នារីម្នាក់នៅទីក្រុង Penang ប្រទេសម៉ាឡេស៊ី បានជួបឧបទ្ទវហេតុមួយ បន្ទាប់ពីនាងបាត់បង់ការគ្រប់គ្រងរថយន្ត ដោយបានបើកឡានធ្លាក់ចូលទៅក្នុងវាលស្រែ។ ភ្លាមៗនោះ ប្រជាពលរដ្ឋដែលនៅក្បែរនោះ បានរត់សំដៅទៅរថយន្តរបស់នាង ដើម្បីជួយសង្គ្រោះ ហើយសំណាងល្អ ស្ត្រីនោះមានសុវត្ថិភាព និងមិនមានរបួសអ្វីនោះទេ។
ប៉ុន្តែ អ្វីដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងនោះ គឺនៅពេលសួរថា «តើនាងមានកើតអីដែរទេ?» ស្រាប់តែស្រ្តីរូបនេះ បានឆ្លើយប្រាប់ក្រុមសង្រ្គោះបែបនេះថា «ខ្ញុំមិនខ្វល់ពីខ្លួនឯងទេ ខ្ញុំខ្វល់ពីឆ្មារបស់ខ្ញុំច្រើនជាង»។
បើតាមលោក Sin Chew បានឲ្យដឹងថា ស្ត្រីរូបនេះបានបាត់បង់ការគ្រប់គ្រងរថយន្ត ខណៈកំពុងបត់ពីផ្លូវបំបែក មុនពេលទៅបុកចិញ្ចើមផ្លូវ ហើយបានធ្លាក់ទៅចូលវាលស្រែតែម្តង។ ដោយមានជំនួយពីពលរដ្ឋល្អមួយចំនួន នាងអាចចេញពីឡាន ដោយមានឆ្មា១ក្បាលកំពុងឱបក្នុងដៃ ហើយនាងបន្តផ្តល់ភាពកក់ក្តៅដល់សត្វចិញ្ចឹមជាទីស្រលាញ់របស់ខ្លួនប្រៀបដូចជាកូនអ៊ីចឹង។
ទោះបីជាមិនមានរងរបួសក៏ដោយ ក៏រថយន្តរបស់នាងរងការខូចខាតយ៉ាងដំណំ។ ហើយក្រោយមក ស្រ្តីរូបនោះ និងសត្វឆ្មារបស់នាង ត្រូវបានសាច់ញាតិ មកទទួលយកទៅផ្ទះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

