ដូចដែលប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចមកហើយ ពីឈ្មោះលោកគ្រូមហាជ័យ បារមីស្តេចនាគ ដែលកាលពីពេលកន្លងទៅនេះ បានធ្វើឲ្យផ្ទុះកក្រើកផ្អើលពិភពអនឡាញ បន្ទាប់ពីបានបង្ហាញសកម្មភាពថាស្តេចនាគរាជចូលសណ្ឋិត ហើយរាំងពត់ពេនបញ្ចេញស្តាយល៍ដូចតារាកូរ៉េ និងថែមទាំងយំសោកជាខ្លាំងទៀតផង ជាមួយដៃគូគ្រូមហាជុំ ស្ថិតនៅលើផ្ទៃទន្លេចតុមុខ ដែលធ្វើឲ្យមហាជនហួសចិត្តយ៉ាងខ្លាំងគ្រប់ៗគ្នា។
តែយ៉ាងណាមិញ ស្របពេលគ្រូមហាជ័យ ដែលមានបារមីខ្លាំងពូកែ អាចហៅខ្យល់ ហៅភ្លៀង ផ្គររន្ទះ ចំរដូវកក់ខែ ត្រូវគេជេរផ្អើលប្រទេស ហាក់ស្ងាត់បាត់មុខឈឹង មិនមែនរឿងអ្វីចេញមកប្លែកទៀតនោះ ពេលនេះ ស្រាប់តែលេចចេញគ្រូបារមីនាគថ្មី បើកឆាកវីដេអូដំបូងនៅលើបណ្តាញសង្គម ធ្វើឲ្យគ្រប់គ្នាឃើញហើយ ភ្ញាក់ផ្អើលខ្លាំងតែម្តង។
ពិតណាស់ តាមរយៈវីដេអូ បានបង្ហាញនារីរូបស្រស់សោភាម្នាក់ ត្រូវបានបារមីកូននាគចូលសណ្ឋិត ហើយត្រូវបានគ្រូបារមីមិនបញ្ចេញមុខរូបនោះដែលទំនងនៅតាមខេត្ត បានធ្វើការបញ្ជាព្រះនាគស្រី ធ្វើតាមការបង្គាប់របស់ខ្លួន ដោយឲ្យឆ្វេងៗ ស្តាំៗ ឡើងលើមកកាន់អសនៈលោកគ្រូភ្លាមមក ដែលឃើញហើយ មិនដឹងថានឹងរកពាក្យអ្វីថ្លែងឲ្យចេញនោះទេ។
ជាមួយគ្នានេះ ក្រោយពីបានឃើញបែបនេះ មហាជនក្នុងបណ្តាញសង្គម បានផ្ទុះខមិនហួសចិត្តព្រោងព្រាតថា៖ «លោមែនកូននាគ ស្រាប់តែកូនមនុស្សអីទៅ មិនវីវរ នាគផើមដោយសារបារមីគ្រូមិនខាន, អាគ្រូឡប់គ្រូបោកនាគតាឯងនៅហ្នឹងមែន, ឱខ្មែរអើយខ្មែរ ចេះតែជឿមិនមានហេតុផលអីសោះ ឡើងចុះៗ ប៉ះតែចំគ្រូបោក ប្រយត្ន័អស់ខ្លួនប្រាណតាំងស្តាយក្រោយ កើតរឿងប្តឹងផ្តល់ទៀតទៅ, សម័យនេះហើយ នៅនាំគ្នាល្ងង់ចឹងទៀត,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





