Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ ការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អ មានគុណធម៌ និងចេះមេត្តាអ្នកដទៃ

សង្គមយើងបច្ចុប្បន្ននេះ ផ្លាស់ប្តូរខុសពីមុនច្រើនណាស់ ការជួយយកអាសាគ្នា ការចែករំលែក ការអាណិតមេត្តាចំពោះគ្នាទៅវិញទៅមកដូចកាលពីអតីតកាលនោះ ស្ទើរតែលែងឃើញមានទៅហើយ។ ថ្ងៃនេះ យើងសូមជូននូវអត្ថបទដាស់ស្មារតីមួយសម្រាប់លោកឪពុក-អ្នកម្តាយ ឬអាណាព្យាបាល ក្នុងការចិញ្ចឹមមើលថែកូនចៅថា តើគួរធ្វើបែបណា ដើម្បីឱ្យសង្គមរបស់យើង បានរស់នៅជុំគ្នាយ៉ាងសុខសប្បាយ ចេះសណ្តោសប្រណី អាណិតមេត្តាចំពោះគ្នាទៅវិញទៅមក ព្រមទាំងបង្ហាត់កូនឱ្យចេះធ្វើអំពើល្អ និងអាណឹតស្រឡាញ់កូនឱ្យស្មើៗគ្នា ផ្តល់ភាពយុត្តិធម៌ដល់កូន ដើម្បីឱ្យកូនៗរបស់យើងបានរៀនយល់ដឹង និងប្រតិបត្តិតាមដូចតទៅ…

១-ពេលកូននៅជាទារក ឪពុកម្តាយត្រូវយល់អំពីកូនជាមុន
តាំងពីពេលកូន ស្ថិតក្នុងវ័យមិនទាន់ចេះនិយាយ មិនទាន់អាចប្រាប់បានថា គេត្រូវការអ្វី ឬចង់បានអ្វីនោះ ឪពុកម្តាយមួយចំនួនពូកែខ្លាំងណាស់ បានឮត្រឹមតែសំឡេងកូនយំ ក៏អាចដឹងបានភ្លាមថា កូនចង់ឱ្យឪពុកម្តាយឱប កូនឃ្លាន កូនរងា ឬអផ្សុក ចង់ឱ្យប៉ាម៉ាក់លេងជាមួយជាដើម។ នេះគឺជាការដៅចិត្តកូន ហើយបើកូនបានទទួលការតបស្នងតាមតម្រូវការក្នុងចំណុចដំបូងៗនេះ កូននឹងមានអារម្មណ៍ដឹង និងស្គាល់ពី “ដួងចិត្ត” របស់ប៉ាម៉ាក់បានដូចគ្នា។ ដូចដែលគេនិយាយថា ចេញពីបេះដូង ចូលទៅក្នុងបេះដូងហ្នឹងឯង។ នៅពេលកូនធំឡើង ការបង្ហាត់បង្រៀននឹងប្រែប្រួលទៅតាមអាយុ ដូចជា ពេលកូនអាយុបាន ៣ខួប កូនចេះលួងលោមបំពេ ពេលប្អូនដែលមានអាយុ ៧-៨ខែ កំពុងស្រែកយំជាដើម។ គឺជាការបង្ហាញឱ្យឃើញពីចំណុចដើមទី នៃព្រហ្មវិហារធម៌ទាំង៤ របស់កូនតូចវ័យ ៣ឆ្នាំ។ អ្នកម្តាយគួរពោលពាក្យសរសើរថា កូនចិត្តល្អណាស់ ត្រូវចេះអាណិតប្អូនណា៎…ពេលនោះកូននឹងកាន់តែអភិវឌ្ឍអារម្មណ៍បែបនេះច្រើនឡើង នៅពេលគេធំឡើងមិនខាន។

