មិនថាអ្នកធ្លាប់ឆ្លងកាត់សម្ព័ន្ធភាពស្នេហ៍មករាប់មិនអស់ ឬក៏ទើបតែចាប់ផ្ដើមនោះទេ តែការណាត់ជួបមុខគ្នាលើកដំបូង គឺជារឿងមួយដែលតែងតែលំបាកជានិច្ច។ សេចក្ដីស្នេហាប្រៀបដូចជាវាលព្រៃដ៏សែនស្មុគស្មាញ ដែលត្រូវការការយកចិត្តទុកដាក់ ជាពិសេសបំផុតក្នុងអំឡុងពេលដំបូងៗនៃការសេពគប់គ្នា…តែអូខេ! គន្លឹះល្អៗតទៅនេះ នឹងជួយឱ្យអ្នកកំលោះយើងទាំងឡាយ អាចប្រែកាឡាខ្លួន ទៅជាប្រុសស្នេហ៍ដ៏សែនល្អជានិរន្តរ៍បាន។
១.ចេះយល់ព្រម និងចេះចុះញ៉ម
នរណាៗក៏ចង់បាននូវអ្វីដែលខ្លួនឯងត្រូវការដែរ តែនៅពេលឈានចូលទៅក្នុងសម្ព័ន្ធភាពស្នេហ៍ អ្នកនឹងបានដឹងថា ការសុខចិត្តចុះញ៉ម គឺជារឿងមួយសំខាន់បំផុត។ លើកឧទាហរណ៍រឿងងាយៗមួយ ដូចជាការជ្រើសរើសម្ហូបអាហារ សម្រាប់ញ៉ាំនៅក្នុងរាត្រីណាត់ជួបគ្នាលើកដំបូង។ បើលើកនេះ គូស្នេហ៍របស់អ្នកជាអ្នកជ្រើសរើស អ្នកក៏គួរតែទទួលយក ហើយលើកក្រោយ អាចនឹងជាតួនាទីរបស់អ្នកជ្រើសរើសម្ដង ក៏អាចថាបានដែរ។ ការរិះរកវិធីផ្សេងៗ ដើម្បីកាត់បន្ថយភាពជំទាស់គ្នា វានឹងជួយបន្ថែមសេចក្ដីសុខដល់សម្ព័ន្ធភាពស្នេហ៍។ អ្នកមិនចាំបាច់ត្រូវចុះញ៉ម ឬយល់ព្រមរហូតនោះទេ តែការឆ្លាស់គ្នាចុះញ៉មម្ដងម្នាក់ ដូចជា លើកនេះអូន លោកក្រោយបង
នឹងធ្វើឱ្យទាំង ២នាក់មានសេចក្ដីសុខមិនខាន។
២.បង្ហាញពីភាពបារម្ភពីគ្នា
ទង្វើងាយៗ ដូចជាការផ្ញើសារខ្លីៗទៅនារីគូស្នេហ៍ថា “នឹកណាស់” ឬពេលនៅជាមួយគ្នា ក៏ឆុងកាហ្វេឱ្យនៅពេលព្រឹក ក៏អាចធ្វើឱ្យគូស្នេហ៍របស់អ្នកមានអារម្មណ៍ល្អជាពិសេសបានដែរ និងថែមទាំងជាការពង្រឹងសរសៃគ្រឹះនៃសម្ព័ន្ធភាពស្នេហ៍ ឱ្យកាន់តែរឹងមាំទៀតផង។ សូម្បីតែពាក្យកោតសរសើរធម្មតាៗ ការចាប់កាន់ដៃនាងខណៈពេលដើរ ឬឱបគ្នាខណៈពេលបែកគ្នា ក៏សុទ្ធតែជាកាយវិការ ដែលបង្ហាញឱ្យគូស្នេហ៍បានដឹងថា អ្នកពិតជាបារម្ភពីនាងមែន។
៣.នៅចាំទទួលស្ដាប់
