ទោះជាប្រទេសកម្ពុជាយើងជាប្រទេសមួយ ដែលបើកទូលាយក្នុងការទទួលស្គាល់មនុស្សភេទទី៣ ក៏ដោយ តែបេះដូងរបស់មនុស្សដែលជាឪពុក និងម្តាយ ក៏នៅតែមិនចង់ឱ្យកូនក្លាយទៅជាមនុស្សភេទបែបនោះដែរ ដូច្នេះថ្ងៃនេះ យើងមានចំណុចប្រតិបត្តិ ដែលពាក់ព័ន្ធក្នុងរឿងនេះ មកជម្រាបជូនលោកឪពុក និងអ្នកម្តាយ គឺ ៣មាន និង ៤មិន ជាគន្លឹះក្នុងការចិញ្ចឹមកូន ឱ្យត្រឹមត្រូវទៅតាមភេទរបស់គេ។
-៣មាន…តើអ្នកម្តាយមានឬទេ?
១.ការយល់ដឹងដ៏ប្រពៃ
មនុស្សដែលជាឪពុក-ម្តាយ មានចំណែកធំធេងណាស់ក្នុងការកំណត់លក្ខណៈខាងភេទដល់កូនប្រុស កូនស្រីរបស់ខ្លួន។ ឪពុក និងម្តាយ និងមនុស្សជុំវិញខ្លួន គួរមានការយល់ដឹងក្នុងរឿងភេទរបស់កូន។ ពេលចង់ជជែកនិយាយ ចង់លេងសើច ឬចង់ធ្វើកិច្ចការងារណាមួយជាមួយកូន ត្រូវតែគិតដល់បែបបទខាងភេទរបស់កូនជាមុនជានិច្ច ដើម្បីឱ្យបានប្រតិបត្តិខ្លួនចំពោះកូនយ៉ាងត្រឹមត្រូវ និងស័ក្តិសម។
២.ការសម្តែងចេញដ៏ប្រពៃ
ឪពុក និងម្តាយ គួរមានការសម្តែងចេញចំពោះកូនយ៉ាងស័ក្តិសមតាមភេទ ដោយប្រតិបត្តិជាមួយកូនប្រុស និងកូនស្រី ឱ្យខុសពីគ្នា។ បើកូនជាក្មេងប្រុស ការប្រឡែងលេងជាមួយកូន មានដូចជាហក់លោត តោងទាញ ឬសូម្បីតែឱ្យកូនរុញ-អូសវត្ថុធ្ងន់ៗ ដែលបង្ហាញឱ្យឃើញពីភាពរឹងមាំ ចំណែកកូនស្រីក៏លេង ១បែបផ្សេងទៀត គឺលេងជាមួយកូនយ៉ាងទន់ភ្លន់ ថ្នមៗ ដូចជាឱ្យកូនលេងតុក្កតា លេងដេរប៉ះ ឬលេងដាំស្ល បាយឡុកបាយឡ ជាដើម។
៣.មានអ្វីៗជុំវិញខ្លួនដែលប្រពៃ
ឪពុក-ម្តាយ គួររៀបចំស្ថានភាពជុំវិញខ្លួន ឱ្យស័ក្តិសមនឹងភេទរបស់កូន ដូចជា ពណ៌សម្លៀកបំពាក់ជាដើម៖ កូនប្រុស ចូរឱ្យប្រើប្រាស់ពណ៌ផ្ទៃមេឃ កូនស្រីឱ្យជ្រើសរើសយកពណ៌ផ្កាឈូក ឬកូនប្រុសត្រូវឱ្យស្លៀកខោ និងកូនស្រី ឱ្យស្លៀកសំពត់។ របស់លេងកូនប្រុស គឺតុក្កតាមនុស្សយន្ត កាំភ្លើង ឬឡាន ឯរបស់លេងកូនស្រី គឺតុក្កតាកូនក្រមុំ ខ្សែកគ្រាប់អង្កាំ ឬចិញ្ចៀន ជាដើម ឯរបស់តុបតែងបន្ទប់វិញ កូនប្រុស គឺរូបភាពរថក្រោះ ឡានប្រណាំង រូបទាហាន ដែលបង្ហាញពីភាពជាកូនប្រុស ឯបន្ទប់កូនស្រី គួរមានរូបភាព នាងទេពអប្សរ ផ្កាកុលាប ដែលបង្ហាញពីភាពជាសុភាពនារី។
-៤មិន…តើអ្នកម្តាយ មានបានធ្វើទេ?
