នៅចិនប្រធានាធិបតី Donald Trump ជាឥស្សរជននយោបាយទទយលបានការនិយមចូលចិត្តយ៉ាងខ្លាំង ហើយពួកគោរពសរសើរ ព្រោះភាពជោគជ័យក្នុងមុខជំនួញ នាំមកនូវទ្រព្យសម្បត្តិរាប់ប៊ីលានដុល្លាររបស់លោក។ ម្យ៉ាងទៀតកាយវិការនិយាយស្តីត្រង់ៗ ពុំសាំញ៉ាំនឹងពាក្យពេចន៍ “ពិធីការ” តាមអ្នកគាំទ្រវាជាឥរិយាបថរបស់មនុស្សពូកែហើយជោគជ័យ។
ប្រធានាធិបតី ដូណាល់ ត្រាំ
តាម Reuters នៅប្រទេសចិន លោក Trump ជាបុគ្គលត្រូវបានមហាជនស្រឡាញ់ចូលចិត្តយ៉ាងខ្លាំង។ លើបណ្តាញសង្គមលំដាប់តំបូងរបស់ចិន Sina Weibo មានអ្នកស្រឡាញ់លោក Trump ជាច្រើនបានបង្ហាញចេញនូវការស្ងើចសរសើរចំពោះបុព្វហេតុជំនួញជោគជ័យ ក៏ដូចជាកាយវិការធ្វើការសេរី ពុំ “ជាប់ស្នូក” របស់ប្រធានាធិបតីអាមេរិក។
ថ្វីត្បិតពុំទាន់មានតួលេខស្ថិតិប្រាកដក្តី តែមជ្ឈដ្ឋានអ្នកសង្កេតការណ៍សន្និដ្ឋានថា លោក Trump ទទួលបានការគាំទ្រច្រើនណាស់ពីពលរដ្ឋចិន។
Xin hao អ្នកនិយមលោក Trump ហើយក៏ជាអ្នកជំនាញបកប្រែបណ្តា Clip អំពីលោកដើម្បីបង្ហោះលើបណ្តាញសង្គមចែករំលែកថា ៖ “ជនជាតិចិន ពិតជាដក់ក្នុងចិត្តចំពោះការពិត ដែលប្រធានាធិបតី Trump ជាអ្នកមាន ហើយលោកតែងបង្ហញចេញពីការស្រឡាញ់ចូលចិត្តភាពហ៊ឺរហា ទំនើប ព្រមទាំងខ្លាចរអែងនឹងបង្ហាញវាចេញក្រៅ។ ពុំមែនមហាសេដ្ឋីណាក៏បែបនេះទេ”។
Xin នៅបានប្រាប់ថា រាល់ Clip ពីលោក Trump ដែលលោកផុសឡើងតែងទទួលបាននូវការ Comment រាប់ពាន់ព្រមទាំងអ្នកចូលចិត្តដ៏ច្រើនកុះករ។ ជាទូទៅមតិទាំងឡាយតែងការពាររូបលោកហើយ “តបត” និងមតិរិះគន់។
ក្រៅពីលោកកូនៗរបស់លោកក៏ទទួលបានការស្រឡាញ់ពេញចិត្តដែរ ពិសេសគឺកូនស្រី Ivanka Trump។ China Education Daily សរសេរថា ៖ “អ្នកអាចសំឡឹងឃើញឪពុកម្តាយជាមនុស្សបែបណាតាមរយៈកូនៗរបស់ពួកគេ។ កូនៗរបស់លោក Trump សុទ្ធសឹងជាបុគ្គលឆ្នើម មានន័យថា ឪពុកពួកគេជាមនុស្សមានជោគជ័យក្នុងជីវិត”។
ពេលពុំឃើញ Ivanka Trump រួមដំណើរជាមួយលោក Trump អ្នកខ្លះនិយាយថា ៖ “ពិតជាសោកស្តាយ! ព្រោះតែ Ivaka ពុំមកចិនពេលនេះ”៕