Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី និងគ្រួសារ៖ ៧វិធី ពិនិត្យមើលខ្លួនឯងថា តើអ្នកត្រៀមខ្លួន សម្រាប់ការមានបុត្ររួចហើយមែនឬ?

បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចហើយ មនុស្សជាច្រើនគិតថា យើងត្រូវតែប្រញាប់មានកូន ឱ្យដូចអ្នកឯទៀត តែ…អ្នកមានបានសួរខ្លួនឯងហើយឬនៅថា ពេលនេះអ្នកចង់បានបុត្រ តើអ្នកមានបានត្រៀមខ្លួនរួចរាល់ហើយឬ?។ ជួនកាលការមានបុត្រ អាចមិនមែនជាអ្វី ដែលអ្នកចង់បាននៅពេលនេះក៏អាចថាបានដែរ ព្រោះវាមានបច្ច័យសំខាន់ផ្សេងៗជាច្រើនទៀត ដែលអ្នកត្រូវតែគិតដល់ មុនពេលអ្នកចង់មានបុត្រ…
តទៅនេះគឺ ៧វិធីក្នុងការពិនិត្យមើលខ្លួនឯងថា តើអ្នកបានត្រៀមខ្លួន សម្រាប់ការមានបុត្រ រួចរាល់ហើយមែនឬ?
១-រឿងលុយកាក់
រឿងលុយកាក់ជាបច្ច័យសំខាន់មួយ សម្រាប់អ្នកដែលគិតចង់មានបុត្រ ព្រោះការចិញ្ចឹមកូន មានន័យថា អ្នកត្រូវមានការចំណាយកើនឡើងទៀតជាច្រើន មិនថាតែថ្លៃមើលថែទាំខ្លួនពេលមានគភ៌ ថ្លៃប្រសូត ថ្លៃចិញ្ចឹមមើលថែទាំកូនតូច រហូតទៅដល់ថ្លៃរៀនសូត្ររបស់កូន ថ្លៃហូបចុក ថ្លៃរបស់របរប្រើប្រាស់ និងថែមទាំងត្រូវមានថ្លៃថែទាំព្យាបាលជំងឺតម្កាត់ផ្សេងៗទៀតផង។ បែបនេះ បើសិនជាមិនបានត្រៀមខ្លួនក្នុងរឿងនេះឱ្យបានមាំមួនទេនោះ ប្រហែលជាមិនអាចចិញ្ចឹមមើលថែកូន បានយ៉ាងល្អប្រសើរឡើយ។ ដូច្នេះគួររង់ចាំ ឱ្យស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នក មានភាពស្ថិតស្ថេររឹងមាំជាមុនសិន ដើម្បីអនាគតដ៏ល្អរបស់កូនទៅថ្ងៃមុខ។

   ២-ភាពស៊ូទ្រាំ
   បើអ្នកនៅក្មេងសេចក្តីនៅឡើយ នៅមិនទាន់ស្គាល់ភាពស៊ូទ្រាំ លះបង់ទេនោះ ប្រហែលជាមិនទាន់អាចមានបុត្រនៅពេលនោះបានទេ ព្រោះការចិញ្ចឹមមើលថែបុត្រ វាពិតជាលំបាកខ្លាំងណាស់។ ណាមួយត្រូវពពោះដ៏ធ្ងន់ដល់ទៅ ៩ខែ ហើយនៅត្រូវភ្ញាក់ បំបៅដោះកូននៅពេលយប់ ហើយថែមទាំងពេលកូនធំឡើង នៅត្រូវអត់ទ្រាំនឹងនិស្ស័យប្រកែកតវ៉ារបស់កូនទៀត។ ដូច្នេះហើយទើបការមានបុត្រ គួរតែទទួលយកនៅពេលដែលអ្នកមានភាពចាស់ទុំ ល្មមអាចនឹងស៊ូទ្រាំជាមួយនឹងរឿងទាំងអស់នោះបានជាមុនសិន ទើបជាការល្អ។

     ៣-វ័យ
 ក្រៅពីចិត្តគំនិត ដែលត្រូវតែចាស់ទុំហើយនោះ រឿងរបស់អាយុ ឬវ័យ ក៏ពាក់ព័ន្ធដែរ ព្រោះបើស្ថិតនៅក្នុងវ័យជំទង់ ហើយមានបុត្រ ទាំងមិនទាន់មានការមានងារធ្វើដើម្បីចិញ្ចឹមកូន និងគ្មានពេលវេលាគ្រប់គ្រាន់ ដោយសារតែខ្លួនឯងត្រូវនៅរៀនសូត្រផងនោះ ការចិញ្ចឹមមើលថែទាំកូន ប្រហែលជានឹងរឹតតែលំបាកឡើងទៀតទ្វេដងមិនខាន។ ដូច្នេះហើយ ចូរជ្រើសរើសមានបុត្រនៅក្នុងវ័យកណ្តាលៗ ឬក្នុងអំឡុងវ័យជាង ២០ឆ្នាំក្រាស់ ទើបជាការប្រសើរបំផុត។

