ជឿថា ប្រិយមិត្តជាច្រើននៅចាំបានហើយ ផ្ទះមួយស្ថិតនៅកណ្តាលផ្លូវហាយវ៉េ នៃទីក្រុងសៀហៃ ប្រទេសចិន ដោយសារតែម្ចាស់ផ្ទះ ក្រាញននៀលខុសគេខុសឯង មិនព្រមចាកចេញ ដោយសារមិនពេញចិត្តជាមួយសំណងរបស់រដ្ឋាភិបាល គឺអ្វីៗបានត្រឹមសោកស្តាយ និងជូរចត់ ព្រោះតែការគិតខុស…។
ទាក់ទងរឿងនេះ ក៏សូមរៀបរាប់ឲ្យដឹងថា នៅខែកក្កដា ឆ្នាំ ២០០៣ ប្រជាជននៅជុំវិញផ្លូវ Huting North នៃស្រុក Songjiang ទីក្រុងសៀងហៃ ប្រទេសចិន បានប្រមូលផ្តុំគ្នាទទួលយកកិច្ចព្រមព្រៀងផ្លាស់ប្តូរលំនៅដ្ឋាន ដើម្បីពង្រីកផ្លូវហាយវេឆ្លងកាត់ផ្ទះរបស់ពួកគេ។ ប៉ុន្តែ ខណៈពេលដែលមនុស្សភាគច្រើននៅទីនោះ បានយល់ព្រមផ្លាស់ទីលំនៅ និងទទួលបានសំណងយ៉ាងសប្បាយរីករាយ គឺមានតែគ្រួសារមួយប៉ុណ្ណោះ ដែលមិនព្រមចាកចេញ ព្រោះម្ចាស់ផ្ទះ ចង់ចរចាសំណងធំជាងការកំណត់របស់រដ្ឋ។ តែទោះជាយ៉ាងណា បន្ទាប់ពីនោះ ផ្លូវហាយវេនៅតែត្រូវបានពង្រីក និងអភិវឌ្ឍន៍។
មូលហេតុដែលគ្រួសារនេះបដិសេធមិនព្រមផ្លាស់ទីលំនៅ នោះចាំបាច់គឺត្រូវនិយាយអំពីផ្ទះតូចមួយតាមបែបលោកខាងលិចរបស់គ្រួសារនេះ។ ម្ចាស់ផ្ទះឈ្មោះ Zhang Xinguo កាលគាត់នៅក្មេង គាត់ជាបុគ្គលិកនៃក្រុមហ៊ុនសំណង់នៅទីក្រុងសៀងហៃ។ ពេលនោះការងារនេះបានផ្តល់ប្រាក់ខែច្រើនដល់គាត់ និងជួយឱ្យគាត់មានជីវភាពធូរធារ។ ក្រោយតស៊ូធ្វើការងារអស់រយៈពេលជាច្រើនឆ្នាំ ប្ដីប្រពន្ធនេះមានប្រាក់សន្សំច្រើន។
តែយ៉ាងណា ពេលវេលាកន្លងផុតទៅ គាត់និងប្រពន្ធសម្រាលបានកូនប្រុសមួយស្រី។ ហើយនៅពេលកូនៗធំឡើង និងរៀបការ ផ្ទះធំទូលាយពីមុនរបស់ពួកគេ ក៏កាន់តែចង្អៀត។
បន្ទាប់មក លោក Zhang បានសម្រេចចិត្តទិញដីពីផ្ទះអ្នកជិតខាង បន្ទាប់មកបានសាងសង់អគារខាងលិចមួយទៀត ដែលមានកម្ពស់បីជាន់ ដោយឈរលើមូលដ្ឋាននៃដីចំនួនពីរ។ ខាងក្រៅអាគារត្រូវបានក្រាលដោយក្បឿងសេរ៉ាមិចបែបបស្ចិមប្រទេស អាគារទាំងពីរត្រូវបានតភ្ជាប់គ្នាដោយជណ្តើរមួយ។ ផ្ទៃខាងក្នុងត្រូវបានតុបតែងតាមបែបអឺរ៉ុប គ្របដណ្តប់លើផ្ទៃដីជាង ៣០០ ម៉ែត្រការ៉េ។
ក្រោយពីផ្ទះរបស់គ្រួសារគាត់ ត្រូវបានសាងសង់រួច ស្រាប់តែក្លាយជាវិមានដែលទាក់ទាញចំណាប់អារម្មណ៍អ្នកភូមិទាំងមូល។ ផ្ទះនេះមានបន្ទប់ទំនេរពីរបី ដូច្នេះ Zhang បានជួលបន្ទប់ទំនេរទាំងនេះ ហើយគាត់រកបានយ៉ាងហោចណាស់ 60,000 យន់ ក្នុងមួយឆ្នាំ ពីការជួលផ្ទះ។
ទោះជាយ៉ាងណាក៏ដោយ ពេលវេលាដ៏ល្អនេះមិនបានយូរប៉ុន្មានទេ ដោយនៅខែមករា ឆ្នាំ ២០០៣ ផ្ទះនៅក្នុងភូមិនេះ ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីផែនការអភិវឌ្ឍន៍ទីក្រុង នៃទីក្រុងសៀងហៃ នៅពេលនោះ។
ដើមឡើយ Zhang ពិតសប្បាយចិត្តណាស់ ពេលបានឮរឿងនេះ គាត់មានអារម្មណ៍ថា ផ្ទះរបស់គាត់ធំណាស់ គាត់នឹងទទួលបានសំណងច្រើនហើយ ប៉ុន្តែលទ្ធផលសំណងធ្វើឱ្យគាត់ខកចិត្តទៅវិញ!។
