ហ្សាការតា៖ តាមការចាត់តាំងរបស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមក្នុងកិច្ចសន្ទនាអាស៊ានស្តីពីសិទ្ធិមនុស្សលើកទី៧ និងកម្មវិធីអបអរសាទរសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានខួបលើកទី១៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការរបស់លេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ កម្មវិធីនេះ មានការចូលរួមពីតំណាងប្រទេសអាស៊ានប្រចាំអាយឆា តំណាងប្រទេសសមាជិកអាស៊ាន គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងអង្គការសង្គមស៊ីវិល។
ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានគូសបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស បរិស្ថាន ធុរកិច្ច និងសិទ្ធិទទួលបានការអភិវឌ្ឍ តាមរយៈក្របខណ្ឌច្បាប់ គោលនយោបាយ បទដ្ឋាន និងយន្តការផ្សេងៗ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានធ្វើបទអន្តរាគមន៍ដោយលើកឡើងនូវព្រឹត្តិការណ៍ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលទាហ៊ានថៃបានបាញ់រះ មកលើប្រជាជនកម្ពុជាស្លូតត្រង់ នៅលើទឹកដីប្រទេសកម្ពុជា បណ្តាលឱ្យស្លាប់១នាក់ និងរបួស៣នាក់។
ឯកឧត្តមបានចាត់ទុកថា នេះជាទង្វើដ៏ព្រៃផ្សៃយង់ឃ្នង ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ផ្ទុយទៅនឹងច្បាប់អន្តរជាតិ ជាពិសេសសកម្មភាពរបស់យោធាថៃបានរំលោភទៅនឹងសេចក្តីប្រកាសរួមចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងប្រទេសកម្ពុជានិងប្រទេសថៃ ដោយមានឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ជាសាក្សី។
ជាមួយគ្នានេះ ឯកឧត្តមបានស្នើ (១) ឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពបង្កើនភាពតានតឹង និងគោរពអនុវត្តឱ្យបានពេញលេញនូវសេចក្តីប្រកាសរួម (២) ស្នើឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ជាបន្ទាន់និងឥតលក្ខខណ្ឌ និង (៣) ស្នើឱ្យសហគមន៍ថ្នាក់តំបន់និងអន្តរជាតិ បើកការស៊ើបអង្កេតរួមគ្នាមួយ ដែលឯករាជ្យ មិនលម្អៀង និងមានតម្លាភាព ចំពោះព្រឹត្តិការណ៍នេះ ព្រមទាំងធានាថាជនដែលអនុញ្ញាត ឬបង្កបទល្មើសខុសច្បាប់ ត្រូវទទួលទោស។
កិច្ចសន្ទនាលើកទី៧ នេះ មានគោលបំណង ក្នុងការផ្តល់ជាវេទិកាបែបស្ថាបនា សម្រាប់ប្រទេសសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធ ការអនុវត្តល្អៗ និងចំណេះដឹង ក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សក្នុងតំបន់ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមផងដែរ។ រក្សាសិទ្ធដោយ៖សុទ្ធលី