៤-តើគូស្នេហ៍ ឬស្វាមីរបស់អ្នក ពិតជាមនុស្សដែលអ្នកត្រូវការមែនឬ?
   រវាងការនៅជាគូស្នេហ៍ ជាមួយនឹងការក្លាយជាស្វាមី-ភរិយានឹងគ្នា វាជារឿងមួយ ដាច់ដោយឡែក និងផ្សេងពីគ្នា ព្រោះជួនកាល តឱ្យអ្នកទាំង២ សេពគប់គ្នាយ៉ាងល្អប្រពៃ និងផ្អែមល្ហែមប៉ុនណាក៏ដោយ តែដល់ពេលមករួមរស់នៅជាមួយគ្នាមែនទែននោះ អាចនឹងមិនសូវជាចុះសម្រុងគ្នាប៉ុន្មាន ក៏អាចថាបានដែរ។ ព្រោះថា មនុស្សយើង នឹងបានមើលឃើញពីអត្តចរិត និស្ស័យពិតរបស់គ្នាទៅវិញទៅមកយ៉ាងច្បាស់ ក៏នៅពេលដែលបានមករស់នៅក្រោមដំបូលផ្ទះតែមួយជាមួយគ្នាហ្នឹងឯង...។ ដូច្នេះពេលនោះ បើសិនជាអ្នកមានបុត្រជាមួយគ្នា វាអាចនឹងធ្វើឱ្យការលែងលះគ្នា មានភាពលំបាកខ្លាំងឡើង ឬអាចនឹងធ្វើឱ្យកូន ក្លាយជាក្មេងមានបញ្ហាទៅថ្ងៃមុខបាន។

    ៥-នៅមិនទាន់បានប្រើប្រាស់ជីវិតរបស់ខ្លួនឯង ឱ្យអស់ដៃនៅឡើយ

ពេលមានបុត្រហើយ អ្នកត្រូវលះបង់ពេលវេលា រួមទាំងលុយកាក់ប្រាក់កាសដល់កូនៗ រហូតស្ទើរតែលែងបានធ្វើអ្វីសម្រាប់ខ្លួនឯងសោះតែម្ដង ក៏អាចថាបានដែរ។ ដូច្នេះហើយ ពេលដែលមិនបានធ្វើអ្វីៗដែលខ្លួនធ្លាប់បាននឹកស្រមៃចង់ធ្វើកាលពីមុនមកនោះ អ្នកអាចនឹងត្រូវសោកស្តាយនៅពេលក្រោយ ហើយបើរង់ចាំឱ្យកូនធំៗអស់សិន សឹមធ្វើរឿងដែលអ្នកចង់ធ្វើនោះ ពេលនោះអ្នកអាចនឹងមានអាយុច្រើន រាងកាយចុះទន់ខ្សោយ និងលែងអាចធ្វើបានទៀតហើយ ក៏អាចថាបានដែរ…។ ដល់ពេលនោះ អ្នកប្រហែលជានឹកស្តាយក្រោយខ្លាំងណាស់មែនទេ?។

៦-មុខតំណែង តួនាទីការងារ
   រឿងមួយនេះ គឺជារឿងល្អិតល្អន់មួយ ដែលអ្នកត្រូវប្រើពេលវេលាគិតគូរឱ្យបានយូរបន្តិច ដោយសារតែការងារខ្លះ ពេលមានបុត្រហើយ អ្នកប្រហែលជាមិនអាចធ្វើបានតទៅទៀតទេ។ ដូច្នេះអ្នកគួរសួរខ្លួនឯងឱ្យច្បាស់ មុននឹងសម្រេចចិត្តយកបុត្រសិនថា តើអ្នកគិតចង់ធ្វើអ្វីតទៅទៀត?  សុំឈប់ធ្វើការ មកធ្វើជាមេផ្ទះ ដើម្បីចិញ្ចឹមមើលថែកូន? ឬក៏ធ្វើការផង ចិញ្ចឹមកូនផង?។

 ៧-ផ្ទះសំបែង ក៏ត្រូវតែត្រៀមទុកជាមុន ឱ្យរួចជាស្រេចដែរ
     សាកល្បងពិនិត្យមើលថា តើពេលនេះ ផ្ទះ ឬកន្លែងរស់នៅរបស់អ្នក មានទីកន្លែងច្រើនគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមថែទាំកូនហើយឬនៅ?  បើមានត្រឹមតែបន្ទប់គេងធំតែ១ សម្រាប់អ្នក និងស្វាមី ឬភរិយានោះ ក៏សូមកុំអាលគិតចង់បានកូនអី ល្អជាង...ព្រោះថា ពេលកូននៅតូច កូនអាចគេងក្នុងបន្ទប់ជាមួយគ្នាបាន តែដល់ពេលគេធំឡើងបន្តិច យ៉ាងណាៗ ក៏កូនៗត្រូវតែចង់បានបន្ទប់ផ្ទាល់ខ្លួនរបស់គេ ដើម្បីបំពេញធុរៈ ឬរៀនសូត្រតែឯងស្ងាត់ៗដែរ...ដល់ពេលនោះ តើអ្នកគិតយ៉ាងម៉េច?៕
×