះកុង និងក្រុមហ៊ុន ព្រោះថា ទីនេះ កំពុងត្រូវបានសាងសង់កំពង់ផែទឹកជ្រៅ និងផ្លូវនាវាចរ និងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ គឺច្រកទ្វារព្រំដែនអន្តរជាតិចាំយាម កម្ពុជា-ថៃសម្រាប់ដោះដូរទំនិញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN



















