ថ្មីៗនេះ (ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២) អ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះថា sutasineebuachaban បានបង្ហោះឃ្លីបដ៏ចាប់អារម្មណ៍មួយ បង្ហាញស្ថានភាពចរាចរណ៍នៅផ្លូវមួយកន្លែង ហាក់មានភាពច្របូកច្របល់ ខណៈឡានបើកយឺតៗ ដោយសារមនុស្សជាច្រើន ជាអ្នកដំណើរ បានឈប់រថយន្តរបស់ពួកគេ ចុះរើសលុយដែលកំពុងរាយប៉ាយពាសពេញផ្លូវ។
ជាមួយគ្នានោះផងដែរ ម្ចាស់ឃ្លីបបាននិយាយថា «ពួកខ្ញុំមិនដឹងថា អ្នកណាបានជ្រុះលុយទាំងនោះទេ។ ប៉ុន្តែ ក្រុមអ្នកដំណើរ បានរើស រួចប្រមូលមកឲ្យខ្ញុំទុកទាំងអស់ ដើម្បីរាយការណ៍ ប្រគល់ជូនប្រគល់ជូនប៉ូលិស»។ ដំបូងឡើយ ពួកគេក៏មិនដឹងថា លុយដែលបានជ្រុះតាមផ្លូវនោះ មានចំនួនប៉ុន្មានទេ ប៉ុន្តែ ដូចបានឃើញក្នុងឃ្លីប គឺស្ថានភាពលុយរាយប៉ាយពេញផ្លូវបែបនេះ ប្រាកដជាគំនរលុយហើយ។
ទាក់ទងករណីនេះ បើតាមប៉ូលីស Nam Phong បានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ ពលរដ្ឋល្អម្នាក់ បានរាយការណ៍ថា ពួកគេកំពុងរើសលុយតាមផ្លូវសរុបយ៉ាងច្រើន ចង់ប្រគល់ជូនប៉ូលីស ដើម្បីជួយស្វែងរកម្ចាស់មកទទួលយកវិញ។
ក្រោយទទួលដំណឹងនេះ ប៉ូលីស Nam Phong ក៏បានមកកាន់កន្លែងកើតហេតុ និងទទួលយកលុយចំនួន ៩,២០០០ បាត ពីបងប្អូនអ្នកដំណើរចិត្តល្អៗ។ បន្ទាប់មក ម្ចាស់លុយដែលមានឈ្មោះ Khun Supornthip Phakdi ក៏បានទាក់ទងមក ដោយបានបញ្ជាក់ប្រាប់ថា គាត់បានជ្រុះលុយតាមផ្លូវទើបដកពីធនាគារចំនួន ១០០,០០០ បាត។ ហើយនៅពេលទាក់ទងដើម្បីផ្ទៀងផ្ទាត់ ខាងធនាគារក៏បានប្រាប់ថា Khun Supornthip ពិតជាបានទៅដកលុយពិតប្រាកដមែន ហើយប៉ូលីសក៏បានប្រគល់ជូនវិញទាំងអស់។
ទោះជាយ៉ាងណា នៅសល់លុយចំនួន ៨,០០០ បាត ទៀត ដែលមិនទាន់ត្រូវបានរកឃើញ។ ហេតុនេះ ប៉ូលីសក៏បានអំពាវនាវដល់អ្នកដែលបានរើស សូមទាក់ទងប្រគល់ជូនម្ចាស់លុយវិញផង។
តែយ៉ាងណាមិញ ជាមួយទង្វើដ៏ល្អរបស់ក្រុមអ្នកដំណើរចិត្តល្អៗដ៏កម្រទាំងនោះ បានធ្វើឲ្យមហាជនជាច្រើន សម្តែងនូវការកោតសរសើរយ៉ាងខ្លាំងថា៖ «ម្ចាស់ឃ្លីប និងពលរដ្ឋល្អ គឺជាមនុស្សគ្មានចិត្តចង់បាន ឬកេងបន្លំលុយទាល់តែសោះ ទោះបីជាមានចំនួនច្រើនសន្ធឹកសន្ធាប់យ៉ាងនេះក៏ដោយ, ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា ដែលបានជួយប្រមូលលុយ ប្រគល់ជូនមកម្ចាស់វិញ។ សូមជូនពរ អ្នករាល់គ្នាជួបតែសំណាងល្អក្នុងជីវិត និងប្រកបការងារ រកស៊ីទទួទាន កាន់តែរីកចម្រើន,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





@sutasineebuachaban ขอบคุณพลเมืองดีทุกคนด้วยนะคะ ตอนนี้ประสานเจ้าหน้าที่และส่งคืนเจ้าของเรียบร้อยแล้วค่ะ #เงินหล่น #พลเมืองดี ♬ เสียงต้นฉบับ – Sutasinee Buachaban