ភ្នំពេញ៖ បន្ទាប់ពីមានអគតិមួយចំនួនបានចោទប្រកាន់ថាព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលអំពាវនាវឲ្យជនរួមជាតិទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រះរាជសារក្លែងក្លាយ។ ក្រសួងព្រះបរមរាជវាំង បានយោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ដោយបានអះអាងថា ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនមានការក្លែងក្លាយ និងមិនមានការគំរាមកំហែងឡើយ គឺជាព្រះរាជសារពិតប្រាកដ។
ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់យ៉ាងច្បាស់ប្រាប់ដល់ជនរួមជាតិថា៖ “នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនអគតិបានចោទ ប្រកាន់ថា មានការក្លែងក្លាយលើ ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចុះថ្ងៃសុក្រ ទី៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលមានខ្លឹមសារអំពាវនាវដល់ជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះសំដៅជ្រើសរើសអ្នកដឹកនាំប្រទេសជាតិថ្មី”។
ក្រសួងព្រះបរមរាជវាំង សូមប្រកាសជាព័ត៌មាន ជូនសាធារណជនជ្រាបថា “ព្រះរាជសាររបស់ ព្រះករុណាព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ខាងលើនេះ មិនមានការក្លែងក្លាយ និងមិនមានការគំរាមកំហែងឡើយ គឺជាព្រះរាជសារ ពិតប្រាកដ។ ក្រសួងព្រះបរមរាជវាំង សូមបដិសេធដាច់អហង្ការ និងច្រានចោលទាំងស្រុង នូវរាល់ការចោទប្រកាន់បំផ្លើស ប្រាសចាកការពិត”៕ ដោយ៖បញ្ញាស័ក្តិ