ដោយសារតែសំណង គឺផ្អែកលើតំបន់ផ្ទះដែលបានចុះបញ្ជីនៅលើក្រដាស ដូច្នេះហើយ លោក Zhang អាចទទួលបានត្រឹមតែ 2.3 លានយ័នប៉ុណ្ណោះ ខណៈដែលគាត់ជាម្ចាស់អគារ ៣ ជាន់ដ៏ធំ កំពុងរកចំណូលបានច្រើនពីការជួលផ្ទះនេះ។
គោលនយោបាយសំណងនេះ បានធ្វើឱ្យលោក Zhang មិនសប្បាយចិត្ត និងខឹងសម្បារយ៉ាងខ្លាំង។ គាត់បានសម្រេចចិត្តមិនចាកចេញទេ លុះត្រាតែរដ្ឋាភិបាលផ្តល់សំណងដល់គាត់ចំនួន 100 លានយន់ និងផ្ទះចំនួន ៦ ខ្នង។
នៅពេលដែលគាត់មិនអាចចុះកិច្ចព្រមព្រៀងបាន រដ្ឋាភិបាលក៏គ្មានជម្រើសអ្វី ក្រៅតែពីដំណើរការសាងសង់ផ្លូវតាមការគ្រោងទុក បើទោះបីជាគ្រួសាររបស់គាត់ នៅតែ «ដាំគ្រឹះ» នៅទីនោះក៏ដោយ។
ក្រោយពីសាងសង់ប្រព័ន្ធផ្លូវរួច ផ្ទះរបស់គាត់ត្រូវបានបិទកណ្តាលផ្លូវ។ កត្តានេះក៏ធ្វើឲ្យចរាចរណ៍នៅលើផ្លូវនេះកកស្ទះជាញឹកញាប់ និងងាយនឹងមានគ្រោះថ្នាក់ មិនត្រឹមតែបង្កការរអាក់រអួលខ្លាំងដល់គ្រួសារគាត់ប៉ុណ្ណោះទេ គឺថែមទាំងស្ទះចរាចរណ៍នៅទីនេះទៀតផង។
នៅកណ្តាលផ្លូវដ៏មមាញឹក ហើយនៅតែមានអគារបីជាន់ អ្នកទេសចរមកពីកន្លែងផ្សេងៗទៅកាន់ទីក្រុងសៀងហៃ ស្ទើរទប់ចិត្តមិនបាន ពេលឃើញផ្ទះរឹងរូស ‘ចាក់ឬស’ នៅកណ្តាលផ្លូវធំបែបនេះ។
ទោះជាយ៉ាងណា ភាពរឹងរូស និងសេចក្តីលោភលន់ហួសប្រមាណរបស់គ្រួសារនេះ ទីបំផុត ក៏បានដល់ ព្រោះថា ក្រោយមក ផ្ទះលោក Zhang លែងត្រូវបានគេជួលទៀតហើយ ដោយសារវាស្ថិតនៅកណ្តាលផ្លូវ ពិបាកបន្តិច និងសូម្បីតែផ្ទះកាន់តែយ៉ាប់យ៉ឺនទៅៗ ខណៈជញ្ជាំងពណ៌សនៃផ្ទះក៏ប្រែទៅជាពណ៌លឿងតាមពេលវេលា។ ជាក់ស្តែង ជារៀងរាល់ថ្ងៃ គ្រួសារនេះត្រូវរស់នៅក្នុងសំឡេងបន្លឺរថយន្ត និងធូលី។ ហើយសូម្បីតែម្តាយក្មេកក៏គាំងបេះដូង ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែស៊ីផ្លេឡានទាំងកណ្តាលយប់។
អស់រយៈពេល ១៤ ឆ្នាំ ពីឆ្នាំ ២០០៣ ដល់ ២០១៧ គ្រួសារនេះត្រូវរស់នៅកណ្តាលផ្លូវដ៏មមាញឹកដោយចរាចរណ៍ និងធូលី ខណៈអ្នកភូមិកាលពីអតីតកាល កំពុងរស់នៅក្នុងផ្ទះធំទូលាយ ដែលត្រូវបានថែទាំត្រឹមត្រូវ ដោយរដ្ឋាភិបាលឧបត្ថម្ភធន។
ចុងក្រោយ លោក Zhang ក៏យល់ព្រមសម្របសម្រួល ទទួលយកការផ្ទេរនេះ ហើយបានទទួលប្រាក់ចំនួនត្រឹមតែ 70,000 យន់ ប៉ុណ្ណោះ (2.3 លានយន់ មិនយក ចុងក្រោយសឹងតែពុំចង់បាន 70,000 យន់) នេះចាត់ទុកថាសំណាងហើយ។ គួរបញ្ជាក់ថា នៅវេលាម៉ោង ១ និង ២៥ នាទី ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៧ ទិដ្ឋភាពផ្ទះតូច ៣ ជាន់នេះ ទីបំផុត ក៏បានបាត់ចេញពីផ្លូវ។
បច្ចុប្បន្ន លោក Zhang និងក្រុមគ្រួសារ បានផ្លាស់ទៅរស់នៅផ្ទះថ្មី លែងមានសំលេងរំខាន និងធូលីទៀតហើយ ជីវិតរបស់ពួកគេ បានវិលមករកភាពប្រក្រតីវិញបន្តិចម្តងៗទាំងជូរចត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











