នៅលើបណ្តាញសង្គម គេឃើញរូបភាពនារីវ័យក្មេងម្នាក់ ស្លៀករ៉ូបពណ៌ស បានលេចមុខនៅជាប់រថយន្ត Ferrari មួយគ្រឿង នៅចំណុចកើតហេតុ។ រូបភាពខ្លះក៏បង្ហាញពីនារីរូបនោះអង្គុយនៅកៅអីអ្នកបើកបរនៃរថយន្តផងដែរ។ មួយសន្ទុះក្រោយមក ក៏មានព័ត៌មានជាច្រើនបានសង្ស័យថា នារីនោះជាអ្នកបើករថយន្ត Ferrari ក្នុងពេលកើតហេតុ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ទោះជាយ៉ាងណា បើតាមព័ត៌មានពីក្រុមនគរបាលចរាចរណ៍ផ្លូវគោកលេខ៦ វៀតណាម បានឲ្យដឹងថា អ្នកបើកបររថយន្តត្រូវបានគេស្គាល់មានឈ្មោះថា HBV (អាយុ២៥ឆ្នាំ)។ បុរសនោះមិនមានវត្តមាននៅកន្លែងកើតហេតុទេ បន្ទាប់បើករថយន្តបង្កគ្រោះថ្នាក់។
យ៉ាងណាមិញ ទាក់ទិននឹងរូបភាពនារីវ័យក្មេងស្លៀករ៉ូបពណ៌ស អង្គុយលើកៅអីអ្នកបើកបររថយន្តទំនើបម៉ាក Ferrari 488 នោះ តំណាងនគរបាលចរាចរណ៍ផ្លូវគោកលេខ៦ បានឲ្យដឹងថា នារីរូបនោះបានប្រាប់ថា រូបនាងពិតជាជិះក្នុងរថយន្តនោះប្រាកដមែន ប៉ុន្តែ មិនមែនជាអ្នកបើកបរទេ។ តំណាងក្រុមប៉ូលិសចរាចរណ៍លេខ៦ បាននិយាយថា៖ «ពេលយើងទៅដល់កន្លែងកើតហេតុ នារីនោះភ័យស្លន់ស្លោ និងយំ»។
ប៉ូលិសបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើបម៉ាក Ferrari បុកជាមួយម៉ូតូ សមត្ថកិច្ចបានពិនិត្យឃើញថា ទ្វារចំហៀងនៃកៅអីអ្នករួមដំណើររថយន្តត្រូវបានចាក់សោ។ ដូច្នេះ ការចាកចេញពីក្នុងឡានត្រូវតែឆ្លងកាត់ទ្វារនៅផ្នែកខាងអ្នកបើកបរ។ ហេតុនេះ អាចថានារីរូបនេះមានការឈឺចាប់ខ្លាំង ហើយបានប្តូរទៅអង្គុយលើអ្នកបើកបរ ដើម្បីចេញក្រៅ ទើបនាំឱ្យមានការយល់ច្រឡំថា នាងជាអ្នកបើករថយន្តបង្កឱ្យមានគ្រោះថ្នាក់។
ជាក់ស្តែង ប៉ូលិសបានបង្ហាញថា «យើងបានទាញយកកាមេរ៉ាតំបន់ ហើយបានរកឃើញថា បន្ទាប់ពីរថយន្តបង្កគ្រោះថ្នាក់ បុរសម្នាក់បានចេញពីរថយន្ត ហើយបន្ទាប់មកបានគេចខ្លួនពីកន្លែងកើតហេតុតែម្តង»។
បើតាមលោក គួង សាក្សីម្នាក់នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែតុលា ខណៈគាត់កំពុងនៅក្នុងហាង ស្រាប់តែឮសំឡេងរថយន្តលាន់សូរដូចគ្រាប់បែក។ នៅពេលនោះ សាច់ញាតិរបស់គាត់បានប្រាប់ថា មានគ្រោះថ្នាក់នៅផ្លូវបំបែក Le Quang Dao (Nam Tu Liem ទីក្រុងហាណូយ)។
លោក គួង ដែលហាងរបស់គាត់មានចម្ងាយប្រហែល ១០០ ម៉ែត្រ ពីកន្លែងកើតហេតុ បានប្រាប់ថា «ខ្ញុំបានជិះម៉ូតូទៅកន្លែងកើតហេតុ លុះដល់ចំណុចកើតហេតុ ងងឹតហើយ ខ្ញុំយកបញ្ចាំងភ្លើងម៉ូតូទៅមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើផ្លូវ ចម្ងាយពីរថយន្តប្រហែល ៥០ម៉ែត្រ។ នៅពេលនោះ ខ្ញុំក៏បានយកបារ៉ាស់បិទកន្លែងជនរងគ្រោះ ព្រោះខ្លាចឡានផ្សេងបើកចូលមកកិនសព។
លោក គួង ក៏បានឲ្យដឹងទៀតថា ពេលគាត់ទៅដល់កន្លែងកើតហេតុ គាត់បានឃើញបុរសម្នាក់ និងនារីម្នាក់ នៅក្បែររថយន្តទំនើប Ferrari ។ បុរសនោះស្ងប់ស្ងាត់ណាស់ សង្ហា ទាន់សម័យ ស្លៀកពាក់ល្អ អាវពណ៌ស ខោពណ៌ខៀវ។ ចំណែកនារីរងគ្រោះអាយុប្រហែល៣០ឆ្នាំ ស្លៀករ៉ូបពណ៌ស ឈរក្បែររថយន្តទាំងភ័យស្លន់ស្លោ ស្រែកទ្រហោយំ ឱបដៃសំពះជនរងគ្រោះដែលស្លាប់។
សាក្សីខាងលើ បានបន្តថា ជនរងគ្រោះជិះម៉ូតូពាក់អាវភ្លៀង រងរបួសធ្ងន់នៅជើងទាំងសងខាង ហូរឈាមពេញផ្លូវ។ ក្រោយកើតហេតុប្រហែល ២០ នាទី ប៉ូលិសក៏បានមកដល់កន្លែងកើតហេតុ។
លោក គួង ក៏បានបន្ថែមថា លោកបានឃើញរថយន្ត Ferrari មុនពេលកើតហេតុ បានធ្វើដំណើរជុំវិញតំបន់នេះចំនួនពីរដង។ រថយន្តបើកទៅយ៉ាងលឿន សំឡេងរថយន្តបន្លឺឡើងដូចយន្តហោះអ៊ីចឹង។
ទោះជាយ៉ាងណា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌខេត្ត Ha បានកសាងសំណុំរឿងនេះ និងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










