Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យថ្ងៃនេះ៖ មិត្តល្អមិនងាយរកបានទេ តែយើងអាចជ្រើសរើសសេពគប់មនុស្សបែបណា មកធ្វើជាមិត្តល្អបាន

សម្ព័ន្ធភាពរវាងមនុស្សយើង មិនមែនមានតែរឿងស្នេហាតែ ១មុខនោះទេ តែសម្ព័ន្ធភាពរវាងមិត្តសម្លាញ់ ក៏ជារឿងដែលធ្វើឱ្យមនុស្សម្នាក់ៗមានសេចក្ដីសុខ មានសេចក្ដីសង្ឃឹម និងមានកម្លាំងចិត្តក្នុងការរស់នៅខ្លាំងឡើងបានដូចគ្នា ព្រោះថា បើអ្នកបានមិត្តភក្តិដែលល្អ និងមានគុណភាព ទោះជាមានចំនួនតិចក៏ដោយ អ្នកនឹងលែងមានអារម្មណ៍ថា ខ្លួនឯងត្រូវតស៊ូតែម្នាក់ឯងទៀតឡើយ។ ដូច្នេះពេលនេះ យើងនាំគ្នាមកដឹងទាំងអស់គ្នាថា តើមិត្តភក្តិដែលមានគុណភាពល្អហ្នឹង នឹងហុចផលបែបណាចំពោះរូបអ្នកខ្លះ?

១-មិត្តដែលល្អ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អ និងមានសេចក្ដីសុខ ពេលបាននៅរួមគ្នា
អ្នកខ្លះអាចមានមិត្តរាប់ពាន់នាក់ក្នុងហ្វេសប៊ុក តែមិត្តពិតប្រាកដវិញ មានតិចរហូតអាចរាប់ចំនួនបាន និងជាមិត្តសម្លាញ់ដែលពេលបានពួកគេនៅជាមួយហើយ យើងអាចព្រលែងភាពជាខ្លួនឯងចេញមក បានពេញ ១០០ភាគរយ តែលើសពីអ្វីទាំងអស់ មិត្តពិតប្រាកដក្នុងចំនួនដ៏តិចតួចនោះ ធ្វើឱ្យអ្នកមានអារម្មណ៍ថា មានមនុស្សនៅក្បែរកាយអ្នកជានិច្ចក្នុងថ្ងៃដែលអ្នកមានអារម្មណ៍ថា ពិភពលោកនេះហាក់ដូចជាកាចសាហាវជាមួយអ្នកពេកហើយ។

២-មិត្តល្អ តែងជួយសាងកម្លាំងជំរុញចិត្តដល់គ្នាទៅវិញទៅមក
ពេលដែលអ្នកមានក្ដីស្រមៃ ហើយអ្នកចង់សាងក្ដីស្រមៃរបស់អ្នកឱ្យក្លាយជាការពិត មិត្តពិតប្រាកដនឹងមិនបញ្ចេញគំនិតយោបល់អ្វីឡើយ តែពួកគេនឹងចាប់ផ្ដើមធ្វើ និងជួយរុញច្រានឱ្យរូបអ្នក បានដើរតាមក្ដីស្រមៃនោះភ្លាមតែម្ដង និងលើសពីអ្វីទាំងអស់ មិត្តពិតប្រាកដ គឺខ្យល់នៅក្រោមស្លាប ដែលនឹងជួយទ្រទ្រង់ គាំទ្រ និងសាងកម្លាំងចិត្តដល់អ្នកបានរហូត។

៣-មិត្តដែលល្អ នឹងសាងតែសេចក្ដីសុខដល់រូបអ្នក
ពាក្យថា មិត្តភាពរវាងមិត្តសម្លាញ់ គួរតែមានសេចក្ដីសុខប្រមាណ ៨០ភាគរយ និងអាចពឹងពាក់គ្នាបានក្នុងគ្រាមានទុក្ខ ២០ភាគរយ ហើយមិនមែនថា គ្រប់ពេលជួបគ្នា ក៏មានតែបញ្ហាមកឱ្យអ្នកជួយ ដល់ពេលមានសេចក្ដីសុខ ក៏ភ្លេចរូបអ្នកអស់រលីងនោះទេ បែបហ្នឹង មិនមែនជាមនុស្សដែលអាចហៅថា ជាមិត្តពិតប្រាកដបានឡើយ ព្រោះមិត្តដែលល្អ ត្រូវចេះសាងសំណើច និងភាពរីករាយដល់គ្នាទៅវិញទៅមក។

