ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជិនពីង ចាប់ផ្តើមពិភាក្សាគ្នានៅក្នុងទីក្រុងប៉េកាំង បន្ទាប់ពីមានទទួលការស្វាគមន៍យ៉ាងកក់ក្តៅកាលពីថ្ងៃពុធម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអង់គ្លេសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ៩។
លោក ត្រាំ ត្រូវគេរំពឹងថានឹងលើកយកបញ្ហា ដែលចិនអាចធ្វើបានដើម្បីទប់ស្កាត់នឹងមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ក្នុងដំណើរទស្សនៈកិច្ចរបស់មេដឹកនាំមហាអំណាចពិភពលោកមកកាន់តំបន់អាស៊ី គឺផ្តោតសំខាន់លើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។
អាមេរិច ចង់ឲ្យចិន ដែលជាសម្ព័ន្ធមិត្តតែមួយរបស់ទីក្រុងព្យុងយ៉ាង ដាក់ទណ្ឌកម្មបន្ថែមទៀត ប៉ុន្តែភាគីខាងចិនបាននិយាយថាខ្លួនបានធ្វើគ្រប់គ្រាន់រួចហើយ។
មេដឹកនាំនៃមហាអំណាចទាំងពីរក៏ត្រូវគេរំពឹងថា នឹងពិភាក្សាគ្នាឱនភាពនៃជំនួញរបស់ពួកគេផងដែរ។
កាលពីខាងដើម ក្នុងកំឡុងដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង លោក ត្រាំបានជំរុញឲ្យកូរ៉េខាងជើងយល់ព្រមបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលលោកបានធ្វើការព្រមានថា កុំឲ្យកូរ៉េខាងជើងចង់សាកជាមួយអាមេរិច។
លោកក៏បានស្នើឲ្យប្រទេសចិនផ្តាច់ទំនាក់ទំនងជាមួយនឹងព្យុងយ៉ាង និងឲ្យដាក់សម្ពាធលើរបបផ្តាច់ការមួយនោះផងដែរ៕ សុភ័ក្ត្រ