Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ ការចេះជ្រើសរើសទទួលទានអាហារតាមវ័យ នឹងធ្វើឱ្យមានសុខភាពល្អ

        មានឈ្មោះថា អាហារ មិនថាតែអាហារពេលចម្បង អាហារពេលទំនេរ ឬបង្អែមឡើយ យើងជឿថា នរណាៗក៏ត្រូវតែបរិភោគដែរ តែ តើមានប៉ុន្មានអ្នកទៅ ដែលចេះជ្រើសរើសអាហារ ដែលត្រូវទទួលទាន ឱ្យសក្តិសមនឹងវ័យ និងមានប្រយោជន៍ មានគុណតម្លៃដល់រាងកាយរបស់ខ្លួនឯង?  យើងគួរយកចិត្តទុកដាក់ក្នុងការជ្រើសរើសទទួលទានអាហារតាមអំឡុងពេលរបស់អាយុ ឬវ័យ ព្រោះក្នុងអំឡុងពេលនៃវ័យនីមួយៗ មានភាពខុសប្លែកពីគ្នាខាងវិវឌ្ឍនាការរបស់រាងកាយ និងលក្ខណៈការរស់នៅ...បន្តទៅនេះ គឺការជ្រើសរើសញ៉ាំអាហារយ៉ាងឆ្លាតវៃ តាមអំឡុងអាយុ និងវ័យរបស់មនុស្សម្នាក់ៗ...

ក្នុងអំឡុងអាយុចាប់ពី ២០ឆ្នាំឡើង
គឺជាអំឡុងពេលដែលរាងកាយមានការវិវឌ្ឍ និងចម្រើនធំធាត់ពេញទំហឹង មិនថាតែរឿងការរៀនសូត្រ ឬការធ្វើការងារនោះទេ និងក៏ជាវ័យដែលសកម្ម មិនចេះនឿយហត់ ហើយរឹតតែសកម្មក្នុងជីវិតប្រចាំថ្ងៃច្រើនប៉ុនណា រាងកាយក៏រឹតតែដុតបំផ្លាញ និងប្រើប្រាស់កម្លាំងថាមពលច្រើនប៉ុននោះដែរ។ ដូច្នេះគួរជ្រើសរើសទទួលទានអាហារឱ្យបានស័ក្តិសមនឹងតម្រូវការរបស់រាងកាយ។
ចូរជ្រើសរើសទទួលទានអាហារពពួកសាច់សត្វ និងសណ្តែកផ្សេងៗ រួមទាំងបាយ និងម្សៅជាជម្រើសទី១ តាមដោយបន្លែផ្លែឈើជាជម្រើសទី២ ចំណែកឯទឹកដោះគោ និងអាហារជំនួសជាតិកាល់ស្យូមផ្សេងៗ ដូចជា តៅហ៊ូ ទឹកសណ្តែកលឿង បង្កើនកាល់ស្យូម ជាជម្រើសទី៣ និងផ្តល់ភាពសំខាន់ចំពោះជាតិខ្លាញ់ ជាជម្រើសក្រោយគេបង្អស់។
សាច់ត្រីជាអាហារជំនួយខួរក្បាល ដែលជួយរក្សាព្យាបាលជញ្ជាំងកោសិកាប្រសាទក្នុងខួរក្បាលឱ្យរឹងមាំល្អ មិនឆាប់ភ្លេច។ បន្លែពណ៌បៃតង ដូចជា ត្រកួន កញ្ឆែត ខាត់ណា សណ្តែកកួរ ជួយបំប៉នខ្សែភ្នែក សាងឆ្អឹង និងធ្មេញឱ្យរឹងមាំ។

        វ័យដែលអាយុចាប់ផ្តើមដោយលេខ ៣
         ពេលអាយុឡើងដល់លេខ ៣នាំមុខ មនុស្សជាច្រើនចាប់ផ្តើមភ័យ តែការចេះជ្រើសរើសទទួលទានអាហារ នឹងធ្វើឱ្យអ្នកឯទៀតមិនអាចស្មានដឹងពីអាយុរបស់អ្នកតាមរយៈរូបរាងមុខមាត់បានឡើយ។ ក្នុងអំឡុងវ័យចាប់ផ្តើមជាមនុស្សចាស់នេះ តម្រូវការផ្នែកថាមពលនៅតែមាន ព្រោះជាចន្លោះជីវិតនៃការធ្វើការងារ  តែត្រូវបន្ថែមការប្រុងប្រយ័ត្នក្នុងរឿងជាតិខ្លាញ់ និងកូលេស្តេរ៉ូល ព្រោះអាចមានផលប៉ះពាល់ដល់រូបរាងមុខមាត់សម្បកក្រៅដែលមើលឃើញមានការប្រែប្រួលបានយ៉ាងច្បាស់។ ដូច្នេះគួរចៀសវាងអាហារដែលមានជាតិខ្លាញ់ និងកូលេស្តេរ៉ូលខ្ពស់ដូចជា សាច់ជ្រូកបីជាន់ ប៊័រដុំ និងខ្ទិះ ជាដើម។
         លោកអ្នកអាចជ្រើសរើសទទួលទានអាហារ ដែលជួយកាត់បន្ថយជាតិខ្លាញ់ និងកូលេស្តេរ៉ូលបានដូចជា ត្រីសមុទ្រដែលជួយកាត់បន្ថយសម្ពាធឈាម ពពួកគ្រាប់សណ្តែកស្ងួត ដូចជា សណ្តែកក្រហម សណ្តែកខៀវ សណ្តែកលឿង ដែលជួយកាត់បន្ថយភាពប្រឈមពីជម្ងឺបេះដូង និងមានប្រូតេអ៊ីនខ្ពស់ និងអាហារដែលមានកាកសរសៃខ្ពស់ ដែលជួយឱ្យឆ្អែតពោះបានយូរ និងមានផលល្អដល់ប្រព័ន្ធពោះវៀនទៀតផង។

