សៀមរាប៖ មានការផ្សព្វផ្សាយថានៅថ្ងៃទី៧ ខែ មិថុនា ឆ្នាំ ២០១៨ អាជ្ញាធរខេត្តចង់ឈូសផ្សារផល្លារាត្រីអង្គរ៥ ដែលមានប្លង់កម្មសិទ្ធិត្រឹមត្រូវ ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីបើកផ្លូវ ប៉ុន្តែម្ចាស់ផ្សារ និង បងប្អូនអាជីវករ ប្រតិកម្មមិនឲ្យឈូស ។
នៅវេលាម៉ោងប្រមាណ១៧នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ លោក ផែន វណ្ណៈ អ្នកសារព័ត៌មានឯករាជ្យ បានធ្វើការឡាយផ្ទាល់ អំពីព័ត៌មាន ស្តីពីការសុំបើកផ្លូវរបស់ប្រជាពលរដ្ឋ៥០គ្រួសារ រស់នៅក្រោយផ្សារ ផល្លា រាត្រីអង្គរ៥ ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ដែលបានធ្វើរបងបិទផ្លូវរបស់បងប្អូន ដែលពួកគាត់បានធ្វើដំណើរទៅមកពីឆ្នាំ១៩៧៩មកម្លេះ ហើយត្រូវបានម្ចាស់ផ្សារដែលបានទិញបន្តបានធ្វើរបងថ្មបិទតែម្តង ។
ពាក់ព័ន្ធនឹងករណីនេះ តាមតំណាងប្រជាពលរដ្ឋទាំង៥០គ្រួសារ បានគូសបញ្ជាក់ថា ក្នុងការតវ៉ានាពេលនេះ គឺសុំឲ្យលោក ផែន វណ្ណៈ ចេញមុខមកបកស្រាយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលបានធ្វើការបកស្រាយផ្ទុយស្រឡាសពីការពិត ដែលបងប្អូន ប្រជាពលរដ្ឋដែលរស់នៅទីតាំងនោះក្រោយថ្ងៃជ័យជំនះ ១៩៧៩ ។ ក្នុងការផ្សាយព័ត៌មានដោយឡាយផ្ទាល់នោះ លោក ផែន វណ្ណៈ បានធ្វើការបរិហាទៅលើ ឯកឧត្តមអភិបាលខេត្តដោយឥតមានសម្ចៃវោហារបស់ខ្លួនឡើយ ដែល ធ្វើឲ្យប្រជាពលរដ្ឋខឹងសំបារយ៉ាងខ្លាំងការមើលងាយដល់ថ្នាក់ដឹកនាំរបស់ខ្លួន ។ ក្នុងនោះតំណាងប្រជាពលរដ្ឋក៏បាន គូសបញ្ជាក់ថា សកម្មភាពសារព័ត៌មានរបស់ ផែន វណ្ណៈ នេះធ្វើទៅដូចឆ្មាចូលលួចត្រីអាំង ដោយបានយកតែពាក្យ សម្តីតែភាគីម្ខាង ហើយចំពោះប្រជាពលរដ្ឋដែលបានស្នើសុំបើកផ្លូវ ដោយមានសេចក្តីណែនាំរបស់ខេត្ត ព្រមទាំងការ ធ្វើកិច្ចសន្យារបស់ម្ចាស់ផ្សារជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញ នៅពេលរដ្ឋត្រូវការបើកផ្លូវ និងប្រគល់ជូនដោយឥត មានលក្ខ័ន្តអ្វីឡើយ ។ ក្រោយពីបងប្អូនទាំង៥០គ្រួសារ បានប្រតិកម្មចំពោះពាក្យសម្តីរបស់ ផែន វណ្ណៈ នៅតាមដងផ្លូវរួចមក នៅវេលាម៉ោង ១៩ បងប្អូនក៏បានមកឈរធ្វើការតវ៉ា នៅមុខផ្ទះម្ចាស់ផ្សារ ផល្លា រាត្រីអង្គរ៥ ទាមទារឲ្យ ផែន វណ្ណៈ ចេញមកជួប ដើម្បីនិយាយគ្នាឲ្យបានច្បាស់លាស់ តែឥតអំពើទេ ផែន វណ្ណៈ បានគេចខ្លួនចេញពីផ្ទះ ម្ចាស់ផ្សារ ផល្លា រាត្រីអង្គរ៥ បាត់ស្រមោលទៅហើយ ។ បន្តមកប្រជាពលរដ្ឋទាំងនោះ បានមកឈរធ្វើការតវ៉ានៅមុខ ផ្សារ ផល្លា រាត្រីអង្គរ៥ ទៀតផង។
