«បាល់ទះ» គឺជាកីឡាថ្នាក់ជាតិមួយប្រភេទដ៏មានប្រជាប្រិយ ដែលមនុស្សនៅទូទាំងពិភពលោក តែងតែនិយមចូលចិត្តលេងជាប្រចាំថ្ងៃ ជាពិសេសនៅតាមតំបន់ជនបទស្រុកស្រែ។ ហើយពិតណាស់ ដោយសារមានការគាំទ្រច្រើន ពីសំណាក់អ្នកនិយមចូលចិត្ត បានធ្វើឲ្យវិស័យបាល់ទះនាពេលសព្វថ្ងៃនេះ បានរីកចម្រើនយ៉ាងខ្លាំង ដោយមានការបង្កើតតារាងបាល់ទះធំៗស្អែកស្អះ មិនថាតាមបណ្តាខេត្ត និងនៅទីក្រុងនោះទេ។
ពិតមែនហើយ បើទោះលេងដាក់លុយទៅតាមតិច ឬច្រើន ក្នុងស្រទាប់យុវជន និងមនុស្សវ័យកណ្តាលក៏ដោយ តែការលេងបាល់ទះ ក៏ត្រូវបានគេផ្តល់តម្លៃថាជាការលេងថ្លៃថ្នូរ មិនដូចល្បែងបៀរ អាប៉ោងនោះឡើយ។ ហើយម្យ៉ាងវិញទៀតនោះ ការលេងបាល់ទះ ក៏ផ្តល់នូវភាពសប្បាយរីករាយ និងក៏ជាផ្នែកមួយនៃលំហាត់ប្រាណ ដែលជួយបញ្ចេញញើស បញ្ចេញជាតិពុល នាំមកនូវសុខភាពផងដែរ។
តែយ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុតនោះ គឺថាថ្មីៗនេះ ស្រាប់តែនៅលើបណ្តាញសង្គម បានចែករំលែកឲ្យឃើញសកម្មភាពអាជ្ញាធរមូលដ្ឋានមួយក្រុម ចុះទៅរុះរើតារាងបាល់ទះ និងឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា បញ្ឈប់បើកលេងបាល់ទះតទៅទៀត ដែលឃើញហើយពិតជាហួសចិត្តខ្លាំងតែម្តង។ ហេតុការណ៍នេះ ត្រូវបានដឹងថា បានកើតឡើងនៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
ក្រោយពីបានឃើញហួសចិត្តខ្លាំងពេក មហាជនបានរិះគន់ដាក់ឲ្យចំៗថា៖ «ចេញមកពីណាទៀតហើយទេ ឡប់ៗទៀតហើយស្រុកខ្មែរ, តារាងបាល់ទះនៅភ្នំពេញមានពពាសគ្រប់កន្លែង តារាងបាល់ទាត់អី មានគ្រប់ទាំងអស់ ឲ្យពួកគាត់ឡើងមកចាប់ផង, ពិភពលោកមិនដែលឮ ទើបខ្មែរលើកទី១, បន្តិចទៀត ស្តាតអូឡាំពិក និងស្ថានីយ៍ដែលរៀបចំការប្រដាល់ ក៏ត្រូវបិទដែរ ព្រោះជាល្បែងភ្នាល់ ធ្វើឲ្យបានណាអស់លោក!, ប៉ូលិសស្រុកខ្មែរពូកែធ្វើឆ្កួតណាស់ហើយជាប់លេខ1 ទូទាំងពិភពលោកទាំង175ប្រទេស, ចុម…ចាប់បាល់ទះទៀត….?? តិចទៀតលេងឈូស ក៏ចាប់ដែរមើលទៅ…! ធ្វើតាមតែចិត្តនឹកឃើញ អស់ពីហាមចិញ្ចឹមមាន់ជល់ ឥឡូវចូលដល់បាល់ទះ អស់អីចាប់ហើយមែន ស់អីចាប់ហើយមែន គេអោយធ្វើ5 ពួកគាត់ធ្វើដល់8 អត់ស្គាល់មួយណាល្បែងមួយណាកីឡាទេអី!??,…»,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




