យុគសម័យនេះ ឆ្នាំ២០២២ គូស្នេហ៍ជាច្រើនគូ សម្រេចចិត្តជ្រើសរើសយកវិធី នៅជាមួយគ្នាមុនរៀបការ ច្រើនជាងកាលពីច្រើនឆ្នាំមុន និងមិនថាដោយហេតុផលអ្វីក៏ដោយ ទង្វើបែបនេះ ច្រើនតែជំទាស់នឹងចិត្តមនុស្សចាស់ដែលបានដឹងរឿងនេះ។
ភាពខុសគ្នារបស់យុគសម័យ និងវ័យ គឺជារឿងដែលធ្វើឱ្យមនុស្សជំនាន់ឪពុក-ម្ដាយ នៅតែមើលឃើញការរស់នៅជាមួយគ្នាមុនរៀបការ គឺជារឿងមិនសមរម្យ ព្រោះខ្លាចថាកូនស្រីយើង ខូចខាត ឬខាតបង់ដោយសារពាក្យរិះគន់របស់អ្នកដទៃ។ ដូច្នេះគូស្នេហ៍ជំនាន់ថ្មី ប្រហែលជាត្រូវអធិប្បាយជម្រាបអាណាព្យាបាលឱ្យលោកបានដឹង និងយល់ ដើម្បីកាត់បន្ថយភាពខុសគ្នាខាងគំនិត រវាងមនុស្សជំនាន់ថ្មី និងជំនាន់លោកឪពុក-អ្នកម្ដាយយើង។
ធ្វើឱ្យឪពុក-ម្ដាយជឿជាក់ថា មនុស្សដែលអ្នករស់នៅជាមួយនោះ គឺជាមនុស្សល្អ និងជាមនុស្សដែលអ្នកស្រឡាញ់ពិត
រឿងដំបូងគេដែលឪពុកម្ដាយគិត ពេលកូនៗចង់ទៅរស់នៅជាមួយគ្នាមុនរៀបការនោះគឺ “ក្ដីបារម្ភ”។ វាជារឿងប្រក្រតីរបស់ឪពុកម្ដាយគ្រប់រូបក្នុងការបារម្ភថា មនុស្សដែលកូនកំពុងសេពគប់នោះជានរណា? ជាមនុស្សល្អដែរឬទេ? មានការមានងារធ្វើត្រឹមត្រូវដែរទេ? អាយុ និងមានភាពដឹងខុសត្រូវគ្រប់គ្រាន់ឬនៅ? ដូច្នេះហើយ គួរតែនាំគូសង្សារទៅជួបក្រុមគ្រួសាររបស់អ្នកខ្លះផង ណែនាំគូសង្សារឱ្យឪពុក-ម្ដាយបានស្គាល់ និងបង្ហាញឱ្យលោកមើលឃើញពីភាពត្រៀមខ្លួនរួចស្រេច ក្នុងការផ្លាស់មកសាកល្បងរស់នៅជាមួយគ្នា។ ធ្វើឱ្យលោកទាំង២ បានសប្បាយចិត្តថា ការសាកល្បងរស់នៅជាជីវិតគូលើកនេះ នឹងរលូនល្អ និងដើម្បីធ្វើឱ្យលោកលែងសូវបារម្ភ។
រឿងសំខាន់ដែលត្រូវចាំទុកគឺ អ្នកត្រូវតែជាគូស្នេហ៍ដែលសេពគប់គ្នាយូរមកហើយ និងមានភាពដឹងខុសត្រូវច្រើនគ្រប់គ្រាន់ហើយ។ សម្រាប់គូណា ដែលទើបតែសេពគប់គ្នាថ្មីៗ កុំអាលគិតដល់រឿងចូលមករស់នៅជាមួយគ្នាអីល្អជាង ព្រោះបើធ្វើបែបហ្នឹង មិនមែនមានតែឪពុក-ម្ដាយទេ ដែលបារម្ភ មនុស្សជុំវិញខ្លួនអ្នក ដូចជាមិត្តភក្តិ ក៏កង្វល់បារម្ភដូចគ្នាដែរ។
ជម្រាបលោកថា នេះជាការសន្សំសំចៃការចាយវាយ
បើសិនជាអ្នកទាំង២ ជាគូស្នេហ៍ដែលសេពគប់គ្នាបានមួយរយៈហើយ ហើយចង់រើមករស់នៅជុំគ្នា ដោយហេតុផលរឿងការសន្សំសំចៃថ្លៃចាយវាយ ក៏ជារឿងមួយដែលល្មមអាចទទួលយកបានដែរ ជាពិសេសគូដែលម្នាក់ៗសុទ្ធតែជួលបន្ទប់ស្នាក់នៅដូចគ្នា ព្រោះការរស់នៅជាមួយគ្នាមុនរៀបការ ក្រៅពីនឹងធ្វើឱ្យយើងបានរៀនយល់ដឹងពីគ្នាទៅវិញទៅមកច្រើនឡើងហើយ នៅជួយសន្សំសំចៃទាំងថ្លៃជួលបន្ទប់ ថ្លៃទឹក ថ្លៃភ្លើង និងនៅសល់លុយសន្សំ ទុកត្រៀមរៀបការទៀតផង។
សិក្សា និងរៀនយល់ដឹងពីគ្នាទៅវិញទៅមកជាមុន ប្រសើរជាងជីវិតគូ បាក់បែកដួលរលំក្រោយរៀបការ
