ភ្នំពេញ ៖ ជនជាតិអង់គ្លេសម្នាក់ដែលចេញចូលប្រទេសកម្ពុជាជាច្រើនលើកដោយគ្មានលិខិតឆ្លងដែន និងដើរដេកតាមផ្លូវសាធារណៈ ដើម្បីស្រែកឡូឡាផ្តេសផ្តាស ត្រូវកងកម្លាំងនគរបាលឃាត់ខ្លួន ដើម្បីសួរនាំ។
នៅថ្ងៃសៅរ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទី មានជនបរទេសចំនួន១នាក់ ឈ្មោះ HEFFENAN JAMES JOSEPH ភេទប្រុស អាយុ៥២ឆ្នាំ អាយុ៥២ឆ្នាំ ជនជាតិអង់គ្លេស បានមកស្នាក់ការ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ស្ថិតនៅផ្ទះលេខ៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដើម្បីឲ្យជួយដល់រូបគាត់ ។
កម្លាំងការិយាល័យបានឲ្យដឹងថា ជននេះមកកម្ពុជាលើកដំបូងនៅឆ្នាំ២០១៣ បានចេញចូលប្រទេសកម្ពុជាជាច្រើនលើកហើយ និងលើកចុងក្រោយចូលមកកម្ពុជានៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៨ តាមច្រកអន្តរជាតិប៉ោយប៉ែត ។
កម្លាំងការិយាល័យបានពិនិត្យឃើញថា ជននេះគ្មានលិខិតឆ្លងដែន និងដើរដេកតាមផ្លូវសាធារណៈ(ការស្នាក់នៅមិនពិតប្រាកដ) និងស្រែកឡូឡា បង្កឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ ។
បច្ចុប្បន្ន កម្លាំងជំនាញបានបញ្ជូនជននេះ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់ ៕