កាលពីពេលថ្មីៗនេះ មេកាស្រីរូបស្រស់សាច់ទ្រលុកទ្រលន់ ប្រចាំ KTV មួយកន្លែង បានបង្ហោះសាររិះគន់មនុស្សប្រុសៗមួយចំនួន ចូលច្រៀងខារ៉ាអូខេ ដៃមិនទូលាយសោះ ដោយឲ្យលុយធីបខ្លួនជាមេការត្រឹម ១ ម៉ឺនរៀល និងនារីកំដរម្នាក់ ៥ ដុល្លារ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងតែម្តង។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Bee Love Talea បានបង្ហោះរិះគន់ភ្ញៀវយ៉ាងដូច្នេះថា៖ «2022 ហើយ ចូល KTV អោយធីបនារី 5$ មេការ 1 ម៉ឺនរៀល បើមិនចេះចាយលុយទេ ច្រៀងស្រែកជំទាលនៅផ្ទះ ហើយអោបច្របាច់ប្រពន្ធទៅ 1ម៉ឺន 2ម៉ឺន មិនរួចថ្លៃធីបធ្វើសក់ ជិះតាក់ស៊ីផង ចឹងកុំឆ្ងល់ ម៉េចស្រីៗចូលចិត្តពួកចិនៗនោះ ឆាវនីម៉ា ចាំចេះចាយលុយ ចាំចូល KTV»។
ក្រោយពីបានឃើញមេការស្រីរូបនេះ បានបង្ហោះបែបនេះ ស្រាប់តែគេស៊កឲ្យកប់ៗថា៖ «ក្រែងបុគ្គលិកស៊ីប្រាក់ខែអ្ហី? គេឲ្យគឺជាទឹកចិត្តភ្ញៀវអាណិតណ៎ា បម្រើសេវាកម្មល្អ (ប្រៀបដូចគេចូលសទ្ធាអ៊ីចឹងហាស់) គេឲ្យសំណាងហើយ កុំតែគេបិទហាងចោល ត្រូវដឹង អបាយមុខ»។ ពិតណាស់ មិនបានប៉ុន្មាន ស្រាប់តែលេចឮថា មេកាស្រីរូបនេះ ត្រូវបានថៅកែ KTV ដេញចេញហើយ ព្រោះតែផុសខឹងភ្ញៀវឲ្យធីបលុយ 5$ / 1ម៉ឺនរៀល។
ពិតជាមិនធម្មតានោះទេ រឿងដ៏គួរឲ្យហួសចិត្តនេះ ក៏បានធ្វើឲ្យចាប់ដល់នាយករដ្ឋមន្រ្តី។ ជាក់ស្តែង ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយស្រូវពូជ ជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំទន់នៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃច័ន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ សម្តេចបានថ្លែងបើកវង់ក្រចកនិយាយពីរឿងសប្បាយលេងសើចជាមួយក្រុមអ្នកសារព័ត៌មាន ពាក់ព័ន្ធការផុសរបស់មេកាស្រីខាងលើ ដែលមិនពេញចិត្តរឿងភ្ញៀវឲ្យធីបពួកនាងត្រឹម 5$ ធ្វើឲ្យក្នុងអង្គពិធីសើចគឹលតែម្តង។
ក្នុងនោះ សម្តេចបានលើកអ្នកសារព័ត៌មានចុះតាម មកចំអន់លេងទាំងអស់សំណើចថា៖ «ងាកទៅមើលពួកអ្នកសារព័ត៌មានហ្នឹង គឺសុទ្ធតែពួកចូលខារ៉ាអូខេយប់មិញ… និយាយពីដល់ហើយ តាំងពីអនុញ្ញាតនៅខេត្តសៀមរាប ពីយប់មិញ គឺថាពួកនេះសាកល្បងនៅក្នុងនោះ ខ្ញុំមានអនឡាញពីកន្លែងហ្នឹងម៉ោ យាយពីអង្អុយមួយគូៗ… រួចហើយមែនណា ទៅឲ្យលុយធីបគេត្រឹម 5$ ដល់ 5$ គេបង្ហោះហ្វេសប៊ុកពិប គេថា 5$ មិនរួចថ្លៃកៀបសក់ផង… ថ្លៃជាងអា 5$ នុះទៀត ឯងចូលទៅអោបគេម៉ាល្ងាច… ឲ្យគេ 5$ ម៉េចបាន អ្ហេ..! ពួកនេះអត់បានទេ ប៉ុន្តែ ប្រពន្ធៗទាំងឡាយអើយ ប្រយ័ត្នត្រឡប់ទៅវិញ ទៅវ៉ៃប្តី…»។
គួរបញ្ជាក់ថា ការថ្លែងលើកឡើងលេងសើចខាងលើរបស់សម្តេច គឺគ្រាន់តែនិយាយបើកវង់ក្រចក ឲ្យបរិយាកាសក្នុងអង្គពិធីសប្បាយរីករាយប៉ុណ្ណោះ ដើម្បីបន្លប់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់នាពេលនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






