បើអ្នកមិនប្រាកដក្នុងចិត្តថា តើមនុស្សដែលអ្នកកំពុងសេពគប់នោះ គឺជាមនុស្សដែល “មែន” ឬ “មិនមែន” សម្រាប់រូបអ្នកនោះ វាមិនមែនជារឿងចម្លែកទេ ព្រោះដំបូងៗ ថ្មីៗ អ្វីៗក៏មើលទៅដូចជាល្អគ្រប់យ៉ាងដែរ តែលុះពេលវេលាកន្លងទៅ អារម្មណ៍ដែលថា ម្នាក់ហ្នឹង ដូចជាមិនមែនជាមនុស្សដែលអ្នកត្រូវការនោះ ក៏លេចភ្លែតឡើងនៅក្នុងខួរក្បាល ហើយសញ្ញាដាស់តឿនថា ស្នេហានេះ មិនមែនសម្រាប់រូបអ្នក ក៏នឹងបង្ហាញចេញមកដូចតទៅ…
១-មិនអាចទទួលយកអតីតកាលកន្លងមករបស់អ្នកបាន
យើងគ្រប់គ្នា សុទ្ធតែមានអតីតកាលដូចគ្នាទាំងអស់ បើគូសង្សារបស់អ្នក ជាមនុស្សម្នាក់ដែលមិនអាចទទួលយករឿងកាលពីអតីតរបស់អ្នកបាន ជាពិសេសក្នុងរឿងស្នេហាកាលពីអតីត ដែលបានបញ្ចប់ទៅហើយនោះ ចូរសាកល្បងគិតទៅមើលថា តើគេនៅបារម្ភ និងចង់នៅមើលថែទាំអ្នកតទៅទៀតដែរឬទេ?
២-មានអារម្មណ៍មួម៉ៅដាក់អ្នករហូត
បើគេតែងតែមានអារម្មណ៍មួម៉ៅ ឆេវឆាវដាក់អ្នករហូត ដល់ថ្នាក់ជ្រុលហួសហេតុពេក មិនថាតែពេលអ្នកសើចសប្បាយ យំ ត្រេកអរ ឬពិបាកចិត្តក៏ដោយនោះ ដូច្នេះចូរដឹងទៅចុះថា អ្នកមិនគួរសេពគប់ជាមួយមនុស្សប្រភេទនេះជាដាច់ខាត។
៣-បង្ហាញពីភាពគ្មានសុជីវធម៌
បើគូសង្សារបស់អ្នក ជ្រើសរើសក្នុងការបង្ហាញពីទង្វើគ្មានសុជីវធម៌ដាក់អ្នក និងគ្មានសញ្ញាណាមួយដែលថា គេ ឬនាងនឹងបញ្ឈប់ ឬផ្អាក ឬគ្រប់គ្រងវាបាន មិនថាតែក្នុងទីសាធារណៈ ឬក្នុងកន្លែងដែលគ្មានអ្នកណាឃើញក៏ដោយនោះ អ្នកគួរតែនាំខ្លួនឯង ចេញឱ្យឆ្ងាយពីរូបគេ ឬនាងជាបន្ទាន់។
៤-ភូតកុហកអ្នកជាប់ជានិច្ច
តើអ្នកធ្លាប់សង្កេតមើលដែរទេថា ពេលដែលអ្នកសួរគេនូវសំណួរដែលថា តើគេកំពុងធ្វើអី? នៅឯណា? នៅជាមួយអ្នកណា? ចូរសង្កេតមើលប្រតិកម្មដំបូងដែលគេ ឬនាង ធ្វើចំពោះអ្នក តើយ៉ាងណាដែរ? តើគេតែងតែប្រើពេល ២-៣នាទី ដើម្បីរកនឹកចម្លើយដែរឬទេ? បើសិនវាជារឿងតូចតាច ក៏អូខេ អាចទទួលយកបាន តែសូមកុំភ្លេចថា នៅទីបំផុត មនុស្សយើងត្រូវតែជ្រើសរើសយកការរស់នៅជាមួយការពិត ជាជាងរស់នៅជាមួយភាពកុហកបោកប្រាស់។
មុនអ្វីទាំងអស់ អ្នកត្រូវតែទទួលយកឱ្យបានជាមុនសិនថា នៅលើពិភពលោកនេះ គ្មាននរណាឥតខ្ចោះនោះទេ តែបើអ្នកមានអារម្មណ៍ថា គេ ឬនាងម្នាក់នោះ គ្មានភាពសហការចំពោះសម្ព័ន្ធភាពលើកនេះជាមួយអ្នកទេនោះ វាក៏មិនមែនជារឿងសំខាន់អ្វី ដែលអ្នកត្រូវមកខាតពេលវេលា នៅជាមួយមនុស្សដែល “មិនមែន” សម្រាប់អ្នកតទៅទៀតដែរ៕