នាវាផ្ទុកយន្តហោះអាមេរិចចំនួន ៣គ្រឿងនឹងធ្វើសមយុទ្ធរួមគ្នាដ៍កំរនៅសមុទ្រប៉ាស៊ីហ្វិចភាគខាង លិច ខណៈដែលប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ កំពុងបំពេញទស្សនៈកិច្ចចនៅតំបន់អាស៊ី។ នេះបើតាមសេចក្តីប្រកាសរបស់យោធាអាមេរិច នៅថ្ងៃព្រហស្បតិ៍ ទី ០៩ ខែវិច្ឆការនេះ។
នាវាផ្ទុកយន្តហោះទាំង ៣គ្រឿងដ៍មានអានុភាពទាំងនោះរួមមាន នាវា USS Ronald Reagan នាវា USS Nimitz និង USS Theodore Roosevelt ហើយពួកវាត្រូវគេរំពឹងថានឹងចូលរួមហ្វឹកហាត់ជាមួយគ្នាជាមួយនឹងកងទ័ពជើងទឹករបស់កូរ៉េខាងត្បូងនៅសមុទ្រភាគខាងកើត។
នាវាផ្ទុកយន្តហោះទាំងនោះគ្រោងនឹងធ្វើប្រតិបត្តិការនៅដែនទឹកអន្តរជាតិ ចាប់ពីថ្ងៃសៅរិ៍ចុងសប្តាហ៍នេះ រហូតដល់ថ្ងៃអង្គារ។
ក្រុមនាវាផ្ទុយយន្តហោះកំពុងដឹកនាំ ក្រុមនាវាវាយប្រហារ ដោយរួមមានទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាពិឃាតជាច្រើនគ្រឿង។
នេះគឺជាលើកដំបូងហើយ ដែលអាមេរិចនឹងធ្វើប្រតិបត្តិការនាវាផ្ទុកយន្តហោះចំនួន ៣គ្រឿងរបស់ខ្លួនរួមគ្នានៅដែនទឹកចាប់តាំងពីឆ្នាំ ២០០៧មក។ ប្រតិបត្តិការរួមគ្នាដ៍កំររបស់នាវាផ្ទុកយន្តហោះរហូតដល់ទៅ ៣គ្រឿងត្រូវបានគេមើលឃើញថា ជាការបង្ហាញអនុភាពប្រឆាំងការគំរាមកំហែងនុយក្លេអ៊េររបស់កូរ៉េខាងជើង និងការចង់គ្រប់គ្រងរបស់ចិនលើតំបន់ នៅសមុទ្រចិនខាងត្បូង។ អាមេរិចមាននាវាផ្ទុកយន្តហោះទាំងអស់ចំនួន ១១គ្រឿង។
មេបញ្ជាការកងនាវាប៉ាស៊ីភិចរបស់អាមេរិច គឺលោក Scott Swift បានថ្លែងនៅក្នុងសេចក្តីប្រកាសថា “វាគឺជាឱកាសដ៏កំរ ក្នុងការហ្វឹកហាត់រួមគ្នា ជាមួយនឹងនាវាផ្ទុកយន្តហោះ ២គ្រឿង ហើយកាន់តែកំរទៀតនៅពេលហ្វឹកហ្វាត់ជាមួយនឹងនាវាផ្ទុកយន្តហោះ ៣គ្រឿង”៕ សុភ័ក្ត្រ