Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ ទង្វើ ៥យ៉ាង ពិសោធស្នេហារបស់គូស្នេហ៍ក្រោយពេលរៀបការ

ក្រោយពីប្តូរស្ថានភាពពីគូសង្សារ មកជាគូជីវិត ឬជាគូស្វាមីភរិយានឹងគ្នាហើយ ក្រៅពីធ្វើឱ្យការរស់នៅរបស់អ្នកប្រែប្រួលហើយ អាចនឹងហុចផលឱ្យស្នេហាប្រែប្រួលទៅតាមនោះដែរ។ ការប្រែប្រួលទាំងនោះ អាចជាចំណុចមួយដែលធ្វើឱ្យនារីជាច្រើនកើតក្តីសង្ស័យថា តើពេលនេះគូស្នេហ៍របស់ខ្លួន នៅតែមានអារម្មណ៍ស្រឡាញ់យើងដូចកាលពីមុនឬក៏អត់? តែក៏មិនហ៊ានសួរដែរ ព្រោះខ្លាចថា សំណួរមួយនេះនឹងនាំទៅរកការឈ្លោះទាស់ទែងគ្នា ដូច្នេះទើបថ្ងៃនេះ យើងចង់ឱ្យនារីៗទាំងឡាយយល់ពីចិត្តគូស្នេហ៍របស់ខ្លួនឱ្យបានកាន់តែច្រើនឡើង និងឱ្យមានភាពជឿជាក់ចំពោះសេចក្តីស្នេហាដែលស្វាមីអ្នកមានចំពោះអ្នកឱ្យកាន់តែច្រើនឡើង តាមរយៈទង្វើ ៥យ៉ាងដែលបង្ហាញឱ្យឃើញច្បាស់ថា គេនៅតែស្រឡាញ់អ្នកដដែល ដូចតទៅ…

  ១-នៅតែនិយាយពាក្យថា ស្រឡាញ់អ្នកជាប់ជានិច្ច
   បើគេនៅតែប្រាប់ថា ស្រឡាញ់អ្នកៗ ជាប់ជាប្រចាំ ដែលទោះជាអ្នកមើលឃើញ ឬមើលមិនឃើញពីភាពសំខាន់របស់ការនិយាយបែបនេះក៏ដោយ តែគ្រាន់តែគេបាននិយាយថា គេស្រឡាញ់អ្នកប៉ុណ្ណឹង ក៏អាចធ្វើឱ្យគេញញឹមបានដែរនោះ សូមអ្នកជឿចុះថា គេពិតជាគិតដូចសម្ដី ដែលអ្នកបានឮនោះមែនហើយ និងគេពិតជានៅតែមានអារម្មណ៍បែបនោះជានិច្ច ទោះជាអាពាហ៍ពិពាហ៍កន្លងផុតទៅប៉ុន្មានឆ្នាំហើយក៏ដោយ ហើយគេនឹងនៅតែស្រឡាញ់អ្នកជានិច្ច ដរាបណាគេនៅតែមានដង្ហើម។

  ២-បង្ហាញច្បាស់គ្រប់ទង្វើ
   មិនថាអ្នករៀបការជាមួយគេមកយូរប៉ុនណាហើយក៏ដោយ តែគេនៅតែជាមនុស្សម្នាក់ដែលដូចពីមុនដដែល និងបញ្ជាក់ច្បាស់រាល់ទង្វើដែលគេបានធ្វើចំពោះអ្នកជានិច្ច វាគឺជាការបញ្ជាក់ពីបេះដូង និងដួងចិត្តរបស់គេ ដើម្បីកុំឱ្យអ្នកនៅនឹកសង្ស័យ ស្រពេចស្រពឹលក្នុងចិត្ត ឬមានកង្វល់លើរូបគេឱ្យសោះ ហើយវាក៏ជាការបង្ហាញនូវក្តីស្នេហាដែលគេមានចំពោះអ្នក ដើម្បីឱ្យអ្នកមានអារម្មណ៍ជឿជាក់ចំពោះរូបគេជានិច្ច មិនថាតែកាឱប កាន់ដៃ ឱបស្មា ឬទង្វើអ្វីផ្សេងទៀតក៏ដោយ វាហាក់ដូចជារាល់ៗថ្ងៃ ជាថ្ងៃដែលគេបានជួបអ្នកគ្រាដំបូងដូច្នោះដែរ។

