ភ្នំពេញ៖ លោក ហេង វុទ្ធី នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តតាកែវ បានរងការចោទប្រកាន់ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីនិងភារកិច្ចចំនួន៤ចំណុចធំៗ ដែលក្រុមហ៊ុនជាសាច់ញាតិ និងបក្ខពួករបស់ខ្លួន ចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍។ ការចោទប្រកាន់ទាំងនេះ ត្រូវបានប្តឹងចូលអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីទាមទារឲ្យមានការបកស្រាយ។
ក្នុងពាក្យប្តឹងចូលអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានផ្សព្វផ្សាយថា ការចោទប្រកាន់ រួមមាន៖ ១.ការចងក្រងជាក្រុម នូវក្រុមហ៊ុនដែលជាសាច់ញាតិ និងបក្ខពួករបស់ខ្លួនចូលរួមដេញថ្លៃ។ ២)ធ្វើជាអធិបតីក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ ហើយបញ្ជាឲ្យគណៈកម្មការដេញថ្លៃទទួលយកក្រុមហ៊ុនចូលរួមដេញថ្លៃដែលជាបក្ខពួករបស់ខ្លួន ដោយមិនបាច់ចូលរួមដេញថ្លៃ។ ទង្វើនេះខុសពីគោលការណ៍របស់ក្រសួងមហាផ្ទៃដែលមានក្រុមប្រឹក្សាឃុំជាគណៈកម្មការ និងត្រូវជាអធិបតីក្នុងការដេញថ្លៃនេះ។ ៣.បញ្ជាមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យចុះបិទគម្រោងការងារដែលទទួលធ្វើ ៥០ភាគរយឬ១០០ភាគរយ ឬគម្រោងនានា រយៈពេល៦ខែ នៃកិច្ចសន្យាសាងសង់របស់ក្រុមហ៊ុនដែលជាសាច់ញាតិ ឬបក្ខពួករបស់ខ្លួនដោយមិនបានពិភាក្សាជាមួយគណៈកម្មការឃុំសង្កាត់ និងបង្ខំឲ្យគណៈកម្មការឃុំសង្កាត់ទទួលយកគម្រោងនោះ ទោះបីការសាងសង់មិនត្រូវតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ។
លើសពីនេះទៀត លោកបានបញ្ជាឲ្យអ្នកបច្ចេកទេសធ្វើរបាយការណ៍បច្ចេកទេសមិនត្រឹមត្រូវ និងពិតប្រាកដ ដើម្បីរៀបចំឯកសារទូទាត់បិទគម្រោងសាងសង់។ ៤)ទារប្រាក់ចំនួន៥០០ដុល្លារ ទៅ១០០០ដុល្លារអាមេរិក ពីក្រុមហ៊ុនណា ដែលដេញថ្លៃបាន ប្រសិនបើក្រុមហ៊ុនមិនព្រមឲ្យនោះ គឺបញ្ជាឲ្យមន្ត្រីរបស់ខ្លួនកុំឲ្យរៀបចំឯកសារបិទគម្រោង ដើម្បីសុំថវិកាទូទាត់បានឡើយ ទោះបីក្រុមហ៊ុនបានសាងសង់ត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស តាមលក្ខខណ្ឌកិច្ចសន្យារួចហើយក៏ដោយ។ ពាក់ព័ន្ធនឹងករណីនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលលិខិតបំភ្លឺរបស់លោក ហេង វុទ្ធី នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តតាកែវ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទី និងភារកិច្ច ។
លោក ហេង វុទ្ធី បានធ្វើការបដិសេធទាំង៤ចំណុច ដោយបានលោកបញ្ជាក់ថា ១.បដិសេធថា ការចងក្រងនូវក្រុមហ៊ុនដែលជាសាច់ញាតិ និងបក្ខពួករបស់ខ្លួនចូលរួមដេញគម្រោងគឺជាការមិនពិត។ រាល់ការដេញថ្លៃគម្រោងត្រូវបានជូនដំណឹងនិងផ្សព្វផ្សាយតាមប្រព័ន្ធ (គ.ជ.អ.ប) សាលាក្រុង ស្រុក សាលាឃុំសង្កាត់ រយៈពេលយ៉ាងតិចបំផុត១៤ថ្ងៃមុនពេលដេញថ្លៃ។ ២.រាល់ការដេញថ្លៃទាំងអស់ អ្នកទទួលការឬក្រុមហ៊ុនត្រូវដាក់ពាក្យដេញថ្លៃក្នុងហិប ឬធុង និងអនុវត្តតាមនីតិវិធីរបស់សៀវភៅ PIM របស់ក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមតាមដាន ត្រួតពិនិត្យយ៉ាងត្រឹមត្រូវ។ ៣.ចំពោះករណីដែលបានចោទប្រកាន់ថាបានបញ្ជាមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យចុះបិទគម្រោងការងារដែលទទួលធ្វើ៥០ភាគរយឬ១០០ភាគរយ ឬគម្រោងធានារយៈពេល៦ខែ នៃកិច្ចសន្យាសាងសង់របស់ក្រុមហ៊ុនដែលជាសាច់ញាតិ ឬបក្ខពួករបស់ខ្លួន ដោយមិនបានពិភាក្សា ជាមួយគណៈកម្មការឃុំសង្កាត់ និងបង្ខំឲ្យគណៈកម្មការឃុំសង្កាត់ទទួលយកគម្រោងនោះ ទោះបីការសាងសង់មិនត្រូវ តាមលក្ខណៈបច្ចេកទេស យ៉ាងណាក៏ដោយ គឺជាការមិនពិត។ ៤.ចំពោះករណី ដែលបានចោទប្រកាន់ថា បានទារប្រាក់ចំនួន៥០០ដុល្លារ ទៅ១០០០ដុល្លារ ពីក្រុមហ៊ុនណាដែលដេញថ្លៃបាន ប្រសិនបើក្រុមហ៊ុន មិនព្រមឲ្យនឹងត្រូវគាត់បញ្ជាឲ្យមន្ត្រីរបស់ខ្លួន កុំឲ្យរៀបចំឯកសារបិទគម្រោង ដើម្បីសុំថវិកាទូទាត់បានឡើយ ទោះបីក្រុមហ៊ុននោះបានសាងសង់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងតាមលក្ខខណ្ឌកិច្ចសន្យា រួចក៏ដោយ គឺជាការមិនពិត។ ការរៀបចំឯកសារទូទាត់ថវិកា គឺជាភារកិច្ចរបស់ស្មៀន និងគណៈកម្មការលទ្ធកម្មឃុំសង្កាត់ ដែលជាម្ចាស់គម្រោងផ្ទាល់។ អាណត្តិបើកប្រាក់ គឺមានតែមេឃុំចៅសង្កាត់ប៉ុណ្ណោះដែលមានសិទ្ធិចុះហត្ថលេខាលើសំណុំឯកសារសម្រាប់ទូទាត់៕ ដោយ៖បញ្ជាស័ក្តិ