ចិន និងអាមេរិក បានចុះហត្ថលេខាលើជំនួញជាច្រើនមានតម្លៃសរុប ៩ពាន់លានដុល្លារ នៅល្ងាចម្សិលមិញនេះ (៨/១១) បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump មកដល់ក្រុងប៉េកាំងភ្លាមក្នុងនាមជាម្ចាស់សេតវិមាន។
តាមកាសែត SCMP នោះប៉េកាំង និងក្រុងវ៉ាស៊ីនតោន បានចុះកិច្ចព្រមព្រៀងចំនួន ១៩ លើវិស័យ ៖ ជីវសាស្ត្រ អាកាសចរណ៍ ផលិតកម្ម មានតម្លៃដល់ទៅ ៩ប៊ីលានដុល្លារ។ ពិធីចុះហត្ថលេខាប្រព្រឹត្តទៅនៅមហាសាលប្រជាជន។
ប្រធានាធិបតី Trump ប្រធានរដ្ឋ ស៊ី ជិនពីង និងជំទាវទី១ ទាំង២រូប
SCMP ក៏បានទម្លាយប្រាប់បន្ថែមថា ៖ “មនុស្សធំសម្បើម” ក្នុងទីផ្សារពាណិជ្ជកម្មចិន JD.com នឹងនាំចូលទំនិញរបស់អាមេរិកតម្លៃ ២ប៊ីលានដុល្លារ ហើយពាក់កណ្តាលជាផលិតផលអាហារដូចជាសាច់ក្រក និងសាច់គោ។
នាយកប្រតិបត្តិ DJ.com លោក Richard Liu ចែករំលែកថា ៖ “អតិថិជននឹងស្ងប់អារម្មណ៍ពេលដឹងថា ពួកគេអាចទិញបណ្តាផលិតផលសាច់ គុណភាពខ្ពស់ សុវត្ថិភាព នាំចូលពីអាមេរិក”។
ក្នុងដំណើរទស្សនៈកិច្ចទៅកាន់ចិនលើកនេះ ប្រធានាធិបតី ត្រាំ បាននាំអ្នកជំនួញអាមេរិក ៣០ក្រុមហ៊ុនទៅជាមួយ។ កម្មវិធីសន្ទនាជាមួយប្រធានរដ្ឋចិន ស៊ី ជិនពីង ត្រូវបានចាត់ទុកថា ប្រមូលផ្តុំលើបញ្ហាពាណិជ្ជកម្ម។
មជ្ឈដ្ឋានអ្នកឃ្លាំមើលលើកឡើងថា ក្នុងដំណើរទស្សនៈកិច្ចលើកនេះរបស់លោក Trump នឹងពង្រឹងទំនាក់ទំនងទ្វេភាគី អាមេរិក-ចិន ហើយបើកឡើងនូវឱកាសថ្មី សម្រាប់ខឿនសេដ្ឋកិច្ចនាំមុខពិភពលោកទាំង២នេះ បន្តកិច្ចសហប្រតិបត្តិការយូរអង្វែងសម្រាប់ថ្ងៃអនាគត៕ ដោយ ៖ សូរយន