៤-មិត្តដែលល្អ គឺជាអ្នកដែលធ្វើបាន ទាំងជាអ្នកស្ដាប់ និងអ្នកផ្ដល់ប្រឹក្សាដ៏ល្អ
ទោះជាអ្នកមានមិត្តល្អពិតប្រាកដ ត្រឹមតែ ១នាក់ ឬ ២នាក់ក៏ដោយ តែអ្នកនឹងមានអារម្មណ៍ថា យោបល់ និងពាក្យប្រឹក្សារបស់មិត្តល្អក្នុងចំនួនដ៏តិចតួចនេះ ពិតជាមានតម្លៃសម្រាប់អ្នកខ្លាំងណាស់ ព្រោះពួកគេ នឹងទទួលស្ដាប់អ្នកយ៉ាងតាំងចិត្ត មិនសម្រេចចិត្តជំនួសអ្នក និងផ្ដល់ការណែនាំ ដែលអ្នកអាចជឿទុកចិត្ត និងអាចយកទៅប្រើការបាន។

៥-មិត្តដែលល្អ គឺមនុស្សដែលអ្នកអាចទុកចិត្តបានគ្រប់រឿង
ពាក្យថា “ទុកចិត្ត” ក្នុងសង្គមបច្ចុប្បន្ននេះ សឹងតែរកលែងបានទៅហើយ ព្រោះមនុស្សគ្រប់រូប សុទ្ធតែសម្លឹងពីផលប្រយោជន៍របស់ខ្លួនឯងជាធំទាំងអស់ តែបើអ្នកមានមិត្តភក្តិដែលអាចទុកចិត្តបានគ្រប់រឿង ហើយអ្នកខ្លួនឯង ក៏ជាមនុស្សដែលគេទុកចិត្តដូចគ្នាដែរនោះ ចូរថែរក្សាមិត្តភាពនេះទុកឱ្យបានយូរអង្វែង ព្រោះមិត្តបែបនេះនឹងមានតែប៉ុន្មាននាក់ប៉ុណ្ណោះក្នុងជីវិតរបស់អ្នក។

៦-មិត្តដែលល្អ គឺជាមនុស្សដែលមានសុខភាពកាយ និងសុខភាពចិត្តដែលល្អ
វិធីជ្រើសរើសមិត្តដែលល្អ មិនចាំបាច់មើលអ្វីផ្សេងឡើយ បើអ្នកបាននៅជាមួយគេហើយ អ្នកនឹងមានអារម្មណ៍ដឹងថា បានទទួលកម្លាំងវិជ្ជមានពីសម្លាញ់ម្នាក់នេះ ដោយសារតែគេមានទាំងសុខភាពកាយ និងចិត្តដ៏ល្អនោះ សូមឱ្យសេពគប់គ្នាឱ្យបានយូរៗ តែបើនិយាយជាមួយមិត្តមួយចំនួនផ្សេងទៀតហើយ មានអារម្មណ៍ថា ដូចជាបានទទួលថាមពលអវិជ្ជមាន ដែលចេញមកពីពួកគេ និងត្រូវត្រឡប់មកអង្គុយនឹកដល់ពាក្យសម្ដីរបស់គេ ដែលយើងមានអារម្មណ៍មិនឯកភាពផងនោះ បែបហ្នឹងហើយ ដែលត្រូវដើរចេញឱ្យឆ្ងាយៗ ព្រោះសុខភាពចិត្តដែលមិនល្អ នឹងនាំឱ្យរូបយើងមានអារម្មណ៍មិនល្អទៅជាមួយគេដែរ៕

Young girl talking with her upset friend and holding her shoulders in cafe.
Portrait of two women smiling
×