 ៣-សេចក្តីសុខរបស់អ្នក គឺសេចក្តីសុខរបស់គេ
    បើអ្នកឃើញថា គេសប្បាយចិត្តពេលដែលឃើញអ្នកមានសេចក្តីសុខ ហើយគេព្យាយាមគ្រប់វិធីដើម្បីធ្វើឱ្យអ្នកមានសេចក្តីសុខនោះ ចូរជឿជាក់ក្នុងចិត្តចុះថា ពាក្យថាស្រឡាញ់របស់គេនោះ នៅតែជាការពិតជានិច្ច  ព្រោះបើសិនជាគេមិនមានអារម្មណ៍បែបហ្នឹងទេនោះ គេច្បាស់ជាមិនអាចកុហក ឬធ្វើបែបនោះបានយូរអង្វែងឡើយ ហើយយើងក៏ជឿថា នារីៗគ្រប់រូប ក៏អាចដឹងពីអារម្មណ៍ទាំងនោះបាន តាមរយៈសញ្ជាតិញាណរបស់ខ្លួនស្រាប់ទៅហើយដែរ។

  ៤-គេព្រួយកង្វល់នៅពេលមានរឿងរ៉ាវមិនល្អកើតឡើងចំពោះអ្នក
     អ្នកអាចពិសោធបាន តាមរយៈអាកប្បកិរិយារបស់គេ នៅពេលកើតរឿងរ៉ាវមិនល្អឡើងចំពោះអ្នក ដូចជាគេមានអារម្មណ៍ខឹង នៅពេលមានអ្នកណាធ្វើឱ្យអ្នកភ័យកង្វល់ ឬគេមានអារម្មណ៍ឈឺចាប់ នៅពេលឃើញអ្នកឈឺថ្កាត់ បើអាចជ្រើសរើសបាន គេប្រាកដជាប្រមូលយកអារម្មណ៍ទុក្ខលំបាកទាំងនោះមកទុកក្នុងខ្លួនគេជំនួសវិញមិនខាន។ គ្រាន់តែប៉ុណ្ណឹង ក៏បញ្ជាក់ឱ្យឃើញច្បាស់ហើយថា គេនៅតែស្រឡាញ់ និងបារម្ភពីអ្នកជានិច្ច មិនថាអ្នករស់នៅជាមួយគ្នាមកប៉ុន្មានឆ្នាំហើយក៏ដោយ។

   ៥-អ្នក គឺជាផ្នែកសំខាន់របស់ជីវិតគេ
សញ្ញាមួយទៀតដែលបង្ហាញឱ្យឃើញថា គេនៅតែស្រឡាញ់អ្នកជានិច្ចនោះ គឺការដែលគេគិតថា អ្នក គឺជាចំណែកសំខាន់មួយរបស់ជីវិតគេ និងមិនអាចនឹងមានជីវិតរស់នៅតទៅទៀតបានឡើយ បើសិនជាគេគ្មានរូបអ្នក។ អ្នកអាចពិសោធ រកការពិតលើចំណុចនេះបាន តាមរយៈការដែលគេតែងនឹកឃើញអ្នកមុនគេបង្អស់ នៅពេលកើតមានរឿងរ៉ាវអាក្រក់ ឬល្អណាមួយឡើង ហើយមិនថាគេចង់រៀបផែនការធ្វើអ្វីមួយក៏ដោយ គឺតែងតែមានរូបអ្នកនៅក្នុងអនាគតរបស់គេជានិច្ច និងផ្តល់នូវភាពសំខាន់ចំពោះអ្នកយ៉ាងខ្លាំង ព្រោះតែគេគិតថា អនាគតរបស់គេ គឺអនាគតរបស់អ្នកហ្នឹងឯង។

 ក្រៅពីនេះ ជួនកាលទោះជាគេមិនបានសម្តែងនូវសេចក្តីស្រឡាញ់ឱ្យអ្នកបានឃើញយ៉ាងជាក់ច្បាស់តាមរយៈពាក្យសម្ដី ឬទង្វើ ឬអ្វីៗដែលផ្សេងពីសញ្ញាទាំង៥ ខាងលើនេះក៏ដោយ ក៏សូមអ្នកកុំអាលយល់ខុសថា គេអស់សេចក្តីស្នេហាលើរូបអ្នកឱ្យសោះ ព្រោះគេអាចជាមនុស្សដែលមិនសូវចេះបង្ហាញពីអារម្មណ៍ និងទង្វើផ្សេងៗ ក៏អាចថាបានដែរ ដូច្នេះអ្នកមិនគួរសម្រេចសេចក្តីគេ តែលើសម្បកក្រៅឡើយ តែត្រូវមើលឱ្យជ្រៅទៅដល់ចរិតនិស្ស័យរបស់គេ ដើម្បីនឹងបានរស់នៅជាគូគ្រងនឹងគ្នាប្រកបដោយសេចក្តីសុខ រហូតដល់ដង្ហើមចុងក្រោយរៀងៗខ្លួន។
Young people showing a heart-shaped symbol with hands
×