កូនអ៊ើយក្រោកឡើង ដល់ម៉ោងទៅរៀនហើយណា៎!…យើងដឹងថា រៀងរាល់ពេលព្រឹក អ្នកម្ដាយតែងនឿយហត់ខ្លាំងណាស់ ទាំងចិត្តទាំងកាយ បើកូនមិនព្រមក្រោកពីគេង ដើម្បីត្រៀមខ្លួនទៅសាលាទេនោះ។ បើកូនរបស់អ្នកចូលចិត្តភ្ញាក់យឺតពេល ឬពិបាកក្នុងការដាស់ឱ្យភ្ញាក់ទៅរៀន សូមនាំគ្នាមកតាមដានស្ដាប់អត្ថបទបន្តទៅនេះ ថាតើវិធីធ្វើឱ្យកូនក្រោកពីគេងនៅពេលព្រឹកទាន់ពេល ត្រូវធ្វើយ៉ាងណាខ្លះ?
តិចនិកជំរុញឱ្យកូនភ្ញាក់ពីគេងនៅពេលព្រឹកបានយ៉ាងងាយស្រួល ត្រូវចាប់ផ្ដើមតាំងពីពេលយប់…
-ឱ្យកូនចូលគេងក្នុងម៉ោងពេលប្រហាក់ប្រហែលគ្នារៀងរាល់យប់។ កូនលោកអ្នកនឹងងាយស្រួលភ្ញាក់ បើពួកគេបានគេងលក់យ៉ាងគ្រប់គ្រាន់។ ការធ្វើបែបនេះ មិនត្រឹមតែនឹងធ្វើឱ្យការភ្ញាក់ពីគេងនៅពេលព្រឹក ដំណើរការបានយ៉ាងងាយស្រួលប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យកូនមានអារម្មណ៍ថា បានគេងយ៉ាងឆ្អែតទៀតផង។ ក្រៅពីនេះ ការបានគេងលក់យ៉ាងគ្រប់គ្រាន់ នឹងធ្វើឱ្យខួរក្បាលរបស់គេភ្លឺថ្លាស្រឡះ និងគិតរឿងផ្សេងៗបានល្អ មានថាមពលក្នុងការរៀន និងអាចមានសមាធិជាមួយនឹងអ្វីដែលគេកំពុងធ្វើទៀតផង។ តែការដែលអ្នក ក្រឱ្យកូនចូលគេង ឬឱ្យចូលគេងពេលយប់ជ្រៅនាយប់ថ្ងៃសុក្រ-សៅរ៍ នឹងធ្វើឱ្យកូនគេងមិនងាយភ្ញាក់ ហើយនឹងក្លាយជាទម្លាប់ឱ្យកូនភ្ញាក់យឺតពេល នៅថ្ងៃទៅរៀនបន្តទៀត។
-ត្រៀមសម្លៀកបំពាក់ ទាំងរបស់អ្នក និងកូន សម្រាប់ថ្ងៃស្អែក ទុកពីយប់ជាស្រេច ព្រោះការធ្វើបែបនេះ នឹងជួយកាត់បន្ថយពេលវេលានៅពេលព្រឹក ហើយជួយឱ្យអ្នកបានដឹងជាមុនទៀតផងថា អាវដាច់ឡេវ ឬស្រោមជើងនៅហាលមិនទាន់ស្ងួត ជាដើម។ រឿងកំប៉ិកកំប៉ុកតូចតាចបែបនេះ នឹងធ្វើឱ្យអ្នកមានពេលចាកចេញពីផ្ទះបានលឿនទៀតផង។
-ត្រៀមកាបូបទៅរៀន ឱ្យរួចជាស្រេចសម្រាប់ព្រឹកស្អែក។ វាប្រហែលជាល្អណាស់ និងកាត់បន្ថយភាពមួម៉ៅតានតឹង បានមិនតិចទេ បើសិនបានត្រៀមសៀវភៅ និងកាបូបរៀន ដែលត្រូវប្រើនៅថ្ងៃស្អែក ឱ្យរួចជាស្រេចនោះ។ ដូច្នេះអ្នកគួរតែឱ្យកូនត្រៀមរៀបចំកាតាបទៅរៀនរបស់គេ ឱ្យរួចជាស្រេច យកសៀវភៅកិច្ចការផ្ទះ ដែលគេធ្វើរួចហើយ ដាក់ចូលកាតាប ដើម្បីត្រៀមខ្លួនទៅសាលា នៅពេលព្រឹកស្អែក។
គោលការណ៍ងាយៗត្រឹមតែមិនប៉ុន្មានចំណុចទាំងនេះ អាចផ្លាស់ប្ដូរទម្លាប់និស្ស័យកូនរបស់អ្នក ឱ្យចេះធ្វើជាមនុស្សដែលមានវិន័យ ចេះចូលគេង និងភ្ញាក់ ទៀងម៉ោងបានល្អមិនខាន។
អ្នកម្ដាយទាំងឡាយ ចូរសាកល្បងធ្វើតាមហ្នឹងទៅមើល៍…៕