ដូចដែលពាក្យគេតែងនិយាយថា ជីវិតមិនទៀងទាត់ ឈឺកាយ អាចរស់នៅបានយូរថ្ងៃខែឆ្នាំ… តែបើឈឺចិត្ត ខកចិត្ត បាក់ទឹកចិត្តខ្លាំងហើយ អាចឱ្យយើងស្លាប់ត្រឹមពេលពីរបីនាទីប៉ុណ្ណោះ គឺវាអាចសម្លាប់យើងបាន។ ជាក់ស្តែង អ្នកលក់អនឡាញម្នាក់ ដែលគេស្គាល់តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Nyza Nyza ដែលទើបផុស «រឿងចែកផ្លូវគ្នា» មិនបានប៉ុន្មានម៉ោងផង ក៏លេចឮដំណឹងទទួលមរណភាពស្ទើរតែមិនគួរឲ្យជឿ។
តែយ៉ាងណាមិញ ចំពោះមូលហេតុ នៃការស្លាប់របស់អ្នកលក់អនឡាញខាងលើ គេក៏ពុំបានដឹងច្បាស់ដោយសាររឿងបំណុល ឬដោយវិបត្តិគ្រួសារនោះទេ ខណៈម្តាយរបស់នាង បានត្រឹមបង្ហោះសារប្រាប់ថា កូនស្រីរបស់គាត់បានទទួលមរណភាពហើយប៉ុណ្ណោះ។ តែទោះជាយ៉ាងណា ករណីរបស់នាង គេបានសន្និដ្ឋានតែមួយគត់ គឺច្បាស់ជាទទួលរងសម្ពាធផ្លូវចិត្តខ្លាំង ដោយសារប្តីដែលបានលែងលះ ខណៈប្រភពពីអ្នកស្គាល់បានបញ្ជាក់ថា ស្រ្តីរូបនេះបានចងកសម្លាប់ខ្លួន។
តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺស្របពេលស្រ្តីខាងលើបានបញ្ចប់ជីវិតចាកចោលកូន ស្រាប់តែគេបានឃើញមេតុងទីន២នាក់ ចេញមកប្រកាសអហោសិកម្មដល់សព ពាក់ព័ន្ធរឿងបំណុល។ ក្នុងនោះគណនីហ្វេសប៊ុកឈ្មោះ Sing Diamon បានបង្ហោះសារបញ្ជាក់យ៉ាងដូច្នេះថា៖ «កូនតុងទីនខ្ញុំម្នាក់ បានលាចាកលោកហើយដោយសាវិបត្តិគ្រួសារ ចេញសងជំនួសច្រើនKគួរសម្យ បងសូមអហោសិកម្មអោយអូន និងសូមអោយអូនទៅអោយបានសុខណា សុំចែករំលែកទុក្ខគ្រួសារផង NyZa NyZa»។
ដោយឡែក មេតុងទីនម្នាក់ទៀតដែលមានគណនីឈ្មោះ Oun Zaa ក៏បានប្រាប់ឲ្យដឹងផងដែរថា៖ «លុយដែលនៅខ្វះខ្ញុំ 1900$ ខ្ញុំមិនទាមទារអីទេ RIP NyZa Nyza ហើយការឈ្លោះប្រកែកអីទាំងប៉ុន្មាន ខ្ញុំសូមទោសផង សូមអោយជាតិក្រោយ សូមអោយអាយុវែងជាងនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





