Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ ជំនឿបែបខុសៗ ៦យ៉ាង ពាក់ព័ន្ធនឹងសុខភាព ដែលអ្នកត្រូវពិចារណាឡើងវិញ!

មនុស្សជាច្រើន ប្រហែលជាធ្លាប់បានឮអំពីជំនឿ ដែលពាក់ព័ន្ធនឹងរឿងសុខភាពខ្លះៗហើយ មិនថាតែការញ៉ាំផ្អែមខ្លាំង នឹងធ្វើឱ្យយើងកើតជំងឺទឹកនោមផ្អែម ឬមានតែអ្នកធាត់ទេដែលមានកូលេស្តេរ៉ូលក្នុងឈាមច្រើន ឬមានតែមនុស្សចាស់ អាយុច្រើនទេ ដែលត្រចៀកធ្ងន់ ស្ដាប់មិនសូវឮ។ ដូច្នេះថ្ងៃនេះ យើងនាំគ្នាមកដឹងថា តើជំនឿដែលយើងធ្លាប់បានឮ និងមានអ្នកខ្លះអាចជឿ តាំងពីនៅក្មេងៗមកនោះ មានភាពពិតត្រឹមត្រូវដែរឬទេ?

១.ញ៉ាំអាហារដែលមានរសជាតិផ្អែមខ្លាំង ច្រើនតែធ្វើឱ្យកើតជំងឺទឹកនោមផ្អែម
នៅក្នុងការពិតវិញ មូលហេតុចម្បងរបស់ជំងឺទឹកនោមផ្អែម គឺការដែលរាងកាយរបស់យើងខ្វះអ័រម៉ូនអ៊ីនស៊ូលីន ដែលមានតួនាទីសំខាន់ក្នុងការរក្សាកម្រិតជាតិស្ករនៅក្នុងឈាម។ បើសិនរាងកាយអាចផលិតអ័រម៉ូនមួយនេះបានជាប្រក្រតី ទោះជាអ្នកទទួលទានអាហារផ្អែមប៉ុនណា ក៏មិនមានបញ្ហាអ្វីដែរ វាគ្រាន់តែធ្វើឱ្យអ្នកធាត់តែប៉ុណ្ណោះ តែក្នុងករណីដែលអ្នកមានពូជអម្បូររបស់ជំងឺនេះស្រាប់ហើយ ត្រូវតែគ្រប់គ្រងអាហារឱ្យមានតុល្យភាព ទទួលទានអាហារឱ្យគ្រប់ ៥ប្រភេទក្រុម មិនទទួលទានអាហារផ្អែមខ្លាំងជ្រុលពេក ក៏អាចនឹងជួយគ្រប់គ្រង មិនឱ្យអាការរបស់ជំងឺទឹកនោមផ្អែម ដែលបង្កប់នៅក្នុងខ្លួនកម្រើកឡើងមកបាន។

២.មានតែមនុស្សធាត់ៗប៉ុណ្ណោះ ដែលមានកម្រិតកូលេស្តេរ៉ូលនៅក្នុងឈាមខ្ពស់
មិនមែនជាការពិតជានិច្ចនោះទេ មនុស្សស្គមៗ ក៏មានឱកាសប្រឈមនឹងសភាវនេះដែរ ព្រោះកម្រិតកូលេស្តេរ៉ូល មិនបានវាស់លើទម្ងន់ខ្លួននោះទេ។ មិនថាខ្លួនអ្នកស្គម និងមិនទទួលទានអាហារដែលមានខ្លាញ់ក៏ដោយ ក៏អាចនឹងមានកូលេស្តេរ៉ូលខ្ពស់នៅក្នុងឈាមដូចគ្នា និងបើសិនជាមានពូជអម្បូរជាអ្នកដែលប្រព័ន្ធមេតាបូលីហ្សឹមក្នុងរាងកាយធ្វើការខុសប្រក្រតីផងនោះ នឹងធ្វើឱ្យកើតការផលិត និងប្រមូលសន្សំកូលេស្តេរ៉ូលនៅក្នុងចរន្តឈាមច្រើន ហើយក្នុងករណីនេះ អ្នកជំងឺនឹងមិនដឹងខ្លួនទេ ដូច្នេះដើម្បីភាពមិនធ្វេសប្រហែស យើងគួរទៅពិនិត្យឈាមជាប្រចាំរៀងរាល់ឆ្នាំ រួមទាំងព្យាយាមចៀសពីអាហារដែលមានជាតិខ្លាញ់បង្កកខ្លួនច្រើនផង។

