តារាសម្តែងកូរ៉េ Yoon Hongbin ដែលត្រូវបានគេស្គាល់ថាជាព្រះអង្គម្ចាស់ Imhae ក្នុងរឿងភាគប្រវត្តិសាស្ត្រកូរ៉េ The Jingbirok: A Memoir of Imjin War ក៏ស្ថិតក្នុងចំណោមហ្វូងមនុស្សរាប់រយនាក់នោះនៅទីនោះផងដែរ ហើយរូបគេក៏បានឃើញការប៉ះទង្គិចនៃហ្វូងមនុស្ស ក្នុងពិធីបុណ្យ Halloween នៅផ្លូវតូចចង្អៀតមួយនៅ Itaewon ដែលសោកនាដកម្មកាលពីយប់ថ្ងៃសៅរ៍ (ទី២៩ តុលា) បានកើតឡើង។
តារាវ័យ ២៨ ឆ្នាំ រូបនេះ បាននិយាយថា នេះជាលើកដំបូងរបស់គាត់ហើយ ដែលបានទៅចូលរួមបុណ្យ Halloween នៅ Itaewon។ Yoon Hongbin បានចែករំលែកថា គាត់និងមិត្តស្រីរបស់គាត់ នៅបារក្បែរនោះ ហើយពួកគេបានឃើញសោកនាដកម្មនេះ។ គាត់ក៏បានរៀបរាប់ពីបទពិសោធន៍របស់គាត់ ដែលបានខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះ ពីហេតុការណ៍ជាន់គ្នានេះអស់ពីកម្លាំងកាយចិត្ត។
ដោយនឹកឃើញពីអ្វីដែលបានកើតឡើងនៅថ្ងៃនោះYoon Hongbin បានសរសេរថា «ខ្ញុំបានទៅ Itaewon ដើម្បីរីករាយជាមួយពិធីបុណ្យ Halloween ជាលើកដំបូងក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំបានជួបសោកនាដកម្មដ៏តក់ស្លុតនេះនៅចំពោះមុខខ្ញុំតែម្តង»។
Yoon Hongbin បានបន្តថា៖ «ផ្លូវសំខាន់ គឺមានភាពច្របូកច្របល់ ហើយខ្ញុំត្រូវបានគេរុញជាមួយមិត្តស្រីរបស់ខ្ញុំ បើទោះបីជាត្រូវបានគេប្រាប់រាប់សិបដងថា វាគ្រោះថ្នាក់ក៏ដោយ ក៏ពួកខ្ញុំត្រូវតែចូលជួយ»។
តារាស្រីប្រុសរូបនេះ បាននិយាយថា «នៅពេលដែលមនុស្សកាន់តែច្រើនកំពុងត្រូវបានគេដឹកជញ្ជូន យើងមិនអាចយកពួកគេចូលទៅក្នុងរថយន្តសង្គ្រោះបានទៀតទេ ដូច្នេះ យើងបានចាប់ផ្តើមយកជនរងគ្រោះទៅដាក់លើផ្លូវ ហើយយើងបានត្រឹមជួយសង្គ្រោះបឋមប៉ុណ្ណោះ»។ ទោះបីជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់ Yoon Hongbin មិនបានសម្រេចដូចការរំពឹងទុកនោះទេ។
Hongbin បានប្រាប់ថា «អស់រយៈពេលជាង ២០ នាទី ខ្ញុំបានធ្វើការសង្គ្រោះបឋម លើជនរងគ្រោះ ខណៈពេលដែលមិត្តស្រីរបស់ខ្ញុំម៉ាស្សាដៃនិងជើងរបស់ពួកគេ។ នៅពេលនោះ យើងយំ ហើយក៏បានអធិស្ឋានឱ្យជនរងគ្រោះភ្ញាក់ឡើង ខណៈមនុស្សម្នាជាច្រើន ដែលកំពុងជួយសង្គ្រោះបឋមលើជនរងគ្រោះនៅតាមផ្លូវ ក៏អាចឮអ្នកទាំងអស់គ្នានោះ ដាស់ជនរងគ្រោះឲ្យបើកភ្នែកផងដែរ»។ Hongbin ក៏បានឲ្យដឹងថា «តាមខ្ញុំដឹង គឺមានតែជនរងគ្រោះម្នាក់ប៉ុណ្ណោះ ដែលចេញពីផ្លូវនោះនៅទីបំផុតបានដឹងខ្លួនឡើងវិញ។ ខ្ញុំក៏មិនអាចជួយសង្គ្រោះមនុស្សដែលខ្ញុំកំពុងជួយដែរ»។
នៅក្នុងការចែករំលែករបស់គាត់ តារាសម្តែងកូរ៉េខាងត្បូងវ័យ ២៨ ឆ្នាំ រូបនេះ បាននិយាយថា សោកនាដកម្ម នឹងអាចត្រូវបានរារាំង ប្រសិនបើមានវិធានការសមស្របជាមុន។ ក្នុងនោះ រូបគេបាននិយាយថា៖ «សោកនាដកម្មអាចត្រូវបានរារាំង ប្រសិនបើប៉ូលីសស្ថិតនៅកន្លែងដែលមានមនុស្សប្រមូលផ្តុំគ្នាជាហ្វូង ជាជាងនៅតាមផ្លូវ។ ខ្ញុំដឹងថាប៉ូលីសក៏មានការលំបាកដែរ ហើយបានប្រឹងប្រែងអស់ពីសមត្ថភាព។ ប៉ុន្តែខ្ញុំគិតថា ប៉ូលិសត្រូវបានដាក់ពង្រាយខុសកន្លែង ទើបបណ្តាលឲ្យហេតុការណ៍នេះកើតឡើង»។
ទោះជាយ៉ាងណា Yoon Hongbin បាននិយាយនៅចុងបញ្ចប់នៃការចែករំលែករបស់គាត់ថា «ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងខិតខំប្រឹងប្រែង ដើម្បីការពារកុំឱ្យហេតុការណ៍នេះកើតមានឡើងម្តងទៀត»។
យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានឱ្យដឹងថា ហេតុការណ៍ Halloween នៅ Itaewon គឺជាសោកនាដកម្មដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រកូរ៉េ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៥៤ នាក់ ក្នុងនោះមានជនបរទេស ២៦ នាក់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






