ត្អើក ជាអាការដែលអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា បណ្ដាលមកពីអាការដែលក្រពះអាហារកើតអាការក្រហាយ ធ្វើឱ្យសរសៃប្រសាទត្រូវជំរុញឱ្យធ្វើការខុសប្រក្រតី បណ្ដាលឱ្យសន្ទះបាំងខ្យល់ ឬសាច់ដុំដែលឃាំងកណ្ដាលរវាងប្រអប់ទ្រូង និងប្រអប់ពោះ មានអាការបង្រួញខ្លួនឡើងរឹងជាចង្វាក់ៗ សាច់ដុំឆ្អឹងជំនីបានទទួលរងការញ័ររញ្ជួយ ឱ្យកើតការបង្រួញខ្លួនឡើងរឹងក្នុងលក្ខណៈដូចគ្នា។
មូលហេតុរបស់អាការត្អើក មានទាំងខាងសភាពរាងកាយ និងខាងអារម្មណ៍។ ខាងរាងកាយមានដូចជា ផលប៉ះពាល់បន្ទាប់បន្សំពីភាពខុសប្រក្រតីរបស់បំពង់ក និងដើមទ្រូង ដូចជាឃើញមានដុំសាច់ដុះ ក្រពេញទឹករងៃរីកធំ ឬភាពខុសប្រក្រតីរបស់ប្រអប់ពោះ ដូចជា រលាកសាច់ភ្នាសប្រអប់ពោះ ឬអាការដែលកើតឡើងក្រោយការវះកាត់។ ចំណែកអាការត្អើក បណ្តាលមកពីខាងអារម្មណ៍ មានដូចជា ការភ្ញាក់ផ្អើលឡើងភ្លាមៗ ឬមានបញ្ហាធុញថប់តានតឹងរ៉ាំរ៉ៃ ជាដើម។
ក្រៅពីនេះ ការញ៉ាំភេសជ្ជៈដែលមានហ្គាសច្រើន ដូចជាស្រាបៀរ ស្រាសូដា ការទទួលទានអាហារច្រើនជ្រុលពេក ញ៉ាំអាហាររសជាតិហឹរ ឬប្រៃខ្លាំង និងជក់បារីច្រើន ក៏ជាមូលហេតុរបស់អាការត្អើកបានដូចគ្នា។
ជាប្រក្រតី អាការត្អើកនឹងបាត់ទៅវិញជាបណ្ដើរៗ នៅពេលពេលវេលាកន្លងផុតទៅបានមួយរយៈ តែបើសិនជាមានអាការត្អើកក្នុងអំឡុងពេលសំខាន់ៗ ដូចជា ស្ថិតក្នុងអំឡុងពេលប្រជុំ សម្ភាសចូលធ្វើការ ឬនៅក្នងទីសាធារណៈ ជាដើមនោះ យើងច្រើនតែចង់ឱ្យអាការត្អើកនេះឆាប់បាត់ទៅវិញឱ្យលឿនៗ ដូច្នេះចូរសាកល្បងធ្វើតាមវិធីខាងក្រោមទាំងអស់នេះសាកលមើល៖
១.ដកដង្ហើមក្នុងថង់ក្រដាស
២.ទំពានំប៉័ងក្រៀម
៣.បង្អោនខ្លួនញ៉ាំទឹកពីមាត់កែវដែលនៅខាងមុខ ឬខាងណាដែលនៅជិតបបូរមាត់
៤.ក្រេបទឹកពីកែវលឿនៗ ច្រើនៗក្អឹក
៥.លេបទឹកកកដែលកិនម៉ដ្ឋ
៦.ធ្វើឱ្យភ្ញាក់ផ្អើលខ្លាំង ដូចជា ទះខ្នងស្រាលៗមិនឱ្យដឹងខ្លួនភ្លាមៗ
៧.ច្របាច់ត្រង់សាច់ប៉ោងក្រោមម្រាមមេដៃរបស់ដៃម្ខាងទៀត ឬសង្កត់ម្ដុំស្នាមចង្អូរលើបបូរមាត់
៨.យកម្រាមដៃញ៉ុករន្ធត្រចៀក ប្រមាណជា ២០-៣០នាទី
៩.ក្រេបទឹកផ្លែក្រូចឆ្មារស្រស់
១០.អត់ដង្ហើម ហើយរាប់លេខនៅក្នុងចិត្តពី១ ដល់១៥
បើធ្វើគ្រប់វិធីអស់ហើយ អាការត្អើកនៅតែមិនបាត់ទៀត សូមធ្វើចិត្តឱ្យត្រជាក់ៗ ហើយអង្គុយរង់ចាំមួយស្របក់ អាការត្អើកនឹងល្អប្រសើរឡើងវិញជាបណ្ដើរៗមិនខាន។ តែបើលោកអ្នកមានអាការត្អើកញឹកញាប់ ឬត្អើកខ្លាំងៗ រហូតដល់កើតអាការឈឺ-ក ឈឺដើមទ្រូង ឬឈឺខ្នងនោះ គួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យរាងកាយយ៉ាងលម្អិតជាថ្មីម្ដងទៀត៕