ក្រុងសៀមរាប ៖ នៅរសៀល ថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨ នេះ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត
ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ចុះជួប និងជម្រាបជូនអាជីវករផ្សារផល្លារាត្រីអង្គរថា គ្មានការរុះរើតូបលក់ដូរក្នុងផ្សារផល្លារាត្រីអង្គរដូចការបំផុសផ្យាយព័ត៌មានបំភ្លើសការពិតនោះឡើយ។
លោក បានជម្រាបជូនអាជីវករ កុំមានការភិតភ័យ ដូចព័ត៌មានបណ្តាញសង្គមមួយចំនួន ដែលផ្សព្វផ្យាយបំភ្លើសការពិត ។ ជាក់ស្តែងការបើកផ្លូវនេះ អាជ្ញាធរ មិនមានគម្រោងឈូសតូបលក់ដូរក្នុងផ្សារទាំងអស់នោះទេ គឺគ្រាន់តែបើកផ្លូវតាមអ្វីដែលម្ចាស់ផ្សារធ្លាប់បានព្រមពៀងជាមួយអាជ្ញាធរខេត្ត និងតាមការកំណត់របស់គណៈកម្មការរដ្ឋបាលតែប៉ុណ្ណោះ ។ ចំណុចសំខាន់ៗ មួយចំនួន ដែល លោក អភិបាលខេត្តបានជម្រាបជូនបងប្អូនអាជីវកររួមមាន៖ ១-អាជ្ញាធរខេត្ត អនុវត្តការបើកផ្លូវតាមគោលការណ៍ច្បាប់តែប៉ុណ្ណោះ ២-អាជីវករបន្តការលក់ដូរជាធម្មតា ដោយកុំការបារម្មណ៍ ឬភ័យខ្លាចការបិទផ្សារ ឬការឈូសតូប ដើម្បីបើកផ្លូវនេះទេ ៣-ការបើកផ្លូវនេះគឺការបង្កើតបណ្តាញផ្លូវប្រទាក់ក្រឡានៃការភ្ជាប់បណ្តាញផ្លូវឡើងវិញ ដើម្បីសម្រួលចរាចរ ការកកស្ទះ និងប្រើប្រាស់ក្នុងករណីចាំបាច់ដូចជាការងារសង្គ្រោះអគ្គីភ័យនិង ការសង្គ្រោះបន្ទាន់ជាដើម។
ដូចនេះមានន័យថា ទាំងអាជីវករលក់ក្នុងផ្សាររាត្រីអង្គរ និងម្ចាស់ដីទាំង ៥៨គ្រួសារ សុំការបើកផ្លូវផ្សារផល្លារាត្រីអង្គរអស់កង្វល់ទាំងអស់គ្នា ដោយអាជីករនៅលក់ដូរដដែល ហើយការបើកផ្លូវនៅតែបើកដដែល។ លោកអភិបាលខេត្ត សង្កត់ធ្ងន់ថាសូមអាជីវករទាំងអស់ កុំមានការភិតភ័យ ដូចព័ត៌មានបណ្តាញសង្គមមួយចំនួន ដែលផ្សព្វផ្យាយបំភ្លើសការពិត។ ជាក់ស្តែងការបើកផ្លូវនេះ អាជ្ញាធរមិនមានគម្រោងឈូសតូបលក់ដូរក្នុងផ្សារទាំងអស់នោះទេ គឺគ្រាន់តែបើកផ្លូវតាមអ្វីដែលម្ចាស់ផ្សារធ្លាប់បានព្រមព្រៀងជាមួយអាជ្ញាធរ និងតាមការកំណត់របស់គណៈកម្មការរដ្ឋបាលតែប៉ុណ្ណោះ៕ ដោយ ៖ បញ្ញាស័ក្តិ