ស្រីស្អាត YouTuber ម្នាក់ ដែលមានអ្នក subscribe 600,000 នាង Seon Yeo Jeong ដែលជាសាក្សីនៅក្នុងសោកនាដកម្មនៅ Itaewon ប្រទេសកូរ៉េខាងត្បូង បានប្រាប់ថា នាងពិតជាមានសំណាងណាស់ ដែលបានរួចផុតពីអាយុជីវិត ក្នុងគ្រាដ៏ភ័យខ្លាចនាពេលនោះ គឺនាងត្រូវគេសង្កត់រហូតថប់ដង្ហើម។
Seon Yeo Jeong ជា YouTuber ដែលបង្កើតមាតិកាកម្សាន្ត មានភាពល្បីល្បាញនៅលើ YouTuber ដែលពេលនេះ គេងមិនលក់ដោយសារតែយប់ដ៏អាក្រក់នោះ បានចែករំលែកហេតុការណ៍នេះលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាងថា «ដំបូងមានមនុស្សច្រើន ប៉ុន្តែនៅតែអាចផ្លាស់ទីបាន។ ប៉ុន្តែ រំពេចនោះ ស្រាប់តែមានមនុស្សម្នាឡើងកក្រើក ហើយចាប់ផ្តើមរុញច្រានគ្នាតែម្តង ប៉ុន្តែគ្មានអ្នកណាម្នាក់បានឮសំឡេងស្រែកយំឱ្យគេជួយឡើយ ដោយសារតែភ្លេងកំពុងលេង»។
នាងបន្តថា «ខ្ញុំនៅកន្លែងកើតហេតុ បានឃើញមនុស្សជាច្រើនដួលសន្លប់។ ហ្វូងមនុស្សបានជាប់គាំងនៅក្នុងទីធ្លាតូចចង្អៀត មនុស្សបានឈ្លោះប្រកែកគ្នា និងរុញច្រានដោយសម្ពាធខ្លាំងពីភាគីទាំងពីរ។ ខ្ញុំមិនអាចដកដង្ហើមបានទេ ភ្នែករបស់ខ្ញុំឡើងពណ៌ប្រផេះ។ ពេលនោះ ខ្ញុំបានគិតថាខ្ញុំនឹងត្រូវកិនស្លាប់ ប្រសិនបើខ្ញុំដួល»។
បន្ទាប់ពីបានរួចផុតពីភាពចលាចលនៃហ្វូងមនុស្សយ៉ាងជោគជ័យ Jeong បាននិយាយថា មានបុគ្គលិកពេទ្យ និងជនរងគ្រោះតិចតួចដែលកំពុងត្រូវការជំនួយ ខណៈមនុស្សដែលស្ថិតក្នុងស្ថានភាពល្អ បាននាំគ្នាជួយអ្នកសន្លប់។
Jeong បាននិយាយថា នាងទៅ Itaewon ដើម្បីដើរលេង និងថត Vlog សម្រាប់ការងារ។ នាងក៏បានចែករំលែកវីដេអូនៃហ្វូងមនុស្សស្រែក និងរុញច្រានគ្នា ដោយប្រាប់ថា «ខ្ញុំមិនអាចផ្លាស់ទីទៅមុខទៀតបានទេ ខណៈជាប់គាំងនៅក្នុងលំហូរនៃមនុស្ស ដែលកំពុងរុញច្រានគ្នាកាន់តែឆ្ងាយទៅៗ»។
ជាមួយការរួចផុតជីវិតនេះ នាងក៏បានឲ្យដឹងថា បើគ្មានជំនួយពីដៃគូទេ នាងនឹងសន្លប់ ហើយដួលទៅនឹងដី។ នាង និងមិត្តភក្តិរបស់នាង បានរួចជីវិតដោយព្យាយាមឡើងជញ្ជាំង ហើយតោងឡើងសន្សឹមៗផុតពីមនុស្ស ខណៈអ្នកផ្សេងទៀតមិនអាចធ្វើអ្វីបាន។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានរាយការណ៍នៅល្ងាចថ្ងៃទី២៩ ខែតុលា ថា ហេតុការណ៍ចលាចលជាន់គ្នាដ៏គួរឱ្យភ័យខ្លាចនេះ បានកើតឡើងនៅទីក្រុង Itaewon ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៥៣ នាក់ បានស្លាប់បាត់បង់ជីវិត រួមទាំងពលរដ្ឋវៀតណាមម្នាក់ផងដែរ។ ជនរងគ្រោះភាគច្រើនជាយុវវ័យប្រុសៗក្នុងវ័យ២០ឆ្នាំ ដែលបានចេញទៅធ្វើបុណ្យ Halloween។ នៅថ្ងៃទី៣០ ខែតុលា ប្រធានាធិបតី Yoon Suk-yeol បានប្រកាសកាន់ទុក្ខជាតិរហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ហើយបានលើកទង់ជាតិពាក់កណ្តាល សម្រាប់ជនរងគ្រោះនៃសោកនាដកម្មនេះ។
ស្ថានីយ៍ទូរទស្សន៍កូរ៉េធំៗចំនួនបីគឺ MBC, SBS, និង KBS បានប្រកាសផ្អាកកម្មវិធីកម្សាន្តទាំងអស់ ហើយបានធ្វើរបាយការណ៍ពិសេសស្តីពីសោកនាដកម្មនៃការរត់ជាន់គ្នានៅ Itaewon ខណៈតារាកូរ៉េជាច្រើនក៏បានបង្ហោះសារចូលរួមរំលែកទុក្ខ និងបួងសួងដល់ជនរងគ្រោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