ក្នុងនោះដែរកម្លាំងសមត្ថកិច្ចយើង ដែលបានចុះទៅជួយធ្វើការអន្តរាគមន៍ ការពារកុំឲ្យមានកើតឡើងអំពើហិង្សា ក៏ត្រូវបានរងការចោទប្រកាន់ របស់កូនប្រុសម្ចាស់ផ្សារ ថា កម្លាំងសមត្ថកិច្ចទៅហ៊ំព័ទ្ធផ្ទះរបស់ខ្លួន ដែលខុសស្រឡះ ពីការពិត គឺចុះមករក្សានូវសណ្តាប់ធ្នាប់ សន្តិសុខ ដើម្បីជៀសវាងកុំឲ្យមានកើតនូវអំពើហិង្សាតែប៉ុណ្ណោះ ដែលជាភារកិច្ច របស់សមត្ថកិច្ច ។
ដើម្បីរក្សានូវសណ្តាប់ធ្នាប់សាធារណៈ ក្នុងការបញ្ចៀសកុំឲ្យមានការប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរណ៍ នា ឱកាសនោះក៏មានវត្តមាន លោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលក្រុងសៀមរាប រួមទាំងកម្លាំងសមត្ថកិច្ច បានចុះមកជួយធ្វើការអន្តរាគមន៍ សម្របសម្រួលដល់បងប្អូនតំណាងប្រជាពលរដ្ឋទាំង៥០គ្រួសារ ក៏ដូចបងប្អូនជា អាជីវករលក់ដូរនៅក្នុងផ្សារ ផល្លា រាត្រីអង្គរ៥ សូមកុំឲ្យជឿនូវពាក្យដែលលោក ផែន វណ្ណៈ បានលើកឡើងថា អាជ្ញា ធរខេត្តនឹងធ្វើការឈួសឆាយ តូបលក់ដូររបស់បងប្អូននោះ គឺខុសពីការពិតនៃសេចក្តីណែនាំរបស់អាជ្ញាធរខេត្តទាំង ស្រុង ។ ក្នុងនោះលោកអភិបាលក្រុង ក៏បានធ្វើការណែនាំទាំងប្រជាពលរដ្ឋតវ៉ា និង អាជីវករ ឲ្យធ្វើការរំងាប់ចិត្តសិន ដើម្បីរក្សាសណ្តាប់ធ្នាប់ សន្តិសុខនៅទីផ្សាររាត្រី ព្រមទាំងសូមឲ្យធ្វើការរំសាយទៅកាន់លំនៅដ្ឋានរៀងៗខ្លួន ។ ចំពោះបញ្ហាទាំងនេះ អាជ្ញាធរខេត្ត ក្រុង បានកំពុងតែអនុវត្តទៅដោយសន្តិវិធី នៃច្បាប់រដ្ឋបាលទៀតផង ។
សូមបញ្ជាក់ថា ក្នុងលិខិតរបស់លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានបញ្ជាឲ្យម្ចាស់ផ្សារផល្លារាត្រីអង្គរ៥ ដែលមានអាជីវករកំពុងលក់ដូរវត្ថុអនុស្សាវរីយ៍ជូនភ្ញៀវទេសចរបរទេសចំនួនជិត ៣០០ នាក់ ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប រុះរើតូប រើរបង និង ឈូសក្បាលដីគាត់ចំកណ្ដាលដីឡូត៍ដើម្បីបើកផ្លូវ ។ ការបញ្ជាឲ្យរើតូប រើរបង និងយកដីឡូត៍មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ទៅឈូសបើកផ្លូវ បានធ្វើឡើងតាមរយៈលិខិតមួយច្បាប់របស់ រដ្ឋបាលខេត្តសៀមរាប លេខ២៩៣ ស.ជ.ណ១៨ ចុះថ្ងៃទី ៧ ខែ មិនា ឆ្នាំ ២០១៨ ចុះហត្ថលេខាដោយ ឯកឧត្ដម ឃឹម ប៊ុនសុង ។ ក្នុងលិខិតបានព្រមានម្ចាស់ផ្សារដោយទុកពេលឲ្យតែ១៥ ថ្ងៃប៉ុណ្ណោះ បើមិនព្រមរុះរើអាជ្ញាធរខេត្តនឹងចុះមករុះរើដោយមិនទទួលខុសត្រូវការខូចខាតឡើយ ។ លោកឃឹម ប៊ុនសុង បានបញ្ជាក់ថា រដ្ឋបាលខេត្តបានសម្រេចបើកផ្លូវទំហំ៩ម៉ែត្រ កាត់ក្បាលដីលេខ ៤៤៨,៦៣៩ រួចហើយ ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីបញ្ចៀសការកកស្ទះចរចរណ៍។
រដ្ឋបាលខេត្តសៀមរាប បានចេញមកបំភ្លឺថា ពុំមានការឈូសតូបលក់ដូររបស់អាជីវករ នៅផ្សារផល្លារាត្រីអង្គរ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីបើកផ្លូវទំហំ៩ម៉ែត្រ តាមការសម្រេចរបស់គណៈកម្មការរដ្ឋបាល និងកិច្ចសន្យាកន្លងមករវាងម្ចាស់ក្បាលដី ជាមួយរដ្ឋបាលខេត្តសៀមរាប សម្រាប់បម្រើឲ្យផលប្រយោជន៍សាធារណៈនោះទេ។
សេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានធ្វើឡើងបន្ទាប់ពី មានការលើកឡើងថា អាជ្ញាធរខេត្តសៀមរាប ចង់ឈូសតូបលក់ដូរ ដើម្បីបើកផ្លូវនៅក្នុងផ្សារផល្លារាត្រីអង្គរ ដែលមានម្ចាស់ឈ្មោះ ប៉ិល ហូលី ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
រដ្ឋបាលខេត្តសៀមរាប បានរៀបរាប់ថា កាលពីដើមទីតាំងក្បាលដីលេខ៤៤៨ និង៦៣៩ ដែលមានម្ចាស់ឈ្មោះ ប៉ិល ហូលី (ដីផ្សារផល្លារាត្រីអង្គរ) នេះគឺជាទួលកប់ខ្មោច ដែលមានឈ្មោះថា គោកកុមារ។ ក្រោយឆ្នាំ១៩៧៩មក ឈ្មោះ ជា សុផល បានកាន់កាប់ និងអាស្រ័យផលលើដីនេះ រហូតដល់ឆ្នាំ១៩៩២ ហើយបានដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ បន្ទាប់មកឈ្មោះ ជា សុផល បានបិទផ្លូវដែលប្រជាពលរដ្ឋធ្លាប់បានប្រើប្រាស់កន្លងមក។ នៅឆ្នាំ១៩៩៧ ឈ្មោះ ជា សុផល បានផ្ទេរសិទ្ធិកាន់កាប់ឲ្យឈ្មោះ ចាប ចំរើន ហើយក្នុងឆ្នាំ២០០៣ ឈ្មោះ ចាប ចំរើន បានផ្ទេរសិទ្ធិកាន់កាប់បន្ដឲ្យឈ្មោះ ប៉ិល ហូលី។
ក្រោយពីផ្លូវនេះត្រូវបានបិទ ប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់ផ្លូវនេះ បានធ្វើការប្ដឹងតវ៉ាមកអាជ្ញាធរខេត្តឲ្យជួយដោះស្រាយជាបន្ដបន្ទាប់ រហូតដល់ ទីតាំងក្បាលដីខាងលើនេះ ត្រូវបានប្រកាសជាតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ (LMAP) ហើយនៅឆ្នាំ២០១០ គណៈកម្មការរដ្ឋបាល បានសម្រេចកំណត់ បើកទំហំផ្លូវ ៩ម៉ែត្រ ចាប់ពីមុខក្បាលដីរបស់ឈ្មោះ ប៉ិល ហូលី (ដីផ្សារផល្លារាត្រីអង្គរ) រហូតដល់ផ្លូវព្រំប្រទល់ភូមិស្ទឹងថ្មី ក្នុងគោលបំណងបញ្ចៀសការកកស្ទះចរាចរណ៍ និងបង្ការគ្រោះអគ្គិភ័យជាយថាហេតុ ព្រមទាំងបង្កើតឲ្យបានជាបណ្ដាញផ្លូវប្រទាក់ក្រឡាគ្នា។
បើយោងតាមកិច្ចសន្យារបស់ ឈ្មោះប៉ិល ហូលី និងឈ្មោះភុំ ផល្លា ជាប្តីប្រពន្ធដែលជាម្ចាស់ដី បានបញ្ជាក់ថា ខ្ញុំស្ម័គ្រចិត្តបើកផ្លូវទំហំ៩ម៉ែត្រ ដោយឥតលក្ខខណ្ឌ និងប្រគល់ជូនដល់អាជ្ញាធរតាមការស្នើសុំ ចំណែកគម្រោងសាងសង់តូបលក់វត្ថុអនុស្សាវរីយ៍ឡើងវិញ ខ្ញុំនឹងរៀបចំសាងសង់ដោយរក្សាទុកផ្លូវទំហំ៦ម៉ែត្រ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន ស្ថិតនៅលើដីឡូត៍របស់ខ្ញុំនឹងរក្សាទុកព្រំប្រទល់ដី ព្រមទាំងស្ថានភាពដីឲ្យនៅដដែល។ ចំណែកផ្លូវ៩ម៉ែត្រ ដែលអាជ្ញាធរខេត្តស្នើសុំត្រូវកំណត់ដោយមិនឲ្យខូតខាតផលប្រយោជន៍របស់ខ្ញុំជាម្ចាស់ដីឡើយ និងមានការឯកភាពរវាងម្ចាស់ដី និងអាជ្ញាធរខេត្ត ។ ករណីមិនគោរពការកំណត់របស់រដ្ឋ ខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