ទោះជាការចរចាទំនាក់ទំនង ជាអង្គប្រកបសំខាន់ក្នុងគ្រប់សម្ព័ន្ធភាពក៏ដោយ តែក៏មិនបានមានន័យថា អ្នកត្រូវតែនិយាយឥតឈប់ ដូចសត្វសារិកាកែវដែរ ជួនកាលអ្នកត្រូវបិទមាត់ និងអង្គុយស្ដាប់គូស្នេហ៍របស់អ្នកខ្លះផង។ កុំភ្លេចថា ការបានឮ និងការបានស្ដាប់ វាមិនដូចគ្នាទេ។ អ្នកមិនចាំបាច់ផ្ដល់ពាក្យណែនាំដ៏សម្បូរបែប ដែលអាចកែបញ្ហាបានគ្រប់យ៉ាងនោះទេ ព្រោះពេលខ្លះគូស្នេហ៍របស់អ្នក គ្រាន់តែចង់ឱ្យអ្នកតាំងចិត្តស្ដាប់នាងនិយាយធម្មតាៗតែប៉ុណ្ណោះ។
៤.បើកចិត្តទូលាយ
បើគូស្នេហ៍របស់អ្នក ចូលចិត្តមើលខ្សែភាពយន្តស្នេហាកំប្លុកកំប្លែង និងតែងតែបបួលអ្នក ទៅមើលជាមួយគ្នាជានិច្ចនោះ ទោះជាអ្នកមិនសូវជាចូលចិត្តក៏ដោយ ក៏អ្នកគួរតែបើកចិត្តឱ្យទូលាយ និងរកពេលទៅមើលជាមួយនាងឱ្យបាន យ៉ាងហោចណាស់ ក៏ម្ដងដែរ។ ចំណុចល្អម្យ៉ាងរបស់សម្ព័ន្ធភាពស្នេហ៍ គឺការបានបបួលគូស្នេហ៍ទៅស្គាល់នូវអ្វីដែលថ្មីៗ មិនថាតែខ្សែភាពយន្ត ឬម្ហូបអាហារនោះឡើយ ព្រោះរឿងមួយចំនួន អ្នកមិនដែលបានសាកល្បងពីមុនមកសោះក៏មានដែរ ដូច្នេះគួរតែសាកមើលម្ដង ឱ្យដឹងដែរណា៎…។
៥.គោរព និងយកចិត្តទុកដាក់រវាងគ្នានឹងគ្នា
បើមិនគោរពគ្នាទៅវិញទៅមកទេ ក៏កុំទៅសង្ឃឹមថា នឹងមានសម្ព័ន្ធភាពស្នេហ៍ដែលល្អឱ្យសោះ! អ្នកត្រូវចេះគោរពគូស្នេហ៍ និងអ្វីគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងរូបនាង។ អ្នកអាចមិនចូលចិត្តតន្រ្តី តែបើនាងចូលចិត្ត ចូរគោរពចំណង់ចំណូលចិត្តរបស់នាង ខណៈពេលជាមួយគ្នា អ្នកក៏គួរគោរព និងយកចិត្តទុកដាក់ចំពោះសម្ព័ន្ធភាពដទៃទៀតរបស់នាងផងដែរ ដូចជា ក្រុមគ្រួសារ ឬមិត្តភក្តិរបស់នាងជាដើម។ អ្នកមិនគួរដាក់លក្ខខណ្ឌទៅលើចំណាប់អារម្មណ៍ និងសម្ព័ន្ធភាពដទៃទៀតរបស់នាងទេ ព្រោះបើធ្វើដូច្នោះ ចុងក្រោយគូស្នេហ៍របស់អ្នក ក៏នឹងចាប់ផ្ដើមសងសឹកវិញ ហើយសម្ព័ន្ធភាពស្នេហ៍របស់អ្នក ក៏ប្រហែលជាមិនយ៉ឺនយូរអង្វែងយ៉ាងពិតប្រាកដ៕