២-ជជែកលេង និងនិយាយរឿងជាមួយកូន
ដូចជា អ្នកម្តាយអាចរៀបរាប់ពីឧទាហរណ៍របស់មនុស្សល្អ ដែលចេះជួយដល់អ្នកដទៃ ដោយការលះបង់កន្លែងអង្គុយរបស់ខ្លួននៅក្នុងរថយន្តក្រុង ឱ្យទៅលោកយាយចំណាស់ម្នាក់ ដែលគ្មានកន្លែងអង្គុយ និងកំពុងឈរតោងបង្កាន់ដៃ ឬប៉ូលិសដែលយាមនៅមុខសាលារៀន ដឹកដៃនាំស្ត្រីម្នាក់ និងកូនដើរឆ្លងថ្នល់ ឬក៏អ្នកបើកឡានតាក់ស៊ីយកកាបូបលុយ ដែលភ្ញៀវភ្លេចនៅក្នុងឡាន ទៅឱ្យម្ចាស់គេវិញជាដើម។ រឿងទាំងអស់នេះ អ្នកម្តាយគួរនិយាយសរសើរពីពួកគេទាំងនោះ ឱ្យកូនបានស្តាប់ផងដែរ។

៣-បងប្អូនក្នុងវ័យ ២-៣ឆ្នាំ តែងតែឈ្លោះគ្នាដណ្តើមរបស់លេងជារឿងធម្មតា
វ័យ Toddler ហៅថា ជាវ័យ “It’s mine” ឬអ្វីៗក៏ជារបស់ខ្ញុំដែរ គឺក្មេងៗមានភាពអត្មានិយមខ្ពស់ណាស់។ “ខ្ញុំរើសបាន វាជារបស់ខ្ញុំ” អ្នកណាចង់យកទៅណាមិនបានទេណា៎ តែបើវាបែកបាក់ហើយ លែងល្អហើយនោះ “វាមិនមែនជារបស់ខ្ញុំទេ”។ ទាំងអស់នេះ ដោយសារតែកុមារដែលស្ថិតក្នុងវ័យនេះ ខួរក្បាលវិវឌ្ឍទៅមុខលឿន តែការត្រិះរិះគិតដោយហេតុផលទៅតាមមិនទាន់ ប្រៀបដូចឡានថ្មីម៉ាស៊ីនខ្លាំង តែហ្រ្វាំងមិនទាន់ធ្វើការអ៊ីចឹងដែរ ទើបត្រូវកើតសង្គ្រាមដណ្តើមរបស់លេង ឬដណ្តើមម៉ាក់ៗគ្នាឡើងរៀងរាល់ថ្ងៃ តែពេលធំទៅ នឹងល្អឡើងវិញដោយឯកឯង បើអ្នកម្តាយប្រាប់ថា “ផ្លាស់គ្នាលេងម្តងម្នាក់ក៏បានដែរកូន” ឬបងទៅអានរឿងនិទានជាមួយម៉ាក់ ទុកឱ្យប្អូនលេងមុនទៅ បន្តិចទៀតចាំផ្លាស់គ្នាលេង។ ឬកូនស្រីបង អាយុ ៣-៤ឆ្នាំ ដែលសុខចិត្តចុះចាញ់ប្អូននោះ ភ្នែកឡើងក្រហម ពេបមាត់ចង់យំ អ្នកម្តាយគួរពោលសរសើរថា “កូនជាក្មេងល្អណា៎កូន” ព្រមទាំងឱបថើបកូនផង និងលួងលោមថា បន្តិចទៀត ប្អូននឹងយកតម្រាប់តាម និងធ្វើតាមបងមិនខាន។ នេះគឺជាចំណុចចាប់ផ្តើមនៃការធ្វើជាមនុស្សល្អ ដូចគ្នានឹងពេលដែលកូនទៅសាលាមត្តេយ្យ ជួបនឹងពួកម៉ាកដែលមិនស្រួលខ្លួន ក៏ដឹកដៃពួកម៉ាកនោះទៅរកអ្នកគ្រូឱ្យជួយមើល នោះបញ្ជាក់ថា កូនមានចិត្តមេត្តាដ៏ប្រពៃហើយ ចេះអាណិតពួកម៉ាកដែលឈឺ ឬមាឌតូចជាងខ្លួនជាដើម។