ចំណុច១នេះ ក៏ជាហេតុផលដ៏ល្អគួរសមមួយទៀតដែរ សម្រាប់ការចេញទៅរស់នៅជាមួយគ្នាមុនរៀបការ តែអ្នកគួរតែជាគូស្នេហ៍ ដែលសេពគប់គ្នាយូរមកហើយ និងមានផែនការឈានទៅដល់ការរៀបការនាពេលអនាគតហើយ។ ចូរជម្រាបលោកឪពុក-អ្នកម្ដាយដោយត្រង់ៗទៅថា យើងចង់រៀនយល់ដឹងពីគ្នាឱ្យបានកាន់តែច្រើនជាងមុន មុននឹងត្រូវរៀបការ និងរស់នៅជាមួយគ្នាអស់មួយជីវិត។ មានច្រើនលើកណាស់ ដែលគូស្នេហ៍បានរៀបការតាមទំនៀមទម្លាប់ប្រពៃណី ត្រូវជួបនឹងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្លា ក្រោយរៀបការហើយ រហូតមិនអាចសម្របសម្រួលខ្លួន និងរស់នៅជាមួយគ្នាបាន ហើយទីបំផុតក៏ត្រូវបញ្ចប់ដោយការលែងលះ ហើយលុយដែលចំណាយលើការរៀបចំពិធីមង្គលការ ក៏ក្លាយជាការដាក់អំបិលចូលទៅក្នុងទឹកទន្លេ និងថែមទាំងអាចមានបំណុលទៀតផង។
ស្រឡាញ់គ្នាខ្លាំងណាស់ តែនៅមិនទាន់ត្រៀមខ្លួនរួចក្នុងការរៀបការ
មូលហេតុដែលគូស្នេហ៍ មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការរៀបការ អាចដោយសារតែបញ្ហារឿងលុយកាក់ថ្លៃទឹកដោះ គ្រឿងបណ្ណាការ មានមិនទាន់គ្រប់ ព្រោះការរៀបការម្ដងៗនាពេលបច្ចុប្បន្ននេះ ត្រូវចំណាយលុយច្រើនណាស់ ទោះជារៀបចំពិធីតូចតាច ក៏នៅតែមានភាពលំបាកលំបិនច្រើនយ៉ាងដែរ។ ដូច្នេះហើយទើបគូស្នេហ៍ជាច្រើនគូ ជ្រើសរើសយកការរើទៅរស់នៅជាមួយគ្នាសិន រួចហើយទើបជួយគ្នាសន្សំប្រាក់ជាបណ្ដើរៗ ទុកដើម្បីថ្ងៃសំខាន់នោះ។ នេះក៏ជាហេតុផលមួយទៀត ដែលអាចអធិប្បាយឱ្យចាស់ៗអាចយល់បានដែរ និងថែមទាំងធ្វើឱ្យលោកប្រាកដក្នុងចិត្តថា អ្នកបានរៀបផែនការរៀបការទុករួចហើយនាពេលអនាគត។
សម័យនេះ ការរស់នៅជាមួយគ្នាមុនរៀបការ មិនមែនជារឿងចម្លែក ឬត្រូវបានមើលឃើញថា ខុសសីលធម៌ទំនៀមទម្លាប់ទៀតទេ តែក៏មិនអាចបដិសេធបានដែរថា ការគិតរបស់មនុស្សជំនាន់ឪពុកម្ដាយជាច្រើន នៅតែប្រកាន់ខ្ជាប់នឹងវប្បធម៌បែបពីដើមនៅឡើយ។ បើសិនគូស្នេហ៍ ១គូណា ចង់សាកល្បងចេញមករស់នៅជាមួយគ្នា រៀនយល់ដឹងអំពីគ្នាមុននឹងរៀបការគ្នាមែនទែននោះ ប្រហែលជាត្រូវចរចា និងអធិប្បាយពន្យល់ឱ្យអ្នកមានគុណលោកបានយល់ហើយ។ តែបើសិនជានិយាយយ៉ាងម៉េច ក៏លោកនៅតែអះអាងប្រកាន់ជំហរមិនយល់ស្របនោះ បែបហ្នឹងអ្នកអាចនឹងត្រូវផ្អាកផែនការរស់នៅជាមួយគ្នាហ្នឹងមួយរយៈសិនហើយ។ យើងសូមណែនាំ ឱ្យនាំគូស្នេហ៍ ទៅលេងឪពុកម្ដាយឱ្យបានញឹកញាប់ រហូតដល់លោកជឿជាក់ និងប្រាកដក្នុងចិត្តថា គូស្នេហ៍របស់យើង ជាមនុស្សដែលស័ក្តិសមក្នុងការមើលថែទាំរូបយើងបានមែន ហើយយើងទាំងគូ អាចទទួលខុសត្រូវជីវិតរវាងគ្នាទៅវិញទៅមកបាន ទោះជាមិនទាន់បានរៀបការនឹងគ្នាក៏ដោយ។