         វ័យដែលឈានចូលដល់លេខ ៤នាំមុខ
         ដោយសារតែសភាពរាងកាយចាប់ផ្តើមប្រែប្រួល ជាពិសេសចំពោះស្ត្រី ឯបុរសក្នុងវ័យនេះវិញ ក៏ចាប់ផ្តើមមានរោគផ្សេងៗកើតឡើងដែរ តែទាំងអស់នេះការពន្យារវ័យ ឬការការពាររោគផ្សេងៗ ដែលមកជាមួយវ័យ មិនបានលំបាកលំបិនហួសពីយើងអាចធ្វើបាននោះឡើយ។
        សម្រាប់មនុស្សក្នុងអំឡុងវ័យនេះ តម្រូវការខាងថាមពលនឹងថយចុះ តែតម្រូវការកាល់ស្យូម និងវិតាមីនផ្សេងៗ បានកើនឡើង ដែលរាងកាយអាចនឹងទទួលបានពីបន្លែផ្លែឈើ ដែលមានកាកសរសៃអាហារខ្ពស់ ហើយថែមទាំងមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីទៀតផង និងគួរបន្ថែមវិតាមីនC ពីចំណីអាហារ ដែលងាយរកទទួលទានបាន មានដូចជា ផ្លែក្រូច ត្របែក ប៉េងប៉ោះ ត្រសក់ស្រូវជាដើម  ចំណែកអាហារដែលមានវិតាមីនE គឺ ប្រេងសណ្តែក ប៊័រសណ្តែក សណ្តែកដី និងគ្រាប់អាល់ម៉ុន ក៏មិនគួរមើលរំលងដែរ។ ក្រៅពីនេះគួរទទួលទានតៅហ៊ូ ជាប្រូតេអ៊ីនដែលមានជាតិខ្លាញ់ទាប និងផ្តល់កាល់ស្យូមច្រើនជាងសាច់សត្វផ្សេងៗ និងគួរចៀសវាងភេស្ជជៈដែលមានជាតិអាល់កុល និងកាហ្វេអ៊ីនផង។

ចូលដល់វ័យចំណាស់ដែលអាយុចាប់ផ្តើមដោយលេខ ៥
ការឈានចូលដល់វ័យ ៥០ឡើងនេះ មិនមែនមានផលប៉ះពាល់ចំពោះរាងកាយតែម៉្យាងប៉ុណ្ណោះទេ តែនៅមានផលប៉ះពាល់ដល់សភាពផ្លូវចិត្តទៀតផង ដើម្បីត្រៀមខ្លួនទប់ទល់ជាមួយនឹងវ័យនេះ លោកអ្នកគួរយល់ដឹងពីការធ្វើការងាររបស់រាងកាយ ដែលមានប្រសិទ្ធភាពថយចុះ ជាពិសេសប្រព័ន្ធការរំលាយ ការបឺតយកសារធាតុអាហារ ធ្វើឱ្យរាងកាយខ្វះសារធាតុអាហារប្រភេទខ្លះ។
ក្នុងអំឡុងវ័យនេះ អ្នកអាចមិនសូវមានអារម្មណ៍ស្រេកទឹកប៉ុន្មានទេ តែគួរទទួលទានទឹកឱ្យបានទៀងទាត់ យ៉ាងតិច ១ថ្ងៃ ៨-១២កែវ ដើម្បីការពារការខ្វះជាតិទឹកដោយមិនដឹងខ្លួន។ គួរទទួលទានខាបូហាយដ្រេតឱ្យតិច សង្កត់ធ្ងន់លើអាហារពពួកសាច់ត្រី ដើម្បីកុំឱ្យខ្វះជាតិប្រូតេអ៊ីន និងពពួកសាច់សត្វណាដែលងាយរំលាយ។ គួរទទួលបានកាល់ស្យូមឱ្យគ្រប់គ្រាន់ ហើយអាហារដែលមានកាល់ស្យូមខ្ពស់ គឺនៅក្នុងទឹកដោះ យ៉ាអួប្រភេទក្រែម និងប៊័រដុំជាដើម។
រឿងដែលសំខាន់នោះ គឺមិនថាលោកអ្នកស្ថិតនៅក្នុងវ័យណាក៏ដោយ គួរយកចិត្តទុកដាក់រឿងការហូបចុកឱ្យបានគ្រប់ពេល ទោះជាមានជំងឺ ឬគ្មានក៏ដោយ។ ក្រៅពីនេះ គួរបង្កើនការធ្វើចលនាក្នុង ១ថ្ងៃៗ ឱ្យបានច្រើន និងញឹកញាប់ នឹងធ្វើឱ្យមានសុខភាពកាន់តែល្អឡើង និងកាត់បន្ថយភាពធុញថប់ តានតឹងបានទៀតផង៕

Stacked dried soybeans isolated on white background.
Construction worker and foreman meet with home builder to update her on new home’s progress. They are standing behind a work table. A poer saw is on the table. Construction workers are busy in the background.
×