៣.ស្បែកសម្បុរស្រអែម ស៊ូជាមួយកម្ដៅថ្ងៃបានល្អជាងស្បែកពណ៌ស
តាមរយៈការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ បានរកឃើញថា កាំរស្មី UV ប្រភេទ A ឬដែលហៅថា UVA មានសមត្ថភាពជ្រៀតជ្រែកចូលទៅបំផ្លាញសាច់ស្បែកស្រទាប់ខាងក្នុងរបស់មនុស្សយើងបាន ដោយមិនចាំបាច់ថា អ្នកមានមានស្បែកសម្បុរស្រអែម ឬសនោះទេ។ បើអ្នកត្រូវកម្ដៅថ្ងៃដុតខ្លាំងៗ ក៏មានឱកាសប្រឈមក្នុងការកើតជំងឺមហារីកស្បែកបានដូចគ្នា។ ដូច្នេះ មិនថារូបអ្នកមានស្បែកសម្បុរអ្វីនោះទេ អ្នកគួរតែមើលថែទាំខ្លួន ដោយការលាបគ្រីមការពារកម្ដៅថ្ងៃ រួមទាំងស្លៀកសម្លៀកបំពាក់ណាដែលអាចបិទបាំងរាងកាយបានជិតល្អផង បើសិនជាត្រូវនៅក្រោមកម្ដៅថ្ងៃរយៈពេលយូរ។

៤.មានតែមនុស្សចាស់ប៉ុណ្ណោះ ដែលត្រចៀកធ្ងន់ ឬស្ដាប់មិនសូវឮ
បច្ចុប្បន្ននេះ យើងច្រើនបានជួបនឹងយុវជន-យុវនារី ដែលមានបញ្ហាខាងការស្ដាប់ឮ ឬត្រចៀកធ្ងន់កាន់តែច្រើនឡើង មូលហេតុមួយផ្នែក គឺបណ្ដាលមកពីការដែលពួកគេចូលចិត្តលេង ឬស្ដាប់ឧបករណ៍ដែលមានសំឡេងឮខ្លាំងជ្រុលពេកកាលពីនៅវ័យក្មេង ឬនៅពេលធំឡើងត្រូវធ្វើការងារ ឬស្នាក់នៅក្នុងកន្លែងដែលមានបរិស្ថានមិនល្អខាងសំឡេងខ្លាំងៗ។

៥.អ្នកដែលកើតជំងឺលើសឈាម ហាមញ៉ាំកាហ្វេ
ក្នុងចំណុចនេះ អាចនឹងគ្មានភ័ស្តុតាងអះអាងឱ្យបានច្បាស់លាស់នៅឡើយទេ ទោះជាមានការហាមប្រាមអ្នកជំងឺលើសឈាមញ៉ាំកាហ្វេក៏ដោយ តែក្នុងការពិតវិញ អ្នកជំងឺទាំងនោះ មានចំនួនមិនតិចទេ ដែលមានទង្វើ និងទម្លាប់ចូលចិត្តញ៉ាំកាហ្វេជាប្រចាំ និងនៅតែញ៉ាំជាបន្ត ដោយគ្មានបង្ហាញពីអាការកម្រើកនៃរោគសញ្ញាណាមួយឡើយ តែយ៉ាងណាក៏ដោយ មានការណែនាំមួយបានប្រាប់ថា មិនគួរញ៉ាំកាហ្វេក្នុង ១ថ្ងៃ លើសពី ៤កែវឡើយ។

៦.បើសិនបណ្ដោយឱ្យបាតជើងត្រជាក់ នឹងធ្វើឱ្យកើតជំងឺរលាកប្លោកនាម
ចំពោះការពិតវិញ ប្លោកទឹកមូត្ររបស់យើងនឹងរលាក ឬអត់នោះ គឺអាស្រ័យលើមេរោគទេ ជាពិសេសបំផុតមេរោគពីពោះវៀនធំ ដែលអាចរបូតជ្រៀតចូលទៅក្នុងប្លោកទឹកមូត្រ រហូតធ្វើឱ្យកើតអាការរលាកបាន។
ពេលបានដឹងបែបនេះហើយ យើងគួរតែរៀនយល់ដឹងអំពីសុខភាពជាថ្មី តែយ៉ាងណាក្ដី ការមើលថែទាំសុខភាព ការគ្រប់គ្រងរឿងអាហារហូបចុក ការគេងលក់សម្រាកឱ្យបានគ្រប់គ្រាន់ រួមទាំងហាត់ប្រាណយ៉ាងជាប់លាប់ ក៏ជាមូលដ្ឋានគ្រឹះមួយ ដែលអាចជួយការពារយើងឱ្យនៅឆ្ងាយពីរោគព្យាធិបានដូចគ្នាដែរ៕

Medical concepts, safe support
×