ប៉ុន្មានថ្ងៃមកនេះ ប្រជាពលរដ្ឋ ពិតមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ខណៈស្រាប់តែបានឃើញទឹកស្ទឹងព្រែកត្នោត ដែលធ្លាប់ជាទឹកស្អាត បែរប្រែទៅជាពណ៌ខ្មៅដ៏ចម្លែកតែម្តង។ ហើយពុំត្រឹមតែទឹកខ្មៅកង្វក់ពេញដងស្ទឹងប៉ុណ្ណោះនោះទេ គឺថែមទាំងសាយភាយក្លិនស្អុយខ្លាំងទៀតផង។
តែយ៉ាងណាមិញ ជុំវិញហេតុការណ៍ទឹកស្ទឹងបែរប្រែទៅជាទឹកលូបែបនេះ ប្រជាពលរដ្ឋដែលបានដឹង បានប្រាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យទឹកស្ទឹងព្រែកត្នោតប្រែពណ៌ខ្មៅកខ្វក់បែបនេះ គឺដោយសារគេបូបទឹកស្អុយចេញពីលូបឹងទំពន់ និងបឹងត្របែក បណ្តាលឲ្យទឹកបុកមកមូលនៅព្រែកស្ទឹងជ្រៅ ហើយនៅពេលចាល់នឹងទឹកទន្លេឡើងខ្ពស់ ក៏បានច្រាលចូលស្ទឹងព្រែកត្នោតតែម្តង។
ប្រភពពីប្រជាពលរដ្ឋដដែល ក៏បានបញ្ជាក់ឲ្យដឹងថា ទឹកនៅព្រែកស្ទឹងជ្រៅ បានក្លាយជាកន្លែងលូស្តុកទឹកស្អុយ ធុំក្លិន ៤-៥ ឆ្នាំ មកហើយ ពោលគឺចាប់តាំងពីតំបន់បឹងទំពន់ (បឹងត្រកួន) ត្រូវបានលុបរួចមក។
ពលរដ្ឋម្នាក់ទៀត ក៏បានឲ្យដឹងផងដែរថា កាលពីពុំទាន់ចាក់ដីលុបបឹងទំពន់ ទឹកនៅល្ហល្ហេវ អាចរងខ្លះ ហើយទឹកនៅស្ទឹងព្រែកត្នោត ក៏មានសភាពស្អាត អាចប្រើប្រាស់ងូតអីបានធម្មតា ប៉ុន្តែ បន្ទាប់ពីត្រូវបានចាក់ដីលុបអស់ ទឹកស្អុយដែលហូរចេញពីលូសងខាងផ្លូវ ៦០ ម៉ែត្រ បុកមកមូលចាល់នឹងព្រែកស្ទឹងជ្រៅតែម្តង។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ មហាគ្រួសារតាខ្មៅ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ពីមុនទឹកស្ទឹងនេះស្អាត ព្រះសង្ឃ ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងព្រែកត្នោត ស្រង់ ងូត ហែល និងរែក បូម យកទៅប្រើប្រាស់បាន។ ប៉ុន្តែ បច្ចុប្បន្ននេះ កំណាត់ស្ទឹងព្រែកត្នោតពីចំនុច ភូមិស្ទឹងជ្រៅ មកសួនច្បារក្រុងតាខ្មៅ សភាពទឹកគឺប្រែជាទឹកកង្វក់ និងមានក្លិនស្អុយ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានស្អាត និងសម្រស់មុខមាត់ក្រុងតាខ្មៅជាខ្លាំង នៅពេលដែលបងប្អូនភ្ញៀវទេសចរធ្វើដំណើរ ជិះកាត់ក្រុងតាខ្មៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