១.មិនបានបង្រៀនកូនពីរឿងភេទ
កូនក្នុងវ័យនេះអាចរៀនយល់ដឹងបានហើយថា ខ្លួនឯងជាភេទអ្វី តាមរយៈការដែលឪពុក-ម្តាយហៅ និងកំណត់បែបបទឱ្យត្រូវតាមភេទរបស់កូន ទាំងការតុបតែងខ្លួន ការលេងរបស់លេង ការហៅឈ្មោះ ឬការហៅឈ្មោះលេង ជាដើម តែការមិនបានបង្រៀនកូនថា កូនជាស្រី ត្រូវតែសុភាពរាបសា មិនមែនមកលោតហក់បែបនេះទេ ឬជាកូនប្រុស ត្រូវតែម៉ឺងម៉ាត់ រឹងមាំ មកយំបែបហ្នឹងមិនល្អទេណា៎ និងការដែលមិនបានបង្រៀនឱ្យកូនដឹងថា កូនជាស្រី ឬជាកូនប្រុសតាំងពីតូចៗមកនោះ ក៏អាចនឹងធ្វើឱ្យកូនមិនកើតមានភាពយល់ដឹងដែលច្បាស់លាស់ក្នុងភេទខ្លួនឯងបានដូចគ្នា។
២.មិនធ្វើជាគំរូដ៏ល្អ
ឪពុក-ម្តាយប្រតិបត្តិខ្លួនមិនស័ក្តិសមនឹងភេទរបស់ខ្លួនឯង ដូចជាម៉ាក់ជួសជុលផ្ទះ លាបជញ្ជាំងផ្ទះ ប៉ាដេរប៉ះខោអាវ រៀបចំផ្កាដាក់ក្នុងថូ។ ឪពុកគ្មានភាពជាអ្នកដឹកនាំ ធ្វើខ្លួនម្ញិកម្ញ៉ក់ តែម្តាយបែរជាកាចម៉ឺងម៉ាត់ហ្មត់ចត់ ជាអ្នកដឹកនាំគ្រួសារ។ ទាំងអស់នេះ នឹងធ្វើឱ្យកូនមានការវិលវល់យល់ច្រឡំក្នុងបែបបទខាងភេទ។
៣.មិននិយាយស្ដីខុសភេទ
និយាយជាមួយកូនមិនត្រឹមត្រូវ ដូចជានិយាយ “បាទ” ជាមួយកូនស្រី ឬនិយាយ “ចាស” ជាមួយកូនប្រុស ឬមិនបានបង្ហាត់ឱ្យកូនស្រីឆ្លើយ “ចាស” និងកូនប្រុសឆ្លើយ “បាទ” និងរួមទាំងពេលកូនប្រុសចេះជួយយកអាសាក្មេងស្រី ក៏មិនបាននិយាយសរសើរកូនថា ពូកែមែន! សុភាពបុរស គេត្រូវធ្វើអ៊ីចឹង…ជាដើម។
៤.មិនជិតស្និទ្ធជាមួយកូន
ឪពុកមិនចូលទៅលេងជិតស្និទ្ធជាមួយកូនប្រុស ម្តាយមិនចូលទៅលេងជិតស្និទ្ធជាមួយកូនស្រី ធ្វើឱ្យកូនមិនអាចចម្លងយកបែបបទប្រចាំភេទរបស់ខ្លួនបាន ព្រោះការដែលឪពុក-ម្តាយចូលទៅលេងជិតដិតស្និទ្ធស្នាលជាមួយកូនប្រុស-កូនស្រីនេះ គឺជាការជួយឱ្យកូនបានស្គាល់ពីបែបបទភេទរបស់ខ្លួនឯងបានយ៉ាងច្បាស់៕