៤-បង្រៀនកូនឱ្យនិយាយពាក្យពីរោះៗ
មានសម្តីគួរឱ្យស្រឡាញ់ សុភាព ចេះពោលពាក្យជម្រាបសួរ សាធុ សុំទោសនៅពេលធ្វើខុស និងអរគុណព្រមជាមួយការលើកដៃសំពះយ៉ាងស្អាត និងបង្អោនខ្លួនចុះ រួមទាំងចេះឱនលំទោនជាមួយមនុស្សចាស់ កូននឹងក្លាយជាក្មេងដ៏គួរឱ្យស្រឡាញ់ចូលចិត្តសម្រាប់អ្នកដែលបានឃើញ និងទទួលបានការសរសើរថា ជាក្មេងដែលមានការអប់រំល្អ។

៥-គំរូល្អៗតាមបែបខ្មែរ
ថ្ងៃចូលឆ្នាំខ្មែរមហាសង្ក្រាន្ត ថ្ងៃចូលឆ្នាំថ្មីសកល ថ្ងៃខួបកំណើតរបស់ចាស់ទុំ នាំកូនទៅក្រាបសំពះលោកតា លោកយាយចាស់ៗ ទៅធ្វើបុណ្យជាមួយគ្នា ឱ្យកូនៗជួយប៉ាម៉ាក់រៀបចំរបស់របរទៅធ្វើបុណ្យ ឬរៀបចំរបស់របរទៅសួរសុខទុក្ខចាស់ៗ ជាដើម។

៦-កុមារបឋមវ័យ ត្រូវចេះជួយកាងារខ្លះទៅតាមវ័យរបស់កូន
គេនឹងមានចិត្តអាសាស្ម័គ្រ និងមានចិត្តមេត្តាអ្នកដទៃនៅពេលធំឡើង ដូចជា ធ្វើកិច្ចការងារតូចតាចនៅក្នុងផ្ទះ ជួយបង ជួយប្អូននិងប៉ាម៉ាក់។ បង្រៀនឱ្យកូនស្រឡាញ់ធម្មជាតិដោយការដាំដើមឈើ មើលថែទាំដើមផ្កាឱ្យរីកធំធាត់ មើលបក្សីបក្សា មេអំបៅ ដង្កូវ និងមើលថែទាំសត្វចិញ្ចឹម ឱ្យចំណីត្រី ជាដើម។


៧-ក្មេងប្រុស ក្មេងស្រី បង្រៀន និងអប់រំដូចៗគ្នា
អ្នកខ្លះយល់ខុសថា ក្មេងប្រុសកុំទៅទន់ជ្រាយពេក “ប្រយ័ត្នទៅជាខ្ទើយ” ឱ្យស្វាហាប់ឡើង រាងកាចតិចៗ ទើបសមជាមនុស្សប្រុស។ ការពិតទៅ ភាពទន់ភ្លន់ មិនមែនជាភាពទន់ជ្រាយទេ “អំពើល្អមានមេត្តាចំពោះគ្នា មិនបែងចែកភេទទេ” ព្រោះយើងជាមនុស្សរស់នៅលើផែនដីតែមួយរួមគ្នា យើងមិនចូលចិត្តបុរសដែលកាចឃោរឃៅទេ តែកោតសរសើរបុរសដែលជាមនុស្សល្អ សម្តីពីរោះ ទឹកចិត្តល្អ មានទង្វើល្អៗ ព្រោះយើងត្រូវការមនុស្សល្អនៅក្នុងសង្គម។

ពិភពលោកនឹងគួរឱ្យរស់នៅសម្រាប់កូនក្នុងពេលនេះ និងក្នុងពេលអនាគតដែលមានភាពរីកចម្រើនយ៉ាងខ្លាំងខាងផ្នែកតិចណូឡូជី និងសភាពជុំវិញខ្លួនដែលកាន់តែកាចសាហាវខ្លាំងឡើង តែបើកូនមានប្រព័ន្ធការពារល្អខាងផ្លូវចិត្ត ជាមនុស្សល្អ កូននឹងមានជីវិតរស់នៅប្រកបដោយសេចក្តីសុខ និងអាចជួយយកអាសាអ្នកដទៃបានទៀតផង៕

side view of african american mother talking with her daughter indoors
Upset small schoolgirl having trustful conversation with compassionate young mother, sitting together on sofa. Wise mommy comforting soothing little child daughter, overcoming problems at home.
Conflict on the playground. Two kids fighting over a toy shovel in the sandbox
Kids playing with plastic blocks
Happy Asian family
×